ព័ត៌មានជាតិ
មន្ត្រីសមាគមកាត់ដេរ ស្នើកម្មករ បន្តយកចិត្តទុកដាក់លើការងារបន្ថែមទៀត ឆ្លើយតបនឹងប្រាក់ឈ្នួលថ្មី
មន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើឲ្យកម្មករនិយោជិត បន្តយកចិត្តទុកដាក់លើការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងប្រាក់ឈ្នួលថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២៣ ខាងមុខនេះតទៅ។
សម្រាប់ឆ្នាំ ២០២៣ ខាងមុខ រាជរដ្ឋាភិបាល បានសម្រេចតម្លើងប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២០០ ដុល្លារអាមេរិក កើន ៦ ដុល្លារ បើធៀបទៅនឹងប្រាក់ឈ្នួលឆ្នាំ ២០២២ ដែលមានត្រឹម ១៩៤ ដុល្លារប៉ុណ្ណោះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ ធ្នូនេះថា «យើងខ្ញុំស្នើឲ្យបងប្អូនកម្មករបន្តយកចិត្តទុកដាក់លើការងារ និងផ្ដល់នូវកិច្ចសហការល្អជាមួយថ្នាក់គ្រប់គ្រង»។
លោកបានបន្តថា ប្រាក់ឈ្នួលថ្មីចំនួន ២០០ ដុល្លារអាមេរិកនេះ ជាប្រាក់ឈ្នួលមួយខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ានដូចជា ភូមា ឡាវ និងវៀតណាមជាដើម។ ប៉ុន្តែនៅកម្ពុជា ផលិតភាពនៅមានកម្រិតទាបនៅឡើយ។
លោក កាំង ម៉ូនីកា ធ្លាប់បានលើកឡើងថា បច្ចុប្បន្ននេះអ្វីដែលយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន គឺការអនុគ្រោះផ្នែកពាណិជ្ជកម្មជាចំណុចដ៏ធំដែលអាចជួយយើង។ ប៉ុន្តែយើងត្រូវត្រៀមខ្លួនជិតចាកចេញពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខនេះ យើងបាត់បង់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ពេលនោះហើយធ្វើឲ្យយើងបាត់បង់ការប្រកួតប្រជែង។
ចំណែក លោកឧកញ៉ា ណាង សុធី ភាគីតំណាងឲ្យភាគីនិយោជក ក៏ធ្លាប់បានជំរុញរដ្ឋាភិបាល ជួយបង្កើនគុណភាពបណ្ដុះបណ្ដាលលើវិស័យកាត់ដេរឲ្យកាន់តែមានកម្រិតខ្ពស់ ដើម្បីកម្មករយើងអាចមានសមត្ថភាពផលិតភាពបានខ្ពស់ដែរ ដើម្បីទាក់ទាញផលិតផលដែលមានតម្លៃខ្ពស់មកកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ បានសម្រេចតម្លើងប្រាក់ឈ្នួលកម្មករនិយោជិតចំនួន ១៩៨ ដុល្លារ ប៉ុន្តែ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភបន្ថែមចំនួន ២ ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលរបស់កម្មករនិយោជិតកើនឡើងដល់ ២០០ ដុល្លារ។
ប៉ុន្តែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២,០០០ រៀល ក្នុងមួយម៉ោង ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ ទៅ ១១ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី ២ ដល់ឆ្នាំទី ១១។ ដូចនេះ ជាមធ្យម កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២១៧ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)