Connect with us

អត្ថាធិប្បាយ

ទស្សនៈអ្នកអាន ៖ «ច្បាប់នៅលើលោកនេះ គ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេទេ»!

បានផុស

នៅ

លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះ គឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែង ហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បីសងថ្លៃជំពាក់គេ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់តុលាការ ក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះ ដោយមិនលើកលែងឡើយចំពោះជនបោកប្រាស់ ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់​ ពីព្រោះនេះជាអំពើបោកប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅកម្ពុជា មានករណីបែបនេះធ្លាប់បានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ចំពោះបុគ្គលជាច្រើនដែលជាអ្នករកស៊ី រឺមន្ត្រីគ្រាក់ៗពាក់ផ្កាយ ។ល។ ​រឿងបែបនេះ រឹតតែមិនមែនជារឿងនយោបាយទាល់តែសោះ។ ដូច្នេះ សូមអ្នកនយោបាយមួយចំនួន និងតំណាងអង្គការសង្គមស៊ីវិលមួយក្តាប់តូច ក៏ដូចជាអ្នក ដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជទាំងឡាយ «មើលឲ្យជាក់ សឹមញាក់ចិញ្ចឹម»នេះ ប្រសិន​បើចង់ឲ្យសម្តីរបស់ខ្លួនមានតម្លៃ ដែលគេអាចស្តាប់បាន។

ការនិយាយទាំងទទឹងទិស ដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យសម្តីមុសារ ដែលនិយាយដើម្បីស៊ីអារម្មណ៍ និងបម្រើឲ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ​។

នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគឯករាជ ដែលផ្អៀងផ្កាប់មុខ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយមិនបានផ្អែកលើការស្រាវជ្រាវ ដើម្បីរកព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគផ្កាប់មុខ ទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឲ្យខ្លាច។ ពួកគេមិនបាននាំព័ត៌មានពិត ដើម្បីឲ្យប្រជាពលរដ្ឋយល់សាច់រឿងនោះទេ ប៉ុន្តែពួកគេចូលចិត្តនិយាយឲ្យមនុស្សយល់ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។  

ឲ្យតែមានរឿងអ្វីកើតឡើង ចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថា ជារឿងនយោ​បាយ មិនថារឿង នោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងផឹកស៊ីវ៉ៃតប់គ្នា ឬសូម្បីតែគ្រោះថ្នាក់ចរាចរណ៍ ក៏ពួកគេអាចអូសចូលក្នុងរឿងនយោបាយដែរ។

តើនៅក្នុងប្រទេសណាមួយ ដែលអ្នកនយោបាយមានអភ័យឯកសិទ្ធិ អាចរួចផុតពីសំណាញ់ច្បាប់? តើនៅប្រទេសណា ដែលអ្នកចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេត្រូវរួចខ្លួន រាប់ទាំងអ្នកនយោបាយផង? គឺប្រាកដជាគ្មានឡើយនៅលើលោកីយ៍យើង នេះ។ ប៉ុន្តែចម្លែកអីតែនៅកម្ពុជា ក្រុមអង្គការសង្គមស៊ីវិល ដែលជ្រកក្រោមស្លាកការពារសិទ្ធិមនុស្សមួយចំនួន បែរជាការពារអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ទៅវិញ ដោយខិតខំទាញរឿងរ៉ាវគ្រប់បែបយ៉ាង ឲ្យចូលក្នុងរឿងនយោបាយ ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។

មហាជនទូទៅតែងតែកត់សំគាល់ឃើញក្រុមនេះ តែងអនុវត្តនូវស្តង់ដាពីរក្នុងគ្រប់បញ្ហា៖ «នៅម្ខាង គេអំពាវនាវឲ្យមាននីតិរដ្ឋ និងចង់ឲ្យគ្រប់គ្នាស្មើភាពចំពោះមុខច្បាប់ ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញមុខកាងអ្នកនយោបាយ និងសកម្មជនប្រព្រឹត្តខុសច្បាប់ ព្រោះតែអ្នកនោះជាគូកនរបស់ខ្លួន»។ «នៅម្ខាង ពួកគេអំពាវនាវឲ្យអាជ្ញាធរអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹងចំពោះជនល្មើស ប៉ុន្តែនៅម្ខាងទៀត ពួកគេចង់ឲ្យបន្ធូរបន្ថយ ឬលើកលែងទោសចំពោះបក្សពួក និងគូកនរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់»។

«នៅម្ខាង ពួកគេអំពាវនាវឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថិតនៅអព្យាក្រឹត្យ ប៉ុន្តែពួកគេខ្លួនឯង ដែលជាសង្គមស៊ីវល ឬជាអ្នកវិភាគឯករាជ បែរជាផ្អៀងក្រឡាប់មេឃ»។ «នៅម្ខាង ពួកគេតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស និងចង់ឲ្យគេគោរព សិទ្ធិរបស់ខ្លួនគ្រប់បែបយ៉ាង ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញមុខការពារអ្នកបញ្ចេញមតិបំពាន ឬប្រមាថដល់អ្នកដទៃយ៉ាងកំរោល ឬពួកគេខ្លួនឯងនិយាយសន្និដ្ឋានទម្លាក់កំហុសលើគេដោយគ្មានភស្តុតាង»។

ដោយហេតុតែបេសកកម្មរបស់ពួកគេ គឺដើម្បីតែទម្លាក់កំហុសមកលើអាជ្ញាធររដ្ឋាភិបាល ពួកគេពិតជាបានបង្ហាញនូវភាពទុច្ចរិតយ៉ាងចំហ និងឥតអៀនខ្មាសបែបនេះ ហើយទើបបានជាសម្តីរបស់ពួកគេចេះតែបន្តសាបដូចទឹកទន្លេ ដោយមនុស្សកាន់តែតិចទៅៗឲ្យតម្លៃ និងយកត្រចៀកស្តាប់។

ងាកមកនិយាយពីករណី ថាច់ សេដ្ឋា វិញ ! នរណាក៏ដឹងដែរថា គាត់ជាអ្នកញៀនល្បែងមិនចាញ់អេង ឆៃអ៊ាង ឡើយ។ គេអាចស្រមៃឃើញថា មនុស្សដែលញៀនល្បែង យកកាស៊ីណូជាផ្ទះសម្បែង តើជាមនុស្សប្រភេទណា? នៅពេលដែលចាញ់ល្បែងអស់ពីខ្លួន មធ្យោបាយមានតែមួយ គឺខ្ចីប្រាក់ពីប្រភពណាក៏ដោយឲ្យតែអាចខ្ចីបាន។ ​

អេង ឆៃអ៊ាង និង ថាច់ សេដ្ឋា អាចមានសំណាងជាងអ្នកញៀនល្បែងដទៃ ដោយសារតែខ្លួនជ្រកក្រោមស្លាកបក្សប្រឆាំង ដែលអាចប្រមូលលុយបានពីអ្នកគាំទ្រ ក្រោមបុព្វហេតុនយោនបាយ។ ប៉ុន្តែតាមការពិត លុយដែលប្រមូលបានភាគច្រើន គឺយកទៅលេងល្បែង។ ទោះជាយ៉ាងណា លុយដែលបានមកពីការបោកប្រាស់អ្នកគាំទ្រ នៅតែមិនគ្រប់គ្រាន់សម្រាប់ចាយទៅលើកាស៊ីណូឡើយ។ ហេតុដូច្នេះហើយបានជា ថាច់ សេដ្ឋ លង់ខ្លួននឹងបំណុលវ័ណ្ឌក រហូតដល់ចេញសែកស្អុយឲ្យម្ចាស់បំណុល។

នៅពេលតុលាការកោះហៅម្តងជាពីរដង តាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល តែមិនព្រមចូលខ្លួនទៅបំភ្លឺ ជម្រើសខាងផ្លូវច្បាប់នៅសល់តែមួយគត់ គឺដីកានាំខ្លួនហើយនេះ គឺជានីតិវិធីស្របច្បាប់របស់តុលាការ។ នៅពេលដែលជាប់ផុងក្នុងសំណាញ់ច្បាប់ ថាច់ សេដ្ឋា ក៏ដូចជាបក្សប្រឆាំង និងគូកន ក៏ខំប្រឹងកាឡៃថា ជារឿងនយោបាយ ដើម្បីបង្វែរចំណាប់អារម្មណ៍មហាជន ឲ្យមានការយល់ច្រឡំថា «បក្សប្រឆាំងមិនមែនជាជំរកសុវត្តិភាពរបស់ជនល្មើសច្បាប់ ឬជនញៀនល្បែងស៊ីសង។ល។

ចំណែកឯគូកនរបស់គេ ដែលជ្រកក្រោមស្លាកសង្គមស៊ីវិល អ្នកវិភាគឯករាជ រួមទាំងសារព័ត៌មានក្បត់វិជ្ជាជីវៈមួយចំនួន ក៏នាំគ្នាបំពងសំឡេងបន្ថែម ដើម្បីកាឡៃទៅជារឿងនយោបាយ ក្នុងគោលបំណងទាក់ទាញក្តីអាណិតអាសូរ ពីអ្នកដែលមិនដឹងសាច់រឿងពិត។ ប៉ុន្តែល្បិចកលដដែលៗនេះ ពិតជាគ្មានប្រសិទ្ធភាពទៀតឡើយ ពីព្រោះសម័យនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ដោយម្នាក់ៗចេះពិចារណា ចេះស្រាវជ្រាវ និងចេះផ្ទៀងផ្ទាត់ព័ត៌មានច្រើនជាងមុន។

សូមចងចាំថា បច្ចុប្បន្នប្រជាពលរដ្ឋយល់ច្បាស់ណាស់ថា អ្វីដែលកើតឡើងចំពោះអ្នកនយោបាយ មិនមែនសុទ្ធតែជារឿងនយោបាយឡើយ។ ម្យ៉ាងទៀត អ្នកនយោបាយដែលប្រព្រឹត្តខុស ក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ ជាពិសេសជនណាក៏ដោយ ទោះនៅក្នុងប្រទេសណាក៏ដោយ ឲ្យតែប្រព្រឹត្តអំពើបោកប្រាស់ តាមរយៈការចេញសែកស្អុយ ដើម្បីសងលុយជំពាក់គេ គឺត្រូវតែទទួលទោសដោយចៀសមិនផុតឡើយ។ នេះគឺជាក្រឹតក្រម ដែលគេបាននិងកំពុងអនុវត្តនៅជុំវិញពិភពលោករាប់ទាំងក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗផងដែរ។

ដូច្នេះ ថាច់ សេដ្ឋា ដែលចាញ់ល្បែងអស់ពីខ្លួន ហើយជំពាក់លុយគេ គ្មានអ្វីសង រហូតដល់ចេញសែកស្អុយ ប្រាកដណាស់ថា ត្រូវតែទទួលការកាត់ទោសជាកំហិត ហើយបើមិនដូច្នោះទេ វាជាគំរូដ៏អាក្រក់ ដល់អ្នកដទៃ៕

អត្ថបទដោយ៖ អ្នកនយោបាយតុកាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​

សេដ្ឋកិច្ច១៣ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម