ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ គ.ជ.ប ទទួលយកអនុសាសន៍ណា ដែលស្របតាមគោលការណ៍ មានចែងក្នុងច្បាប់ប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ទទួលយកនូវអនុសាសន៍ណា ដែលស្របទៅតាមគោលការណ៍ ដែលមានចែងក្នុងច្បាប់ប៉ុណ្ណោះ សម្រាប់ដាក់បញ្ចូលក្នុងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ហើយមិនអាចទទួលយកអនុសាសន៍ណា ដែលផ្ទុយនឹងគោលការណ៍ច្បាប់ឡើយ។
ការបញ្ជាក់នេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ គ.ជ.ប បានចេញបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ ហើយមានគណបក្សនយោបាយមួយចំនួន ជាពិសេសគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា គ.ជ.ប មិនបានកែសេចក្តីព្រាងបទបញ្ជា និងនីតិវិធី តាមការផ្តល់យោបល់របស់ពួកឡើយ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៥ ខែមករានេះថា បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើគោលការណ៍សំខាន់ៗ ជាមូលដ្ឋាន ដូចជា៖
ទី១. ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងច្បាប់ ស្ដីពី វិសោធនកម្ម នៃច្បាប់នេះ
ទី២. ផ្អែកទៅលើបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ដែល គ.ជ.ប បានរៀបចំ និងអនុវត្តនាពេលកន្លង ជាពិសេសបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៦ ឆ្នាំ ២០១៨។
ទី៣. ផ្អែកទៅលើគោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួន ដែល គ.ជ.ប បានសម្រេចដាក់ឲ្យប្រើប្រាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
លោក សោម សូរីដា បានឲ្យដឹងបន្តថា ឆ្លងតាមសន្និបាតបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ក៏មានអនុសាសន៍មួយចំនួន ដែល គ.ជ.ប បានយកមកដាក់បញ្ចូល ដើម្បីធ្វើការកែលម្អបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងទៀតថា «ដូច្នេះជាគោលការណ៍ សម្រាប់ការអនុវត្តក្នុងការរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី គឺ គ.ជ.ប តែងតែទទួលយកនូវអនុសាសន៍ ដែលផ្ដល់ឲ្យដោយភាគីពាក់ព័ន្ធ ចំពោះតែអនុសាសន៍ណា ដែលស្របទៅតាមគោលការណ៍ ដែលមានចែងក្នុងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ និងច្បាប់ ស្ដីពី ការបោះឆ្នោតផ្សេងទៀត»។
លោក សោម សូរីដា បានបញ្ជាក់ថា ចំពោះការផ្ដល់អនុសាសន៍ណា ដែលផ្ទុយនឹងគោលការណ៍ច្បាប់ និងផ្ទុយអំពីបញ្ញាត្តិដែលមានចែងនៅក្នុងច្បាប់ គឺ គ.ជ.ប មិនអាចទទួលបានទេ ដូចជាករណីអនុសាសន៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាដើម។
អគ្គលេខាធិការរង បានបញ្ជាក់ទៀតថា «ដូចជាករណី ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើសុំឲ្យ គ.ជ.ប ចែកកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត ទម្រង់បែបបទ ១១០២ ជូនដល់ភ្នាក់ងារគណបក្សនយោបាយ នៅការិយាល័យរាប់សន្លឹកឆ្នោតតែម្ដង ដែលចំណុចទាំងនេះវាជាដាក់បន្ទុក ឲ្យគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត វាមិនមែនជាការសម្រាលបន្ទុក ប៉ុន្តែវាទៅជាការដាក់បន្ទុក ដែលកន្លងមកនេះគឺចម្លងច្រើនសារច្រើនលើក របស់គណៈកម្មការនៃការិយាល័យរាប់សន្លឹកឆ្នោតនេះ វាធ្វើឲ្យមានកំហុសឆ្គងក្នុងការស្រង់តួលេខលទ្ធផល»។
បើតាមលោក សោម សូរីដា ប្រសិនបើធ្វើដូចអនុសាសន៍របស់ពួកគេមែន នឹងបង្កើតឲ្យមានករណីបណ្ដឹងច្រើន ដែលពួកគេមិនយល់ថា វាជាកំហុសឆ្គងបច្ចេកទេសក្នុងការស្រង់។ ប៉ុន្តែបែរជាចោទប្រកាន់អំពីចេតនា នៃការធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលនៃការបោះឆ្នោត ដោយថា មានការបន្លំនូវតួលេខទៅវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា