នយោបាយ
ទូតជប៉ុន កូរ៉េ និងអូស្រ្តាលី សុទ្ធតែអះអាងពីទំនាក់ទំនងល្អជាមួយកម្ពុជា មុនលាទៅប្រទេសកំណើតវិញ
នៅចុងឆ្នាំ២០២២នេះ ឯកអគ្គរាជទូត-រដ្ឋទូតបរទេសប្រចាំនៅកម្ពុជាចំនួន ៣ គឺជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី បានបញ្ចប់អាណត្តិរបស់ខ្លួន។ មុននឹងទៅកាន់ប្រទេសកំណើតវិញ ឯកអគ្គរាជទូត-រដ្ឋទូតទាំងនេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាបន្តបន្ទាប់។ អ្វីជាការកត់សម្គាល់ ឯកអគ្គរាជទូត-រដ្ឋទូតទាំង៣ សុទ្ធតែបានកោតសរសើរពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា និងអះអាងពីទំនាក់ទំនងល្អជាមួយកម្ពុជា មុនលាគ្នាចាកចេញទៅប្រទេសកំណើត។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅចំពោះមុខសម្តេចតេជោ លោក មិកាមិ បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកក៏បានសម្តែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាឲ្យមានសុខសន្តិភាព ជាពិសេស មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ លោកទូតជប៉ុន ក៏បានសម្តែងការគោរពចំពោះការសម្រេចចិត្តរបស់សម្តេចតេជោលើការសម្រេចចិត្តលើបញ្ហាជម្លោះអ៊ុយក្រែន-រុស្ស៊ី ការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ។
ចំណែក លោក ប៉ាក ហឹងឃ្យុង(Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាវិញ លោកបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ លោក PARK Heung-Kyeong ក៏បានអបអរសាទរដែរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំង កិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។
ជាមួយគ្នានេះ លោក PARK Heung-Kyeong ក៏បានសម្ដែងអំណរគុណជូនចំពោះសម្ដេចតេជោ និងមន្ត្រីរាជការ ក៏ដូចជា ប្រជាជនកម្ពុជាទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេស តាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េខាងត្បូង និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា។ លើសពីនេះ គឺការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការអនុម័តគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ។
ដោយឡែក សម្រាប់ស្ថានទូតអូស្រ្តាលីនៅកម្ពុជាវិញ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាសម្តេចតេជោ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា បើទោះបីបេសកកម្មការទូតរបស់លោកនៅក្នុងអំឡុងពេលមានជំងឺកូវីដ១៩ក៏ដោយ ក៏លោកបានចូលរួមចំណែកធ្វើការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង វិស័យដោះមីន ការបង្កើតអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី វិស័យការពារជាតិការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានអូស្ត្រាលី។ លោក Pablo Kang ក៏បានសម្តែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់