ព័ត៌មានជាតិ
ប្រជាពលរដ្ឋគ្រប់រូប មានកាតព្វកិច្ចទាំងបច្ចុប្បន្ន និងអនាគត អភិរក្សបេតិកភណ្ឌវប្បធម៌
លោកស្រី ភឿង សកុណា មានប្រសាសន៍ទៀតថា តាមរយៈព្រឹត្តិការណ៍រំលឹកគុណអង្គរ យើងទាំងអស់គ្នាមិនភ្លេចឡើយថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការចូលរួមអភិរក្ស និងការពារអង្គរ ពីព្រោះអង្គរមិនត្រឹមតែជារតនៈសម្បត្តិ នៃបេតិកភណ្ឌរបស់ជាតិប៉ុណ្ណោះទេ គឺអង្គរក៏ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិនៅទូទាំងពិភពលោកផងដែរ។

ការថ្លែងនេះ ធ្វើឡើងខណៈអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ សិស្សនិស្សិត ព្រមទាំងព្រះសង្ឃ ប្រមាណជា ១០០០ អង្គ/នាក់ ចូលរួមពិធីបួងសួង សូត្រមន្តចម្រើនព្រះបរិត្ត និងពិធីរាប់បាត្រប្រគេនទ័យទានចំពោះព្រះសង្ឃ នៅក្នុងការរៀបចំប្រារព្ធ ព្រឹត្តិការណ៍រំគុណអង្គរ ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២នេះ។

លោកស្រី ភឿង សកុណា បានប្រកាសថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២២តទៅ ដើម្បីជាការចូលរួមចំណែកដ៏សំខាន់ជាមួយផែនការមេ នៃវិស័យទេសចរណ៍របស់ខេត្តសៀមរាប ដោយសហការជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី លើការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិម្នាក់ យ៉ាងហោចណាស់បានមកទស្សនាអង្គរបានម្ដងក្នុង ១ឆ្នាំ ពោលគឺមកទស្សនាម្ដងហើយ ចង់មកទស្សនាម្ដងទៀត។

រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីបុណ្យរំលឹកគុណអង្គរ រៀបចំឡើងដើម្បីអរគុណដល់សន្តិភាព និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាល តែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាអាទិភាព និងផ្ញើសាររំលឹកដល់ជនរួមជាតិ ឱ្យចូលរួមការពារបេតិកភណ្ឌរបស់ជាតិ ដើម្បីជាប្រយោជន៍រួមនោះ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានអញ្ជើញជាគណអធិបតី តំណាងប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ គឺជាការរំលឹកមួយទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើនដើម្បីការពារអង្គរ ឱ្យបានគង់វង្ស បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នាដែលជាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ គឺជាអ្នកស្នងមត៌កទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេនថែរក្សាអង្គរតទៅទៀត។

លោកស្រី ម៉ែន សំអន មានប្រសាសន៍បន្តថា បេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌គឺជាបេតិកភណ្ឌអរូបិយរបស់ជាតិយើង ហើយអង្គរគឺជារតនៈសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។

ព្រឹត្តិការណ៍រំលឹកគុណអង្គរ បានចាប់ផ្ដើមធ្វើឡើងជាប់គ្នារយៈពេល ២ថ្ងៃមកហើយ ដោយកាលពីថ្ងៃទី១៣ ខែធ្នូ មានក្រុមសិស្សានុសិស្ស ចំនួនជិត១ពាន់នាក់ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណជនក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានចូលរួមរំលឹកគុណដល់ប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោក មិនអាចកាត់ថ្លៃបាន។

ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះ គឺចំពេលខួប ៣០ឆ្នាំ នៃការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌ នៃពិភពលោក អាជ្ញាធរជាតិអប្សរា មានរៀបចំកន្លែងដាក់តាំងពិព័រណ៍ពាក់ព័ន្ធសកម្មភាពការជួសជុល អភិរក្ស និងការថែរក្សាបេតិកភណ្ឌជាច្រើន ព្រមទាំងពេលល្ងាច មានក្រុមរបាំ និងក្រុមរបស់លោក ព្រហ្ម ម៉ាញ ចូលរួមសំដែងជូនសាធារណជន ឱ្យចូលទស្សនាដោយសេរីផង៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?