ព័ត៌មានជាតិ
ខណៈ WHO ប្រកាស សេរ៉ូក្អកសម្លាប់កុមារ ក៏អាចប៉ះពាល់ដល់កម្ពុជា, កម្ពុជា ឆ្លើយតបដូចម្ដេច?
ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ បានលើកឡើងថា ក្នុងឆ្នាំ២០២២ មានកុមារជាង ៣០០នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ឆ្នាំ នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូណេស៊ី និងអ៊ូសបេគីស្ថាន បានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាវ ពាក់ព័ន្ធនឹងថ្នាំស៊ីរ៉ូមក្អកដែលមានជាតិពុល។ WHO បានប្រាប់ រ៉យទ័ថា ប្រទេសហ្វីលីពីន ទីម័រខាងកើត សេណេហ្គាល់ និងកម្ពុជា ក៏អាចនឹងរងផលប៉ះពាល់ផងដែរ ដោយសារថ្នាំប្រភេទនេះ អាចមានលក់កន្លែងទាំងនោះ។

ទាក់ទងករណីខាងលើ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឆ្លៀតពេលមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា ក្រសួងបានតាមដានជាប់ជាប្រចាំ ហើយបានទទួលព័ត៌មាននេះរួចមកហើយ ហើយក្រសួងក៏បានចាត់វិធានការភ្លាមៗក្នុងការតាមដានជាបន្ត និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាន៍បន្តថា៖ “ក្រសួងសុខាភិបាលកម្ពុជា បានស្នើទៅ អង្គការសុខភាពពិភពលោក ដើម្បីជួយលើលក្ខណៈបច្ចេកទេស ដើម្បីតាមដានឱ្យបានហ្មត់ចត់លើបញ្ហានេះ ក្រែងលោផលិតផលមានបញ្ហានោះ មាននៅកម្ពុជា។ ប៉ុន្តែបច្ចុប្បន្ន យើងអត់ទាន់មានបញ្ហាអ្វីនោះទេ”។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងបន្តធ្វើការងារនេះជាមួយ អង្គការពិភពលោក ដើម្បីពិនិត្យករណីនេះ ហើយពេលណាចេញលទ្ធផលយ៉ាងណានោះ ក្រសួងនឹងចេញប្រកាសព័ត៌មាន។ ជាក់ស្ដែង ក្រសួងក៏បានចេញសេចក្ដីព័ត៌មាន បញ្ឈប់ការធ្វើចរាចរណ៍ ចំពោះឱសថដែលមានផលប៉ះពាល់សុខភាព ឈ្មោះ AMBRONOL SYRUP នៅកម្ពុជា តាំងពីថ្ងៃទី១២ មករា ឆ្នាំ២០២៣ រួចមកហើយ។


លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា៖ “ទាក់ទងបញ្ហាការប្រើប្រាសឱសថគ្រប់ប្រភេទនៅកម្ពុជា ក្រសួងសុខាភិបាលតែងតាមដានជាប់ជានិច្ច ហើយកន្លងមកក្រសួងតែងតែចេញសេចក្ដីជូនព័ត៌មានជាហូរហែអំពីផលិតផលដែលមិនមានលេខបញ្ជិកា ឬមានបញ្ហាផលប៉ះពាល់ផ្សេងៗដល់សុខភាព”។

គួរបញ្ជាក់ថា ក្នុងចំណោមថ្នាំស៊ីរ៉ូប៍ដែល WHO ព្រមានគឺជាថ្នាំរបស់ក្រុមហ៊ុនឥណ្ឌា Maiden និង Marion Biotech និងថ្នាំរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី PT Yarindo Farmatama, PT Universal Pharmaceutical, PT Konimex និង PT AFI Pharma។ ក្នុងចំណោមនោះមានថ្នាំស៊ីរ៉ូប៍៤ប្រភេទដែលគេបញ្ជាក់គឺ មានឈ្មោះ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។ ថ្នាំទាំងនេះមានផ្ទុកសារធាតុ diethylene glycol និង ethylene glycol ក្នុងកម្រិតខ្ពស់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង