ជីវិតកម្សាន្ដ
ប្រវត្តិតស៊ូមិនធម្មតារបស់កូនខ្មែរ ទម្រាំប្រែក្លាយជាតួឯកនៅហូលីវូដ ព្រោះចង់លើកមុខមាត់ជាតិ
“ខ្ញុំចូលធ្វើការនៅហូលីវូដ ១៥ឆ្នាំហើយ ដោយមានតួនាទីជាអ្នកបង្កើតក្បាច់គុន និងបង្ហាត់តួល្បីៗ។ ខ្ញុំចង់ដើរតួដែរ ប៉ុន្តែនៅសហរដ្ឋអាមេរិក គេមិនសូវយកជនជាតិអាស៊ី ធ្វើតួឯកទេ។ យើងខ្មែរ សម្បុររាងខ្មៅបន្តិច សូម្បីជនជាតិអាស៊ីដូចគ្នា ក៏អត់ត្រូវការយើងដែរ។ តែឥឡូវមានជនជាតិចិនជាច្រើនធ្វើតួឯក ដោយសំណាងល្អ ខ្ញុំចេះក្បាច់គុន គេជ្រើសខ្ញុំឱ្យសម្ដែងក្នុងភាពយន្ត”។
ប្រយោគសម្ដីពោរពេញដោយភាពក្ដុកក្ដួល និងមោទនៈនេះ ជាការរៀបរាប់របស់កូនខ្មែរប្រាប់ “កម្ពុជាថ្មី”។ លោក សៅ ឌី ជាតួឯកថ្មីក្នុងវិស័យភាពយន្តវាយប្រហារនៅហូលីវូដ ក្នុងភាពយន្តចំណងជើងថា “អ្នកប្រយុទ្ធហនុមា” ឬ “Hanuman Shadow Master”។
លោក ឌី សៅ បានឱ្យដឹងថា លោកមានដើមកំណើតនៅខេត្តបាត់ដំបង កើតក្នុងឆ្នាំ១៩៧៩ ដោយគ្រួសាររបស់លោកបានប្ដូរទៅរស់នៅ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាំងពីលោកអាយុ ៣ឆ្នាំ។ លោកបានហាត់ក្បាច់គុនតាំងពីអាយុ ៧ឆ្នាំ ដោយធ្វើត្រាប់តាម លោក ជេត លី និង លោក ជេកគីចាំង។
លោក ឌី សៅ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកចិត្តវិទ្យា នៅឆ្នាំ២០០៣។ ក្រោយមក លោកបានតំណាងឱ្យអាមេរិក ចូលប្រកួតកុងហ្វូ នៅប្រទេសចិន។ បន្ទាប់មក លោកបានធ្វើការជាមួយ តារាសម្ដែង លោក ជេកគីចាំង ហើយក៏បានជួបគ្រូបង្វឹកក្បាច់គុនសៅលិងល្បីបំផុតនៅចិន។
ក្នុងនាមជាកូនខ្មែរ លោក ឌី សៅ បានពាំនាំក្បាច់គុនល្បុកតោខ្មែរទៅឆាក់អន្តរជាតិ ធ្វើឱ្យជនជាតិបរទេសស្ងើចសរសើរ។
លោកបានបោះជំហ៊ានចូលហូលីវូដជាតួអង្គជំនួស ជាអ្នករៀបចំឈុតឆាកសម្ដែង និងជាគ្រូបង្រៀនគុនខ្មែរប្រដាល់សេរី និងកុងហ្វូ ដល់តួអង្គសំខាន់ៗ ជាពិសេសតួដែលសម្ដែងក្នុងភាពយន្តបែបវាយប្រហារ និងប្រើក្បាច់គុនជាដើម។
បច្ចុប្បន្ន ភាពយន្តរឿង “អ្នកប្រយុទ្ធហនុមា” ឬ “Hanuman Shadow Master” កំពុងបញ្ចាំងនៅតាមបណ្ដារោងភាពយន្តនៅកម្ពុជា និងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជា។
លោក ឌី សៅ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំរំភើបណាស់ ដែលដឹងថា ភាពយន្តថ្មីរបស់ខ្ញុំចំណងជើង អ្នកប្រយុទ្ធហនុមា Hanuman Shadow Master បានចាក់បញ្ចាំងនៅកម្ពុជា នៅខែមករានេះ។ ភាពយន្តនេះបង្ហាញពីការតស៊ូរបស់ជនជាតិខ្មែរនៅហូលីវូដ ចាប់ផ្ដើមពីតួសម្ដែងតូចតាច ឥឡូវអាចសម្ដែងជាតួឯក ក្នុងវិស័យភាពយន្តអាមេរិក”។
លោក ឌី សៅ បានសង្កត់ធ្ងន់ថា៖ “ប៉ុន្តែអ្វីដែលសំខាន់ គឺអាចបង្ហាញវប្បធម៌ក្បាច់គុនរបស់ដូនតាខ្មែរ។ ខ្ញុំសង្ឃឹមថានឹងធ្វើរឿងឱ្យបានល្អជាងមុននៅថ្ងៃខាងមុខ អរគុណសម្រាប់ការគាំទ្រពីអ្នកតាំងអស់គ្នា”។
លោក ឌី សៅ បានឱ្យដឹងបន្ថែមថា លោកបានចូលរួមកិច្ចការក្នុងការផលិតភាពយន្តល្បីៗនៅហូលីវូដជាច្រើន។ ជាក់ស្ដែងថ្មីៗនេះ លោកគឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូ៣នាក់ របស់តារាប្រុស លោក Simu Liu រឿង “Shang-Chi and the Legend of the Ten Rings” របស់ក្រុមហ៊ុន Marvel Entertainment ផងដែរ។
លោកក៏បានបង្ហាត់ក្បាច់គុន ដល់តួសម្ដែង ក្នុងខ្សែភាពយន្តរឿង “Everything Everywhere All At Once” ដែលបានឈ្នះពាន់រង្វាន់ជាច្រើន ក្នុងនោះ លោក Ke Huy Quan បានឈ្នះពាន់រង្វាន់ Golden Globe Award សម្រាប់តារាសម្តែងល្អបំផុត។
លោក ឌី សៅ បានបញ្ជាក់បន្ថែមថា៖ “ប៉ុន្តែខ្ញុំចង់ដើរតួឯក ព្រោះអីបើយើងគ្រាន់តែបង្ហាត់គេ យើងលើកកិត្តិយសក្បាច់គុនខ្មែរម៉េចបាន? គេអត់ដឹងយើង [ខ្មែរ] ផង។ ខ្ញុំគិតថា ទាល់តែយើងដើរតួខ្លួនឯក ទោះបីយើងអត់បានលុយដូចធ្វើការឱ្យ Marvel ប៉ុន្តែខ្ញុំគួរតែដើរផ្លូវហ្នឹង ទើបអាចតំណាងឱ្យប្រទេសជាតិ [កម្ពុជា]”។
លោក ឌី សៅ បានឱ្យដឹងថា ភាពយន្តរឿង “Hanuman Shadow Master” ជារឿងទី២ ដែលលោកដើរជាតួឯក បន្ទាប់ពី ៣ឆ្នាំមុន លោកក៏បានសម្ដែងជាតួឯក្នុងរឿង “Fast Vengeance” ម្ដងរួចមកហើយ។ លោកមានក្ដីស្រមៃ ចង់ផលិតភាពយន្តនៅកម្ពុជានាពេលសមស្របណាមួយក្នុងអនាគត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ