ព័ត៌មានជាតិ
បណ្ឌិត គិន ភា គាំទ្រប្រសិនបើមានការតម្រូវឲ្យអ្នកនយោបាយខ្មែរគ្រប់រូប មានសញ្ជាតិខ្មែរតែមួយ
អ្នកវិភាគបញ្ហានយោបាយ បានប្រកាសគាំទ្រប្រសិនបើការតម្រូវឲ្យអ្នកនយោបាយខ្មែរគ្រប់រូប មានសញ្ជាតិខ្មែរតែមួយ ដើម្បីធ្វើការបម្រើជាតិដោយស្មោះត្រង់។ លើសពីនេះទៀត ក៏គាំទ្រផងដែរ ប្រសិនបើមានការតម្រូវឲ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់អ្នករាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកកាន់មុខតំណែងសាធារណៈផ្សេងទៀត។
ការប្រកាសគាំទ្រយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣នេះ បានបង្ហើបថា សម្ដេច កំពុងពិចារណាថាតើគួរដាក់ ក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវតែមានសញ្ជាតិតែមួយ ដើម្បីកុំឲ្យមានការលើកឡើងថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀត។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ដោយសារសង្គ្រាម, មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានរសាត់អណ្តែតទៅទៅដល់ប្រទេសទី ២ ទី ៣ ពាសពេញពិភពលោក និងទទួលបានសញ្ជាតិផ្សេងៗទៅតាមប្រទេសពួកគេរស់នៅ។
លោកបណ្ឌិត គិន ភា បានសរសេរបន្តថា «ជាសំណាងល្អ ច្បាប់យើងមិនតម្រូវឲ្យពលរដ្ឋខ្មែរទទួលបានសញ្ញាតិបរទេសបោះបង់សញ្ជាតិខ្មែរនោះទេ។ នៅប្រទេសខ្លះ ពេលពលរដ្ឋរបស់ខ្លួន ទទួលបានសញ្ជាតិបរទេស គេតម្រូវឱ្យពលរដ្ឋរូបនោះ បោះបង់សញ្ជាតិដើមរបស់ខ្លួន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាមិននៅត្រង់សញ្ជាតិមួយឬសញ្ជាតិពីរទេ។ ប៉ុន្តែបញ្ហាត្រង់ថា នៅពេលដែលពលរដ្ឋខ្មែរមួយចំនួនមានសញ្ជាតិបរទេស ហើយវិលត្រឡប់មកធ្វើនយោបាយនៅស្រុកខ្មែរ នៅពេលពួកគេមានបញ្ហាខាងផ្លូវច្បាប់ ពួកគេបែរជាប្រើសញ្ជាតិបរទេស ដើម្បីស្រែកដង្ហោយរកសម្ពាធពីប្រទេស ដែលខ្លួនទទួលបានសញ្ជាតិនោះ មកដាក់លើប្រជាជាតិឯងទៅវិញ។
ម្យ៉ាងទៀត ប្រទេសដែលពលរដ្ឋខ្មែរបានទទួលសញ្ជាតិនោះ មកដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជាដោយប្រើលេសជួយអន្តរាគមន៍ពលរដ្ឋខ្លួនផងដែរ។ លោកបណ្ឌិត គិន ភា លើកឡើងថា «បើស្នេហាជាតិពិតប្រាកដ, ការលះបង់សញ្ជាតិបរទេស ដើម្បីធ្វើការបម្រើជាតិយើងដោយស្មោះត្រង់ មិនគួរជាបញ្ហាចោទទេ»។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ក៏បានប្រកាសគាំទ្រការតម្រូវឲ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់អ្នករាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកកាន់មុខតំណែងសាធារណៈផ្សេងទៀត និងអ្នកនយោបាយខ្មែរគ្រប់រូប។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះថា កន្លងមក នៅពេលមានការអនុវត្តច្បាប់ទៅលើបុគ្គលមួយចំនួន ដែលជាអ្នកនយោ បាយ ត្រូវបានមជ្ឈដ្ឋានបរទេសខ្លះ និយាយថា បុគ្គលនោះ មានសញ្ជាតិនេះ ឬមានសញ្ជាតិនោះ ដែលនាំឲ្យមានការប៉ះពាល់ដល់ការអនុវត្តច្បាប់របស់កម្ពុជា។ ដូច្នេះសម្ដេច កំពុងតែពិនិត្យពិចារណាថា នឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យអ្នកនយោបាយនៅកម្ពុជា មានសញ្ជាតិខ្មែរតែមួយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅមិត្តភក្ដិបរទេសទាំងឡាយ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតមួយ ដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះ ត្រូវទទួលការប្ដឹងផ្ដល់ ឬក៏ជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូច្នេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឲ្យមានសញ្ជាតិតែមួយតែម្ដង កុំឲ្យវាពិបាក»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់មិត្តភក្ដិបរទេសមួយចំនួនថា នៅពេលប្រជាពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើនយោបាយនៅកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិក្នុងការអនុវត្តច្បាប់ នៅពេលពួកគេប្រព្រឹត្តបទល្មើស ហើយមិនអាចនិយាយថា បុគ្គលនោះ សញ្ជាតិនេះ ឬសញ្ជាតិនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងមិត្តភក្ដិទាំងឡាយ ត្រូវយល់ឲ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀត អំពីបញ្ហារឿងសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ ឥឡូវពលរដ្ឋរបស់អ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងទៅនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺពលរដ្ឋកម្ពុជា មិនអាចឲ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ប្រទេសកម្ពុជា ក៏កំពុងពិចារណាថាតើគួរដាក់ ក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយ ត្រូវតែមានសញ្ជាតិតែមួយ ដើម្បីកុំឲ្យមានការលើកឡើងថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀត។
បើតាមសម្ដេចតេជោ ហ៊ុន សែន កន្លងមក រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់ឲ្យបុគ្គលតែ ១៣រូបប៉ុណ្ណោះ ត្រូវមានសញ្ជាតិខ្មែរតែមួយ នោះ គឺសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ទាំង ៩រូប, តំណែងជាប្រធានព្រឹទ្ធសភាមួយរូប, តំណែងជាប្រធានរដ្ឋសភាមួយរូប, តំណែជានាយករដ្ឋមន្ត្រីមួយរូប, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមួយរូប។
ប៉ុន្តែបើតាមសម្ដេចតេជោ ហ៊ុន សែន ដដែល ប្រសិនបើនៅតែមានការលើកឡើងដដែលជាដដែលថា បុគ្គលនេះ សញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀតនោះ គឺសម្ដេច នឹងពិនិត្យមើលអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ចេញនូវការអនុវត្តសញ្ជាតិតែមួយ សម្រាប់អ្នកធ្វើនយោបាយនៅកម្ពុជា៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ