សេដ្ឋកិច្ច
ផ្លូវតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ឈូសឆាយសម្រេចបាន ៤០ភាគរយហើយ
បច្ចុប្បន្នភាពនៃដំណើរការស្ថាបនាផ្លូវ១ខ្សែតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេចបានប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹមខែមករាឆ្នាំ២០២៣នេះ។ នេះបើតាមក្រុមហ៊ុនសុខាអចលនទ្រព្យ។
ថ្លែងនៅក្នុងពិធីសម្ពោធសៀវភៅលើកដំបូងចំណងជើងថា «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពីថ្ងៃទី ០៣ មករា អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខាអូតែល និងសូគីម៉ិចគ្រុប បានឱ្យដឹងថា៖ «យើងមានការអភិវឌ្ឍច្រើននៅលើភ្នំបូកគោ ដូចជា ផ្លូវកាត់ពីស្រែ ៥០០ ទៅកំពង់សោម»។
អ្នកឧកញ៉ាបានបន្ដថា៖ «ប្រហែលជាខែ ៤ ទៀត យើងអាចភ្ជាប់គ្នាបានហើយ ចំពោះផ្លូវ ១ ខ្សែនោះ។ វាមិនទាន់ជាផ្លូវកៅស៊ូល្អអ្វីនោះទេ គ្រាន់តែអាចធ្វើដំណើរបាន»។
ការអភិវឌ្ឍផ្លូវថ្មីនេះ មានការចូលរួមពីអ្នកឧកញ៉ាល្បី ២ រូបគឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ា សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០២១។
លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹងពន្លឿនការស្ថាបនាផ្លូវនេះ។
លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងនៅក្នុងពិធីបញ្ចុះបឋមសិលាកសាង ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រដ៏ធំបំផុតនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗលើពិភពលោក កាលពីថ្ងៃទី ០៤ មករា បានលើកឡើងថា «រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យស្ថាបនាផ្លូវថ្មី ១ ខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេងប្រមាណ ២៧ គីឡូម៉ែត្រទទឹងផ្លូវ ១៨ ម៉ែត្រ»។
លោករដ្ឋមន្រ្តីបានបន្តថា «ជាទិសដៅ រាជរដ្ឋាភិបាលគាំទ្រ និងលើកទឹកចិត្ដដល់ការអភិវឌ្ឍឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្របតាមប្លង់គោល ការប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ចក្ខុវិស័យឆ្នាំ ២០៣៥ និងត្រូវអភិរក្សតំបន់ ដែលមានគុណតម្លៃជីវចម្រុះ តំបន់ទីជម្រាល ផ្ទៃរងទឹកភ្លៀង អាងស្ដុកទឹក ទីតាំងប្រវត្ដិសាស្ដ្រ ទីសក្ការៈ និងតំបន់រដ្ឋបាលសាធារណៈ»។
បន្ថែមលើនេះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុនសុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ បាននិងកំពុងអភិវឌ្ឍគម្រោង ៤ ទីតាំង រួមមាន សាងសង់ភូមិគ្រឹះ ៧ ៦១៣ខ្នង និងផ្ទះ ២ ១៩២ ល្វែង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ មីនា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា ក្រុមហ៊ុនសុខាអូតែល ទទួលបានសិទ្ធិសម្បទានវិនិយោគអភិវឌ្ឍនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល