ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ណែនាំដល់និស្សិតជ័យលាភី ខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងថ្មីៗ មកអភិវឌ្ឍន៍ប្រទេសជាតិ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសនូវែលសេឡង់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងថ្មីៗមកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
លោករដ្ឋមន្ត្រីបានណែនាំបែបនេះកាលពីព្រឹកថ្ងៃទី ១៤ ធ្នូ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ១៦ រូប នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវទៅសិក្សានៅប្រទេសនូវែលសេឡង់ និងបានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេង ដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះដោយចាត់ទុកជាសក្ដានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្ស។
លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្ស បានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្ដុះបណ្ដាលជំនាញ ធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវជនអាចទៅបន្តការសិក្សាបាន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ន កម្ពុជា មានធនធានមនុស្សមានសមត្ថភាពខ្ពស់កាន់តែច្រើន គ្រប់កម្រិត ជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាននិងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។
ក្នុងនោះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើជូនដល់និស្សិតអាហារូបករណ៍ ក្រៅពីបទពិសោធន៍ដែលរៀននៅក្នុងសាលា ត្រូវស្វែងយល់ពីបទពិសោធន៍នានាបន្ថែមទៀត ចេះជួយយកអាសាគ្នា ចូលរួមសកម្មភាពសង្គម ជួយផ្សព្វផ្សាយវប្បធម៌ជាតិ និងសភាពការណ៍ព័ត៌មានត្រឹមត្រូវពីក្នុងប្រទេស ធ្វើខ្លួនជាយុវជនបន្តវេនរបស់កម្ពុជា។
លោក ពុត សុភ័គ តំណាងឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសនូវែលសេឡង់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស នឹងចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យពិភពលោកមានសុខសុវត្ថិភាព សមភាព និងវិបុលភាព។ កម្មវិធីអាហារូបករណ៍នេះ ក៏ចូលរួមចំណែកពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់ តាមរយៈការរៀនសូត្រពីគ្នា និងការចែករំលែកចំណេះដឹង និងវប្បធម៌ទៅវិញទៅមក។
លោកបន្តថា និស្សិតជ័យលាភីទាំង ១៦ រូប ចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ១-២ ឆ្នាំ នៅដើមឆ្នាំ ២០២៣ ដោយផ្ដោតលើជំនាញអាទិភាព ចំនួន ៩ រួមមាន ៖ អាជីវកម្មប្រកបដោយចីរភាព, វិជ្ជាជីវៈគណនេយ្យ, វិទ្យាសាស្ត្រកសិកម្ម, គោលនយោបាយសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, សុខភាពសាធារណៈ, សិក្សាច្បាប់, គ្រប់គ្រងសំណង់ និងបង្រៀនភាសាអង់គ្លេស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា