សេដ្ឋកិច្ច
ការព្យាករណ៍ ៖ ប្រាក់ឈ្នួលកម្មករនៅ អាស៊ី នឹងកើនឡើងនៅឆ្នាំ ២០២៣
តាមរយៈការសិក្សាថ្មីបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្មករនៅអាស៊ីនឹងមានការដំឡើងប្រាក់បៀវត្សរ៍កាន់តែច្រើនឡើង ដោយសារតែអតិផរណាមានសភាពស្ថិតស្ថេរ ។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Aon ដែលកើតចេញពីការស្ទង់មតិលើក្រុមហ៊ុនជាង ៧០០ នៅទូទាំងតំបន់អាស៊ានបានឲ្យដឹងថា ការដំឡើងប្រាក់បៀវត្សរ៍ជាមធ្យមនៅទូទាំងឧស្សាហកម្មនាឆ្នាំក្រោយ នឹងមានចំនួន ៦.៨ ភាគរយ សម្រាប់ប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី ៥.១ ភាគរយ, ហ្វីលីពីន ៦ ភាគរយ, សិង្ហបុរី ៤.៧ ភាគរយ, ថៃ ៥.១ ភាគរយ និង ៧.៩ ភាគរយសម្រាប់វៀតណាម ។
ការព្យាករណ៍នេះបានសង្កត់ធ្ងន់ថា ខណៈពេលដែលអតិផរណាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរប្រាក់បៀវត្សរ៍ក្នុងប្លុកអាស៊ាន, ការផ្លាស់ប្តូរនោះក៏ត្រូវបានជំរុញដោយការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារជំនាញជាមួយនឹងអត្រាអតិផរណាខ្ពស់នៅឆ្នាំនេះ ដោយបានដាក់សម្ពាធលើនិយោជកឲ្យបង្កើនប្រាក់សំណងដើម្បីសម្រួលដល់ការជួល និងការរក្សាទុកបុគ្គលិកផងដែរ ។

ទន្ទឹមនោះ លោក Rahul Chawla ប្រធានដំណោះស្រាយមូលធនប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្រុមហ៊ុន Aon និយាយថា ក្រុមហ៊ុនត្រូវតែកំណត់វិធីសាស្រ្តដំឡើងប្រាក់ខែឆ្នាំ ២០២៣ នៅក្នុងបរិបទនៃការប្រកួតប្រជែងកម្រិតប្រាក់ខែបច្ចុប្បន្នរបស់និយោជិត ដែលវាមានសារៈសំខាន់សម្រាប់អាជីវកម្មដើម្បីកំណត់ និងសម្រួលប្រាក់ឈ្នួលសម្រាប់ប្រភេទកម្មករផ្សេងៗ និងលក្ខណៈនៃការងារនោះ ។
ដោយឡែក លទ្ធផលនៃការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សា Mercer វិញ ក៏បានរកឃើញពីតម្រុយនៃការដំឡើងប្រាក់ឈ្នួលនៅឆ្នាំក្រោយផងដែរ ។ ដោយទូទាំងទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុននានាព្យាករណ៍ថា នឹងកើនឡើងជាមធ្យម ៤.៨ ភាគរយនៃប្រាក់បៀវត្សរ៍សរុបក្នុងឆ្នាំ ២០២៣ ពោលកើនឡើងបន្តិចពី ៤.៦ ភាគរយក្នុងឆ្នាំ ២០២២ ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Mercer ក៏បានបង្ហាញពីភាពខុសគ្នាក្នុងចំណោមប្រទេសនានាផងដែរ ដោយឥណ្ឌាមានការដំឡើងប្រាក់ខែ ដែលតាមការព្យាករណ៍ឡើងខ្ពស់បំផុតគឺ ៩.១ ភាគរយ ខណៈជប៉ុនមាន ២.២ ភាគរយ ដែលតួលេខនេះខ្ពស់ជាងឆ្នាំនេះបន្តិចប៉ុណ្ណោះ ។
ចំពោះចិនដីគោកវិញ ត្រូវបានគេព្យាករណ៍ថា មិនមានការកើនឡើងឡើយ ផ្ទុយមកវិញគឺធ្លាក់ចុះ ពី ៥.៤ ភាគរយ មក ៥.៣៨ ភាគរយវិញ សម្រាប់ឆ្នាំ ២០២៣ ។ ជាមួយគ្នានោះ នៅហុងកុង នឹងមានការកើនឡើង ៣.៧១ ភាគរយ ដោយលើសពីឆ្នាំនេះ ០.១៦ ភាគរយប៉ុណ្ណោះ ។

ចំណែកក្រុមហ៊ុនជ្រើសរើសបុគ្គលិក Robert Walters ក៏បានបង្ហាញទិន្នន័យនៅក្នុងការស្ទង់មតិប្រាក់បៀវត្សរ៍សកលដែលចេញផ្សាយកាលពីខែមុនថា មនុស្សភាគច្រើនដែលផ្លាស់ប្តូរការងាររំពឹងថា នឹងដំឡើងប្រាក់ខែពី ១៥ ភាគរយទៅ ២០ ភាគរយ និងឡើងខ្ពស់រហូតដល់ ៤០ ភាគរយសម្រាប់អ្នកដែលមានជំនាញផ្នែកបច្ចេកវិទ្យា ។
បន្ថែមពីនេះ របាយការណ៍បានបន្ថែមថា ៨០ ភាគរយនៃនិយោជិតនៅសិង្ហបុរី ទំនងនឹងស្នើសុំប្រាក់ឈ្នួលបន្ថែម ខណៈដែល ៧១ ភាគរយរំពឹងថា និយោជកនឹងពិចារណាពីការចំណាយរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

ជាមួយការស្ទង់មតិរបស់ Robert Walters លើមនុស្សចំនួន ៣១៦ នាក់ និងក្រុមហ៊ុនចំនួន ១០៥ នៅប្រទេសសិង្ហបុរីក្នុងខែកញ្ញារកឃើញថា ជាង ៧៨ ភាគរយនៃកម្មករនឹងពិចារណាផ្លាស់ប្តូរការងារនៅឆ្នាំក្រោយ ប្រសិនបើការដំឡើងប្រាក់ខែរបស់ពួកគេទាបជាងអត្រាអតិផរណា ។
ចំពោះលោក Monty Sujanani អ្នកគ្រប់គ្រងនៅ Robert Walters និយាយថា សម្រាប់និយោជិត លុយមិនមែនជាបញ្ហាតែមួយមុខដែលជម្រុញឲ្យនិយោជិតផ្លាស់ប្តូរការងារឡើយ ប៉ុន្តែភាពនឿយណាយ ក៏ដូចជាធុញថប់ជាមួយការងារ ទើបបង្ខំឲ្យពួកគេស្វែងរកការងារថ្មី ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Nikkei Asia
ចុចអាន ៖ Elon Musk ប្រាប់បុគ្គលិក Tesla កុំឲ្យខ្វល់រឿងទីផ្សារភាគហ៊ុនធ្លាក់ចុះ រំខានដល់ការងារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ