Connect with us

ព័ត៌មានជាតិ

វរសេនីយ៍ឯក សាន សុខសីហា អំពាវនាវសូមប្រុងប្រយ័ត្នខ្ពស់ អគ្គិភ័យពេលចូលឆ្នាំចិន

បានផុស

នៅ

វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យនៅក្នុងកំឡុងពេលបុណ្យសែន និងបុណ្យចូលឆ្នាំចិន វៀតណាម ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេងនៅក្នុងតេឡេក្រាម នៅថ្ងៃទី១៨ ខែមករានេះ វរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យមានការប្រុងប្រយត្នខ្ពស់ មុន និងចេញដំណើរចេញពីផ្ទះ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវ ភ្លើងទៀនធូប ឬភ្លើងអគ្គិសនីផ្សេងៗ ចៀសវាងករណីអគ្គិភ័យកើតឡើងជាយថាហេតុ។ ករណីម្ចាស់ផ្ទះចេញទៅដើរកម្សាន្តតាមខេត្ត ត្រូវត្រួតពិនិត្យទ្វារបង្អួចឱ្យបានត្រឹមត្រូវ”។

វរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍បន្តថា បន្ថែមពីលើនេះ សម្រាប់កម្លាំងសង្រ្គោះអគ្គិភ័យ ក៏បានត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះហេតុការណ៍អគ្គិភ័យណាមួយកើតឡើង ជាយថាហេតុ។

វរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងប្រមាណជាង ១ ៥០០នាក់ ដើម្បីការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-រៀតណាម ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ និងបានត្រៀមកម្លាំងអន្តរាគមន៍ចេញល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខសណ្តាបធ្នាប់ ក៏ដូចជាការការពារកុំឱ្យមានបទល្មើសផ្សេងៗ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ រាជធានីភ្នំពេញមានអគ្គិភ័យកើតឡើងចំនួន ១០៥លើក បណ្តាលឱ្យឆេះផ្ទះចំនួន ២៥៥ខ្នង ឆេះតូបផ្សារ ២៩តូប ឃ្លាំងទំនិញ ២១កន្លែង និងរោងចក្រសិប្បកម្ម ៤កន្លែង បណ្ដាលឱ្យស្លាប់មនុស្សចំនួន ៥នាក់ និងរងរបួស ២២នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម