នយោបាយ
លោក គង់ គាំ ប្រកាសបញ្ចប់តួនាទី និងសកម្មភាពរបស់លោក ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន
លោក គង់ គាំ បានប្រកាសសម្រេចបញ្ចប់តួនាទី និងសកម្មភាពរបស់លោក ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ។ ការប្រកាសនេះ គឺរំលេចឡើងតាមរយៈលិខិតថ្លែងអំណរគុណ គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

តាមរយៈលិខិតនេះ លោក គង់ គាំ បានរៀបរាប់ថា តាមរយៈលោក គង់ បូរ៉ា ដែលជាកូនប្រុសរបស់លោក និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាថ្ងៃ ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន (ថ្នាក់ដឹកនាំ ទាំងអស់ )គណបក្សប្រជាជនកម្ពុជា បានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ (ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញ ជាថ្នាក់ដឹកនាំគណបក្សប្រឆាំង (ឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២៣)។
ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា បានសម្រេចដោយគ្មានជម្រើស (ទាំងបង្ខំចិត្ត) ដកហូតដីផ្ទះលេខ ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។
លោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះទៀតថា «ខ្ញុំបាទ គង់គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្តីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយ និងដឹងគុណចំពោះសណ្តានចិត្ត រំឭក និងយកចិត្តទុកដាក់សណ្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿង ជាមធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ»។
លើសពីនេះ លោក គង់ គាំ មានមោទនភាព ដែលសម្តេចបានយល់ស្រប និងគាំទ្រផងដែរនូវឧត្តមគតិ និងគោលជំហររបស់គណបក្សឆន្ទៈខ្មែរ បង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨ ដែលក្រោយមក លោកមានឱកាសជាប្រធានកិត្តិយស គឺពិតជាមានឧត្តមគតិ (ប្រឆាំងក្រុមជ្រុលនិយម) មានវប្បធម៌ថ្មី (ពិគ្រោះ និងផ្តល់យោបល់) បន្ទាប់ពីវប្បធម៌សន្ទនា មិនទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោក គង់ គាំ បានប្រកាសទទួលស្គាល់កំហុស និងសូមអភ័យទោសពីសម្តេចតេជោ ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែលយល់ឃើញថា កាយវិការ និងអំពើរបស់លោក ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។
តាមរយៈលិខិតដដែល លោក គង់ គាំ បានបញ្ជាក់ថា ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន លោកសម្រេចបញ្ចប់តួនាទី និងសកម្មភាព ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ