នយោបាយ
លោក រ៉ុង ឈុន ប្រកាសចូលបក្សភ្លើងទៀន ខណៈលោក សុខ ឥសាន យល់ថា ជាសិទ្ធិរបស់បុគ្គលម្នាក់ៗ
ដូចការគ្រោងទុក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសចូលរួមសកម្ម ភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន។ ពាក់ព័ន្ធនឹងការចូលរួមនេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ជាសិទ្ធិសម្រេច និងជាសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន។
ក្នុងសន្និសីទសារព័ត៌មានព័ត៌មាន កាលពីព្រឹកថ្ងៃទី ៣១ ខែមករានេះ លោក រ៉ុង ឈុន ដែលធ្លាប់ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងធ្លាប់ជាសមាជិក គ.ជ.ប បានប្រកាសថា លោកសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ។ លោកថា មូលហេតុ ដែលលោកចូលរួមធ្វើនយោបាយ ជាមួយគណបក្សភ្លើងទៀន ក៏ព្រោះតែមានការសំណូមពរពីថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា នេះជាសិទ្ធិនយោបាយ និងជាសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ រួមទាំងលោក រ៉ុង ឈុន ផងដែរ ឲ្យតែពួកគេធ្វើសកម្មភាពស្របទៅតាមច្បាប់។ បន្ថែមពីលើនេះ លោក សុខ ឥសាន ចាត់ទុកថា ការចូលរួមរបស់លោក រ៉ុង ឈុន នាពេលនេះ ក៏បានបង្ហាញថា ប្រទេសកម្ពុជា មានលំហនយោបាយទូលំទូលាយ។
ឆ្លើយតបនឹងអ្វីដែលលោក រ៉ុង ឈុន ប្រើវោហាសាស្រ្ដនយោបាយ ដែលថា នៅពេលលោកចូលរួមធ្វើនយោបាយ នឹងអាចឲ្យគណបក្សភ្លើងទៀន កាន់តែទទួលបានការគាំទ្រនោះ, អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា គ្រាន់តែជាការបង្ហាញនូវភាពក្រអឺតក្រទមប៉ុណ្ណោះ ដោយអ្វីដែលសំខាន់គឺក្រោយការបោះឆ្នោត លទ្ធផលទទួលបានបែបណា។
លោក សុខ ឥសាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី បែបនេះថា «ខ្ញុំមិនចាប់អារម្មណ៍អីប៉ុន្មានទេ ពីព្រោះអាហ្នឹងវាគ្រាន់តែជាការបង្ហាញ គេហៅថា ភាពក្រអឺតក្រទមតែប៉ុណ្ណោះទេ បញ្ហាសំខាន់កត្តាកំណត់ទៅលើការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា»។
បើតាមលោក សុខ ឥសាន ដដែល ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមូលដ្ឋាន នៃគណបក្សនយោបាយផ្សេងៗជាច្រើន បានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ ក្នុងនោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ថា ទ្វាររបស់គណបក្សប្រជាជនកម្ពុជា នៅតែបើកស្វាគមន៍សម្រាប់ទទួលមន្ត្រីមកពីគណបក្សផ្សេងៗ បន្តទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន