Connect with us

សេដ្ឋកិច្ច

តើសេដ្ឋកិច្ចកម្ពុជា នឹងវិវឌ្ឍបែបណា នៅឆ្នាំ ២០២៣?

បានផុស

នៅ

អ្នកជំនាញសេដ្ឋកិច្ចល្បីៗនៅកម្ពុជា បាននិយាយជុំវិញកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ អំពីដំណើរវិវឌ្ឍ និងបញ្ហាមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ បាន​លើក​ឡើងថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បាននាំចេញ គិតជាថវិកាប្រមាណជាង ១៨ពាន់ដុល្លារ គិតត្រឹម ១១ខែ ឆ្នាំ ២០២២ មានការកើនឡើង ១៩ភាគរយ។ កម្លាំងនៃការកើនឡើងនៅក្នុងឆ្នាំ ២០២២នេះ នឹងកាន់តែជំរុញ​ឱ្យសេដ្ឋកិច្ច​នៅឆ្នាំ ២០២៣ កើនឡើងបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ អាចនឹងពឹងផ្អែកលើវិស័យសារពើពន្ធ ដោយសារ​ការប្រមូលពន្ធមានការកើនឡើងជាបន្តបន្ទាប់លើសផែនការកំណត់ប្រចាំ។

រាជរដ្ឋាភិបាល បានរៀបចំផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគ ដូចជា ច្បាប់វិនិយោគថ្មី ដែលបានប្រកាសឱ្យប្រើប្រាស់ មានការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើន ពិសេសវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ហើយកម្ពុជា ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាច្រើន ពិសេសផ្លូវ វិស័យដឹកជញ្ជូន ភស្តុភាកម្ម និងកំពង់ផែសមុទ្រ ជាដើម។ នេះជាការមើលឃើញរបស់លោកបណ្ឌិត ហុង វណ្ណៈ។

លើសពីនេះទៀត លោកមើលឃើញថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ក៏មានឱកាសក្នុងការបង្ហាញ​អំពីខ្លួនយើង ទៅកាន់ពីភពលោក តាមរយៈការចូលរួមរបស់មេដឹកនាំធំៗ មកពីបណ្តាប្រទេសមហាអំណាច ដោយបានមើលឃើញអំពីសមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ ហើយរូបភាពទាំងអស់នេះ មេដឹកនាំ​ដែលបានចូលរួមកិច្ចប្រជុំ នឹងជំរុញដល់វិនិយោគិនរបស់ខ្លួន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនេះ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយយូរអង្វែង ក៏ជាការបើកផ្លូវឱ្យកម្ពុជា ស្រូបទាញបានវិនិយោគិន​ពីខាងក្រៅផងដែរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេសឯកោនោះទេ ដោយកម្ពុជា តែងធ្វើ​សមាហរណកម្មរបស់ខ្លួនជាបន្តបន្ទាប់ ពោលគឺបានបង្កើនកិច្ចព្រមព្រៀងនៅក្នុងតំបន់ និងពិភពលោកជាច្រើន។

តាមរយៈហេតុផលទាំងអស់នេះ លោក បណ្ឌិត ហុង វណ្ណៈ រំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចស្ថិតក្នុងរង្វង់ ៥,៥% ទៅ ៦% នៅឆ្នាំ ២០២៣។ បើទោះជាមើលឃើញអំពីសញ្ញាល្អច្រើនក៏ពិតមែន តែបញ្ហាវិបត្តិសកលក៏មិនទាន់ចប់នៅឡើយ ដូចជា វិបត្តិកូវីដ ជម្លោះអ៊ុយក្រែន រុស្ស៊ី និងបញ្ហាអតិផរណាជាដើម ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវដោះស្រាយ។

ចំណែកលោក បណ្ឌិត គី សីរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា មើលឃើញដែរថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២៣ អាចមានល្បឿនប្រហាក់ប្រហែលនឹងឆ្នាំ ២០២២ដែរ។ ដោយសារតែបញ្ហា​សេដ្ឋកិច្ចសកល​បានរារាំងមួយចំនួនលើវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។ ដើម្បីឱ្យកំណើន​សេដ្ឋកិច្ចលូត​លាស់បានលឿន រាជរដ្ឋាភិបាល ត្រូវបំប៉នវិស័យសំខាន់ពីរ គឺទី១ វិស័យកសិកម្ម ព្រោះវិស័យកសិកម្ម គឺជាវិស័យយុទ្ធសាស្រ្ត។ ត្រូវជំរុញ​ការផលិតក្នុងបរិមាណច្រើន ដោយសារបរិមាណច្រើន ទោះជាថ្លៃថោកក៏នៅតែចំណេញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ពន្យល់ដូច្នេះថា «យើងគិតការចំណាយមួយហិកតា បានមកវិញនូវទិន្នផលខ្ពស់ ទោះថ្លៃទាបបន្តិចមែន តែអ្នកទិញៗ​ច្រើន មានឱកាសប្រកួតប្រជែង ដែលគិតជាទឹកប្រាក់សរុបមួយហិកតា យើងបានចំណូលច្រើនជាងមុន។ កាលណា​យើងផលិតលើស ក៏ដូចជាការលើកកម្ពស់ការកែច្នៃ ក្នុងវិស័យ SMEផងដែរ។ ដូច្នេះរដ្ឋាភិបាល ដែលដាក់គោល​នយោបាយហើយ ត្រូវតែផ្សព្វផ្សាយជំរុញគោលនយោបាយនេះ ឱ្យទទួលបានជោគជ័យ ទើបធ្វើឱ្យវិស័យ SME ដំណើរការខ្លាំង ជំរុញ និងការអភិវឌ្ឍវិស័យផលិតកម្មក្នុងស្រុករីកចម្រើនរឹងមាំ នៅក្នុងប្រទេស»។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ថា កសិផលយើងផលិតបានសល់មានតម្លៃទាប យើងយកមកកែ​ច្នៃអស់​ថ្លៃដើមតិច ទទួលបានប្រាក់ចំណេញ លើកកម្ពស់ការនាំចេញផលិតផលកែច្នៃរបស់យើងថែមទៀត។

មួយវិញទៀត កម្ពុជា មានការលើកទឹកចិត្តឱ្យមានការផលិតឧស្សាហកម្មធុនធ្ងន់ ដោយបង្កើតឱ្យមានខ្សែច្រវ៉ាក់ផលិតកម្ម ដូចជាគ្រឿងបន្លាស់នានានៅស្រុក ខណៈដែលកម្ពុជា មានរោងចក្របង្គុំរថយន្ត ម៉ូតូ កង់ ដែលជាផ្នែកសំខាន់​ក្នុងការ​ជំរុញ​ឱ្យសេដ្ឋកិច្ចកម្ពុជា មានសម្ទុះកាន់តែខ្លាំងនៅឆ្នាំ ២០២៣។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា ចិន បានលើកឡើងថា កម្ពុជា ជាប្រទេសអាស៊ី​តែមួយគត់ ដែលប្រើប្រាស់ប្រាក់ដុល្លារ ជាផ្នែកមួយទាក់ទាញ សម្រាប់ FDI ដើម្បីការពារ​អ្នកវិនិយោគពីការប្រែប្រួលរូបិយប័ណ្ណ។ លើសពីនេះទៀត បំណុលផលិតផលជាតិសរុបកម្ពុជា មានត្រឹមតែ 40% ប៉ុណ្ណោះ ដែលស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ADB, IMF និង World Bank សរសើរថា កម្ពុជាមានសុវត្ថិភាព​ផ្នែកហិរញ្ញវត្ថុសម្រាប់រយៈពេលមធ្យម ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍​ដែលវិនិយោគច្រើនលើហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងប្រទេស​ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គស្នងការរង រម្លឹកនគរបាលប៉ុស្តិ៍ត្រូវធ្វើឥរិយាបទជាអ្នកបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យល្អ  

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អាជ្ញាធរ​សុខាភិបាល​អាមេរិកកំពុងតាមដាន​ករណីសង្ស័យ​​​​ឆ្លង​​ជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្ស

ចរាចរណ៍៣៨ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានជាតិ៥២ នាទី មុន

ស​ម្ដេចតេជោ សាទរលោក Shigeru Ishiba ដែលជាប់ឆ្នោតជាប្រធានបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម