Connect with us

ព័ត៌មានជាតិ

សមាគមអ្នកផលិត និងនាំចេញផលិតផល​ត្រចៀកកាំកម្ពុជា គ្រោងរៀបចំដេញថ្លៃសម្បុក​ត្រចៀកកាំ

បានផុស

នៅ

សមាគម​អ្នក​ផលិត និង​នាំចេញ​ផលិតផល​ត្រចៀកកាំ​កម្ពុជា នឹង​រៀបចំ​ពិធី​ដាក់ឱ្យ​ដេញថ្លៃ​សម្បុក​ត្រចៀកកាំ​នា​ថ្ងៃទី ២៥ ខែ​កុម្ភៈ​ខាងមុខនេះ ក្នុង​គោលបំណង​ជួយ​ដល់​ម្ចាស់ផ្ទះ​អភិរក្ស​សត្វ ត្រចៀកកាំ​ក្នុង​ការលក់​សម្បុក​ត្រចៀកកាំ ស្វែងរក​ដៃគូ​ ​ឬ​អ្នកប្រមូល​ទិញ និង​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​កែច្នៃ​សម្បុក​ត្រចៀកកាំ​។​ នេះបើតាមការប្រកាស​ជូនដំណឹង​របស់សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការជូនដំណឹងនេះ បានបញ្ជាក់ថា ការដាក់ដេញថ្លៃនេះ ក៏ដើម្បីទទួលបានការផ្គត់ផ្គង់នូវសម្បុកត្រចៀក​កាំប្រកបដោយគុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ ស្ថេរភាពថ្លៃសម្បុក កាត់បន្ថយការលក់បង្ខូចថ្លៃ ការកំណត់ទីផ្សារទិញ លក់ច្បាស់លាស់ និងផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មផ្សេងៗចូលរួម។

លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ននេះ​កម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញ​ផលិតផល​សម្បុកត្រចៀក​កាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ។

កាលពីចុងខែ តុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងសមាគមមជ្ឈមណ្ឌល​ពាណិជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិន បានអនុស្សារណៈយោគយល់គ្នាមួយ​ស្តីពីការនាំចេញសម្បុក​ត្រចៀកកាំទៅកាន់ទីផ្សារចិន។

ការចុះកិច្ចព្រមព្រៀងនាំចេញសំបុកត្រចៀក​កាំទៅកាន់ទីផ្សារប្រទេស​ចិននេះ នឹងធ្វើឱ្យអ្នកចិញ្ចឹមសម្បុកត្រចៀក​កាំកាន់តែមានជំនឿ ក្នុងការថែទាំផ្ទះឱ្យបានកាន់តែស្អាត ដើម្បីឱ្យ​ផលិតផល​ដែលចិញ្ចឹមបានស្អាត​ងាយស្រួលយក​ទៅកែកែឆ្នៃនាំចេញ។

ដោយឡែក ក្រសួងកសិកម្ម កាលពី​ខែកក្កដា ឆ្នាំ​ ២០២២ ក៏បានរៀបចំ​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​ចរចា​បើក​ទីផ្សារ​នាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ ទៅកាន់​ប្រទេស​ចិន ក្រោយពី​ក្រសួង​ពិនិត្យឃើញថា កំណើន​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​កើនឡើង និង​ផលិតផល​នេះ​មានតម្លៃ​ល្អ​នៅលើ​ទីផ្សារ​។ ក្រុមការងារ​នេះ មាន​ភារកិច្ច រៀបចំ​ឯកសារ​បច្ចេក​ទេស​សម្រាប់​ចរចា​បើក​ទីផ្សារ​នាំចេញ​ផលិតផល​សម្បុក​ត្រចៀកកាំ​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ក្នុងស្រុក និង​ក្រៅប្រទេស​ដែលមាន​បទពិសោធន៍​។

​​យោងតាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា សម្បុកត្រចៀកកាំ​ដែលប្រមូលថ្មីៗ មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ​ ក្នុងមួយគីឡូក្រាម និងសម្បុក​ត្រចៀកកាំ ដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម