Connect with us

ព័ត៌មានជាតិ

ផលិតផលខ្មែរណាខ្លះ ត្រៀមចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព?

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានសហការជាមួយភាគីពាក់ព័ន្ធក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលក្នុងនោះ ក្រសួងបានសហការសម្របសម្រួលលើការចុះបញ្ជីម៉ាក គិតត្រឹមឆ្នាំ ២០២២ មានដូចជា “បង្កងតាកែវ” “ទឹកត្រីកំពតកែប” “SKO & Device” លើប្រភេទអង្ករសែនក្រអូប “DSMK & Device” លើប្រភេទអង្ករដំណើបស្បៃមង្គល “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង” ជាដើម។ បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពល្បីៗជាច្រើនដែលក្រសួងពាណិជ្ជកម្ម បានចុះរួច​មកហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទសន្និបាត​បូកសុបការងាររបស់ក្រសួងឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសិក្សាស្រាវជ្រាវ និងចងក្រងផលិតផលសក្តានុពល ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “ក្តាមថ្មកោះកុង” “បង្គាក្រៀមកំពង់សោម” “បង្គាក្រៀមកោះកុង” និង “ប្រហុកសៀមរាប”  ក៏ដូចជាម៉ាកសមូហភាព រួមមាន សូត្រខ្មែរ អង្ករស្មាច់ស្វាយរៀង ទុរេន សំឡូត មៀនប៉ៃលិន អង្ករនាងអំ ស្មូនឆ្នាំងដីកំពង់ឆ្នាំង និងចម្លាក់​ថ្មកែវខេត្តពោធិ៍សាត់ផងដែរ។

បើតាមលោករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពា​ណិជ្ជកម្ម ចំនួន ៦,១៣៥ ក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាក។

លើសពីនេះទៀត ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តជំរុញការកសាងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម រួមមាន៖ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធាន​ដើមកំ​ណើតទំនិញ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម បន្ថែមពី​លើច្បាប់ស្ដីពីការប្រកួតប្រជែង ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងច្បាប់ស្តីពីម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រសួងបានកសាងឯកសារគតិយុត្ត និងសេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួន ដូចជាឯកសារគតិយុត្ត ចំនួន៧ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ សេចក្តីព្រាងឯកសារគតិយុត្ត ចំនួន១២ ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ឯកសារគតិយុត្ត ចំនួន១១ ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាង​ឯកសារគតិយុត្ត ចំនួន៥ ពាក់ព័ន្ធនឹងកិច្ចការហាឡាល។

ក្រសួងពាណិជ្ជកម្ម ក៏គាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យខិតខំបង្កើត និងផលិតនូវទំនិញចាំបាច់ និងផលិតផលថ្មីៗបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម