កីឡា
ស្អែក កម្ពុជា នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមយ៉ាងអធិកអធម
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនានា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ដើម្បីត្រៀមរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃ នាល្ងាចថ្ងៃទី ២៥ ខែមករា ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យបានអធិកអធម នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ត្រៀមពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឲ្យមានភាពឱឡារិកជាមួយនឹងការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនៅគ្រប់បណ្ដាញសារព័ត៌មាន និងមានការចូលរួមគាំទ្រពីស្រទាប់មហាជន។ ក្នុងពិធីនេះ ម្ចាស់ផ្ទះ កម្ពុជា ក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ មកចូលរួមក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃនេះ ដើម្បីជាសក្ខីភាពបញ្ជាក់អំពីការត្រៀមខ្លួនបានរួចរាល់របស់ម្ចាស់ផ្ទះកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ។

ចំពោះកម្មវិធីរាប់ថយក្រោយ ១០០ ថ្ងៃ ដែលចាប់ផ្ដើមធ្វើពីម៉ោង ៤ រសៀលតទៅ នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ ត្រូវបានលោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា គ្រប់ផ្នែកទាំងអស់បានត្រៀមខ្លួនរួចរាល់ ទាំងផ្នែកសម្ដែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ ១០០០ នាក់ ដើម្បីសម្ដែងក្នុងពិធីដ៏មានសារសំខាន់នេះ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្ដាញទូរទស្សន៍ បណ្ដាញសង្គម ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា ជាពិសេសក្រោមការផ្ដល់ការគាំទ្រយ៉ាងក្លៀវក្លាពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC។
«ក្រៅពីនេះ CAMSOC ក៏មានកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម មកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ប្រទេស រួមទាំងកិច្ចប្រជុំប្រដាល់គុនខ្មែរអន្តរជាតិ ដោយមានសមាជិកចូលរួមសរុបប្រមាណ ១០០ នាក់ផ្សេងទៀត ហើយអ្នកទាំងនេះ ក៏នឹងចូលរួមពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣ ដើម្បីបង្ហាញជូនអន្តរជាតិថា “កម្ពុជាបានត្រៀមខ្លួនរួចរាល់” “Cambodia is Ready”»។ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែម។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ មានប្រសាសន៍ទៀតថា កម្ពុជា ក៏នឹងត្រៀមរៀបចំខ្សែទស្សនកិច្ច និងការត្រួតពិនិត្យចុងក្រោយ នូវកន្លែងហូបចុក ស្នាក់នៅ ទីតាំងហ្វឹកហាត់ ទីតាំងប្រកួតជូនដល់ប្រតិភូកីឡាអាស៊ាន និងអន្តរជាតិផងដែរ។ «ជារួម លើបញ្ហានេះ កម្ពុជា បានត្រៀមខ្លួន ចន្លោះពី ៧០ ទៅ ៨០ ភាគរយហើយ ដោយនៅសេសសល់ត្រឹមចន្លោះពី ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ ដើម្បីឲ្យចលនា នៃការរៀបចំបានគត់មត់ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការទទួលបដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និងការប្រកួតជាដើម។ ចំណែកសហព័ន្ធកីឡាជាតិទាំងអស់ កំពុងខិតខំប្រឹងប្រែងរៀបចំកម្មវិធីប្រកួតរៀងៗខ្លួន ជាមួយសហព័ន្ធកីឡាអន្តរជាតិរបស់ខ្លួន ព្រមទាំងបានចេញបទបញ្ជា នៃការប្រកួតគ្រប់ប្រភេទកីឡាបានច្បាស់លាស់អស់ហើយ»។
លោក វ៉ាត់ ចំរើន បានលើកឡើងទៀតថា អ្វីដែលសំខាន់ គឺ កម្ពុជា បានបង្ហាញកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដើម្បីត្រៀមផ្ដល់ភាពកក់ក្តៅ ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រតិភូកីឡាអាស៊ាន និងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ក្នុងគោលដៅដ៏ធំចម្បងឲ្យកម្ពុជាទទួលបានកិត្តិយស កិត្យានុភាព និងរក្សាជំហរយ៉ាងរឹងមាំថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ របស់កម្ពុជា មិនមានសារធាតុហាមឃាត់ក្នុងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

«យើងទាំងអស់គ្នា បាននិងកំពុងប្ដេជ្ញាចិត្តខ្ពស់ ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំនេះ ទទួលបានជោគជ័យដ៏ធំធេងជូនជាតិ និងកំណត់ត្រាជាប្រវត្តិសាស្ត្រអាស៊ានផងដែរ»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ ហើយជាមួយគ្នានេះ លោក បានអំពាវនាវជូនដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សូមចូលរួមគាំទ្រដោយសេរីឥតគិតថ្លៃ ក្នុងពិធីរាប់ថយក្រោយ ១០០ ថ្ងៃ នាល្ងាចថ្ងៃពុធ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យបានច្រើនកុះករ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?