ព័ត៌មានជាតិ
បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រសង្គម ធ្វើវិញ្ញាសាខ្មែរ បានល្អច្រើន
ក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡងថ្ងៃ ០៥ ធ្នូ ២០២២។ មកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមកែមុខវិជ្ជាខ្លះបានបញ្ចប់ និងក្រុមខ្លះ កំពុងបន្តកែ ដោយសង្កេតឃើញថា បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រសង្គម ធ្វើវិញ្ញាសាអក្សរសាស្ត្រខ្មែរ បានល្អច្រើន ពោលគឺបេក្ខជនធ្លាក់តិចតួចចំពោះវិញ្ញាសានេះ។

គ្រូបង្រៀនមុខវិជ្ជា ភាសាខ្មែរ មួយរូប បង្រៀននៅរាជធានីភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងដំណាក់កាលកែវិញ្ញាសាបេក្ខជននេះ អ្នកគ្រូមានតួនាទីជាជាសមាជិក ឬអ្នកកែ ក្នុងក្រុមកែវិញ្ញាសា អក្សរសាស្ត្រខ្មែរ។ អ្នកគ្រូបានឱ្យដឹងបន្ថែមថា អ្នកគ្រូកែ វិញ្ញាសាប្រឡងរបស់បេក្ខជនផ្នែកវិទ្យាសាស្ត្រ ចំនួន ៥ដុំ (វិញ្ញាសា ៥ បន្ទប់ប្រឡង ដោយ ១បន្ទប់ មាន ២៥ សន្លឹកកិច្ចការ) គឺអត់សូវមានបេក្ខជនធ្លាក់ទេ ពោលគឺ ប៉ះដុំខ្លះ មានធ្លាក់តែ ១នាក់ ឯដុំខ្លះធ្លាក់ ៤-៥នាក់យ៉ាងច្រើន និងដុំខ្លះបេក្ខជនធ្វើបានត្រូវច្រើន។

គ្រូបង្រៀនភាសាខ្មែរ មួយរូបទៀត មកពីខេត្តកំពង់ធំ បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូបានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចាប់ផ្ដើមដំណើរការកែចាប់ពីថ្ងៃ អាទិត្យ ដល់ព្រឹកថ្ងៃអង្គារ ទី១៣ ធ្នូនេះ។ អ្នកគ្រូបានឱ្យដឹងបន្ថែមថា អ្នកគ្រូកែវិញ្ញាបេក្ខជនក្រុមវិទ្យាសាស្ត្រ ឃើញថា បេក្ខជនធ្វើត្រូវច្រើន ដោយក្នុងចំណោមពិន្ទុសរុប ៧៥ ពិន្ទុ គឺបេក្ខជនអាចធ្វើបានដល់ ៧១ពិន្ទុ។ ចំពោះដំណើរការកែកិច្ចការបេក្ខជននេះ គឺមានភាពតឹងរឹង និងហ្មតចត់ ហើយអ្នកកែត្រូវបិទទូរសព្ទ ទាល់តែចប់ម៉ោងការងារ នៅម៉ោង១១ព្រឹក និងម៉ោង ៥រសៀល ទើបអាចបើកទូរសព្ទវិញបាន។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន បានចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ជាដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា លោកគ្រូអ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងអស់ឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ។ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាមេរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលកំណែនៅក្នុងរាជធានីភ្នំពេញចំនួន ១០ សម្រាប់ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនទូទាំងប្រទេស។ ក្នុងនោះមានដូចជានៅ មណ្ឌលវិទ្យាល័យព្រះសីសុវត្តិ មណ្ឌលវិទ្យាល័យបាក់ទូក មណ្ឌលវិទ្យាល័យជាស៊ីម សន្ធរម៉ុក មណ្ឌលបឋមសិក្សាសន្ធរម៉ុក មណ្ឌលវិទ្យាល័យទួលទំពូង មណ្ឌលបឋមសិក្សាព្រះនរោត្តម មណ្ឌលវិទ្យាល័យបឹងត្របែក មណ្ឌលវិទ្យាល័យជាស៊ីមសេងកេងកង មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និង មណ្ឌលវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ។

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ