ព័ត៌មានជាតិ
ដឹងទេ តើការចេញ«សែកស្អុយ» នឹងត្រូវមានទោសជាប់គុកប៉ុន្មានឆ្នាំ?
មូលប្បទានបត្រ ឬសាធារណជនទូទៅស្គាល់ថា «សែក» គឺជាបញ្ជាជាលាយលក្ខណ៍អក្សរទៅកាន់ធនាគារ និងមានចុះហត្ថលេខាដោយបុគ្គលជាម្ចាស់សែក ក្នុងការតម្រូវឲ្យធនាគារទូទាត់សាច់ប្រាក់តាមចំនួនកំណត់ទៅឲ្យបុគ្គលណាមួយ។ តែយ៉ាងណា ការចេញ«សែក»នេះទៀតសោត គេសង្កេតឃើញមានបុគ្គលជាអ្នករកស៊ីតូចធំ ឧកញ៉ា មន្ត្រីរាជការ រួមទាំងអ្នកនយោបាយផងនោះ បានរងការចោទប្រកាន់ និងចាប់ខ្លួននៅពន្ធនាគារជាបន្តបន្ទាប់ ដោយហេតុថា អ្នកទាំងនោះបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ឬហៅថា «សែកស្អុយ»។

ករណីជាក់ស្ដែង ក្នុងរយៈពេលថ្មីៗនេះ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ក្រោមបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ ជាមួយគ្នានេះ ស្ត្រីជាអ្នកលក់ផលិតផលអនឡាញ និងជាមេតុងទីនល្បីឈ្មោះចំនួន ២រូប ក៏ត្រូវបានរងការចោទប្រកាន់ និងចាប់ឃុំខ្លួនផងដែរ ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារ។
ជាការកត់សម្គាល់ បុគ្គលដែលបានចេញសែកស្អុយភាគច្រើនកើតចេញពីការខ្ចីប្រាក់ពីអ្នកដទៃ ហើយអស់លទ្ធភាពក្នុងការសងប្រាក់ទៅម្ចាស់បំណុល ទើបម្ចាស់បំណុលបានលួងលោមឲ្យកូនបំណុលចេញសែក ដើម្បីធានាបំណុល។ ទន្ទឹមនោះ ដោយកូនបំណុលមានភាពទាល់ច្រក ហើយដើម្បីគេចពីការសងប្រាក់ ក៏សម្រេចចិត្តចេញសែកគ្មានសាច់ប្រាក់ តែផ្ទុយទៅវិញ ការចេញសែកគ្មានសាច់ប្រាក់បែបនេះ បានបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌដែលឈានទៅចាប់ឃាត់ខ្លួនភ្លាមៗ បើមានពាក្យបណ្តឹងពីម្ចាស់បំណុល។ តែយ៉ាងណាក្ដី ករណីចេញសែកស្អុយនេះ ក៏គេមិនបានដឹងថា មានរឿងហេតុយ៉ាងណាទើបបានជាបុគ្គលជាម្ចាស់សែកនៅតែចេញសែកស្អុយឲ្យម្ចាស់បំណុល បើទោះបីជាដឹងថាជាសែកដែលមិនមានសាច់ប្រាក់គ្រប់គ្រាន់នោះ។

ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយនេះ មាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនសាច់ប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។
ក្នុងមាត្រា ២៣១នេះដែរ ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឲ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណងឲ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹងជាឧបករណ៍អាចជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី