ជីវិតកម្សាន្ដ
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ កោះហៅ សាស្ត្រាហ្វីម បកស្រាយ រឿង “ស្នេហា ល្ងង់ + ល្ងង់”
បន្ទាប់ពីផ្ទុះការរិះគន់ពីមហាជនតាមបណ្ដាញសង្គម អំពីការមិនពេញចិត្ត ភាពយន្តខ្មែររឿង “ស្នេហា ល្ងង់ + ល្ងង់” ដែលមានឈុតឆាកស្រើបស្រាលរវាងតួអង្គស្រីប្រុសនោះមក ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃអន្តរក្រសួង គ្រោងនឹងកោះហៅ ផលិតករ និងតំណាងក្រុមហ៊ុនផលិតកម្ម ដើម្បីបំភ្លឺបកស្រាយ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអន្តរក្រសួង បានរៀបចំកោះហៅ ខាងផលិតកម្ម សាស្ត្រាហ្វីម ដើម្បីបកស្រាយទាក់ទងនឹងការផលិត ភាពយន្តដាក់បញ្ចាំងលើ App របស់ផលិតកម្ម ដែលមានចំណងជើងថា “ស្នេហា ល្ងង់ + ល្ងង់”។ ចំពោះលទ្ធផលយ៉ាងណា លោកមិនទាន់អាចផ្ដល់បានទេ ដោយសាររបាយការណ៍មិនទាន់បានបញ្ជូនដល់លោក។

ជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើង លើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា៖ “វិស្វករសំណង់គណនាខុស និងរំលំអាគារតែមួយ ហើយគ្រោះថ្នាក់ត្រឹមតែទំហំនៃអាគារនោះតែប៉ុណ្ណោះ ក៏ប៉ុន្តែវិស្វករព្រលឹង ប្រសិនបើគណនាខុស គឺរលំការគិត គំនិត មនសិការ សិលធម៌សង្គមអស់មួយនគរ និងបន្តជាច្រើនជំនាន់”។

ទន្ទឹមនឹងមានមតិរិះគន់ពីមហាជន ក៏មានការគាំទ្រចំពោះការផលិតភាពយន្តខ្មែរបែប ១៨+ ដោយលើកឡើងថា ប្រទេសក្នុងតំបន់អាស៊ី និងប្រទេសជិតខាងកម្ពុជា មានថៃជាដើម ក៏មានការផលិតភាពយន្តបែបនេះ និងថតឃើញភាពស្រើបស្រាលជាងរឿង “ស្នេហា ល្ងង់ + ល្ងង់” នេះទៅទៀត។
“កម្ពុជាថ្មី” បានទាក់ទង ម្ចាស់ផលិតកម្ម សាស្ត្រាហ្វីម ដើម្បីសុំការបំភ្លឺបកស្រាយ ប៉ុន្តែមិនទាន់មានការឆ្លើយតប ដោយម្ចាស់ផលិតកម្ម លើកឡើងថា កំពុងនៅជាប់ប្រជុំមួយ។ បន្ទាប់ពីមានការឆ្លើយតបយ៉ាងណានោះ “កម្ពុជាថ្មី” នឹងផ្សាយបន្ត។

ចំណែកនៅលើ ទំព័រហ្វេសប៊ុក របស់ អ្នកស្រី ប៊ុន ចាន់និមល ជានាយិកា ផលិតកម្ម Sastra Film បានបង្ហោះសេចក្ដីបំភ្លឺថា ខ្សែភាពយន្តភាគ រឿង “ស្នេហា ល្ងង់ + ល្ងង់” ដែលបានចាក់ផ្សាយនៅលើកម្មវិធីទូរសព្ទ Sastra Film App មានការចែកចាយសាច់រឿងពេញ តាមបណ្ដាញសង្គមដោយគ្មានការអនុញ្ញាត និងមានការកាត់ប្លង់កែប្រែប្លង់ បញ្ចេញបញ្ចូលបន្ថែម ដែលធ្វើឱ្យអត្ថន័យនៃសាច់រឿង ខុសពីអ្វីនៃការផលិតឡើង។

ដើម្បីការពារដល់កិត្តិយសរបស់តួសម្ដែង និងការពារតម្លៃការផលិត ក្រុមហ៊ុន សាស្ត្រា ឯ.ក បានបកស្រាយដូចតទៅ៖
ទី១. ខ្សែភាពយន្ដភាគ “ស្នេហា ល្ងង់ + ល្ងង់” មានចាក់ផ្សាយតែក្នុង Sastra Film App តែ ១ប៉ុណ្ណោះ ហើយសរុបទាំងអស់ ៤ភាគគត់។
ទី២. ខ្សែភាពយន្ដភាគ “ស្នេហា ល្ងង់ + ល្ងង់” បានចាក់ផ្សាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ បើគិតទៅគឺរយៈពេល ១ឆ្នាំជាង។

ទី៣. ខ្សែភាពយន្តភាគ “ស្នេហា ល្ងង់ + ល្ងង់” មិនមែនជារឿង អាសអាភាស ដែលផលិតឡើងក្នុងគោលបំណងពង្វក់សង្គម ឬជាន់ពន្លិចវប្បធម៌ និងសីលធម៌នោះទេ។ គ្រប់សាច់រឿងតែងតែបង្កប់នូវតម្លៃអប់រំ ប្រទាក់ក្រឡា ក៏ដូចជាការបកស្រាយចម្ងល់នូវចុងបញ្ចប់នៃសាច់រឿងដូចគ្នា។

ទី៤. កម្មវិធីទស្សនា Sastra Film App បានបែងចែកការវាយតម្លៃ (Rating) ទៅលើ ៣ប្រភេទផ្សេងៗគ្នា៖
– Rated-All ដែលអាចទស្សនាបានគ្រប់វ័យ
– Rated-13+ ដែលតម្រូវឲ្យមានអាយុ ១៣ឆ្នាំ ឡើងទៅ
– Rated-18+ ដែលតម្រូវឲ្យមានអាយុ ១៨ឆ្នាំ ឡើងទៅ
ទី៥. ខ្សែភាពយន្តភាគ “ស្នេហា ល្ងង់ + ល្ងង់” បានកំណត់អាយុទស្សនាចាប់ពី ១៨ឆ្នាំឡើង (Rated-18+) ដែលជាទូទៅ នឹងមានសាច់រឿងដែលលើសពីប្រភេទសាច់រឿងប្រភេទ Rated-13+ និង Rated-All ដែលមិនអនុញ្ញាតជាដាច់ខាតឱ្យក្មេងៗទស្សនានោះទេ។

ទី៦. ខ្សែភាពយន្ដភាគ “ស្នេហា ល្ងង់ + ល្ងង់” បានផលិតឡើង ដោយទាញយកពីសាច់រឿងពិតមួយនៅក្នុងសង្គម ដែលអ្នកនិពន្ធ និងអ្នកដឹកនាំបានផលិតឱ្យក្លាយទៅជាសាច់រឿងពេញលេញ។ ការនិពន្ធ និងដឹកនាំនេះ ចេញពីស្នាដៃនៃអ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់ ប្រចាំក្រុមហ៊ុន ដែលគាត់បានផលិតជាង ១០០ ចំណងជើង ដែលរួមមានទាំង រឿង បដាចារ (រឿងភាគបុរាណ) រឿង កាំជណ្តើរទី៣ (រឿងក្នុងសម័យប៉ុលពត) រឿង ការចងចាំ ដែលបានថតដោយទូរសព្ទដៃ 100% ក៏ដូចជារឿងក្នុងសម័យបច្ចុប្បន្នជាច្រើនរឿងទៀត។ សង្ឃឹមថាបងប្អូន អាចបញ្ឈប់ការវាយតម្លៃដោយមិនទាន់បានស្វែងយល់ពីហេតុផល និងអត្ថន័យពីក្រោយសាច់រឿង។

គួរបញ្ជាក់ថា កន្លងមក ផលិតកម្មសាស្ត្រាហ្វីម បានផលិតភាពយន្តខ្មែរទាំងរឿងភាគ រឿងខ្លី ភាពយន្តបញ្ចាំងរោងកុន បែបតថភាពសង្គម និងបែបអប់រំ ព្រមទាំងរឿងជាតក បានជាង ៤០០រឿង និងទទួលការគាំទ្រពីមហាជនផងដែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង