Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ព្រះសង្ឃ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមបន្តរួមគ្នាថែរក្សាសុខសន្តិភាព

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ព្រះសង្ឃ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមបន្តរួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៣ របស់ក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣។

លោកជំទាវ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងមន្ត្រីរាជការ ដោយសេចក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកជំទាវ ក៏បានកោតសសើរថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នាក្នុងការអនុវត្តការងារ ទទួលបានជោគជ័យគួរជាទីមោទនៈ។

ទន្ទឹមនឹងនោះ​ លោកជំទាវ ក៏បានលើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា​ ក្នុងការគ្រប់គ្រងកូវីដ-១៩ និងសមិទ្ធិផលថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេចបាន​ ក៏ដូចជាជោគជ័យការទូត នៅឆាកអន្តរជាតិ និងជោគជ័យនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

លោកជំទាវក៏បានសំណូមពរដល់ ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ចំណេះដឹង និងសមត្ថភាព តាមរយៈការពង្រឹងពុទ្ធិកសិក្សា គោរពឲ្យបានខ្ជាប់ខ្ជួននូវព្រះធម៌វិន័យ និងអប់រំ ផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានទូលំទូលាយ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អប្រពៃរបស់ជាតិ សំដៅជៀសវាងឲ្យបាននូវបាតុភាពអសកម្មនានា ព្រោះព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត មានហេតុផលច្បាស់លាស់ ។

លោកជំទាវ បានបន្តទៀតថា មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ហើយមន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម និងរួមគ្នាដោះស្រាយនូវអធិករណ៍ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាននីមួយៗ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម