Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ កំណត់ការងារអាទិភាពចំនួន ១ ៨៦៧ សម្រាប់អនុវត្តនៅឆ្នាំ២០២៣

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ដោយ កំណត់ទិសដៅការងារអាទិភាពសរុបចំនួន ១ ៨៦៧ សកម្មភាព សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងជាច្រើនរូប ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា សមិទ្ធផលសម្រេចបានដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២២កន្លងទៅ អង្គសន្និបាតបានកំណត់ទិសដៅការងារអាទិភាពសរុបចំនួន ១ ៨៦៧ សកម្មភាព សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣នេះ ដោយក្នុងនោះក្រសួងត្រូវត្រៀមរៀបចំ និងសហការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទៀត ដូចជា ទិវាវប្បធម៌ជាតិ ដែលមានពិធីជួបជុំរវាងសិល្បករសិល្បការិនីចំនួន ៤ពាន់នាក់ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងខែមីនា, ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខែមេសា, ព្រឹត្តិការណ៍ស៊ីហ្គេម, ការស្នើចុះរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក, និងព្រឹត្តិការណ៍ធំៗជាច្រើនផ្សេងទៀត។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍បន្ថែមថា៖ “ខ្ញុំក៏សូមបញ្ជាក់ដែរថា ចំនួនសកម្មភាពការងារដែលបានគ្រោងទាំង ១ ៨៦៧នេះ គឺនៅមិនទាន់រាប់បញ្ចូលទិសដៅការងាររបស់ក្រុមការងារសំខាន់ៗដែលបង្កើតឡើងតាមការចាំបាច់របស់ក្រសួង ពិសេសក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រុមការងារកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, និងក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ទន្ទឹមគ្នានេះ ក្រសួងក៏មានយុទ្ធសាស្រ្តគាំទ្រ និងសហការជាមួយដៃគូជាតិ-អន្តរជាតិផងដែរ។ អាស្រ័យហេតុនេះ ទំហំការងារឆ្នាំ២០២៣របស់ក្រសួងនឹងមានការកើនឡើងលើសពីចំនួនសកម្មភាពដែលបានគ្រោងទុកខាងលើ”។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្នដែលមានភាពអំណោយផលដល់ការអនុវត្តការងារ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ និងដំណើរវិលត្រឡប់ទៅគន្លងប្រក្រតីភាពដើមឡើងវិញជាបណ្ដើរៗ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តសម្រេចបាន នូវលទ្ធផលការងារល្អប្រសើរក្នុងឆ្នាំ២០២៣នេះ ស្របទៅតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌ និងកម្មវិធីនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម