ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជំរុញឲ្យពន្ធដារសិក្សាប្រមូលពន្ធទៅលើវិស័យមានសក្តានុពលថ្មីៗចំនួន៣បន្ថែមទៀត
ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាពនៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឲ្យបានគ្រប់ជ្រុងជ្រោយ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១១មករា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំណូលពន្ធដែលគួរយកចិត្តទុកដាក់នោះរួមមានប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានណែនាំដល់អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំកែសម្រួលបទប្បញ្ញតិក្នុងការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម និងជំរុញសម្រួលលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមមកក្នុងប្រព័ន្ធ ក្នុងគោលដៅជំរុញកំណើននិងបង្កើតជាកាលានុវត្តភាពសេដ្ឋកិច្ច។
ក្រៅពីនេះ ត្រូវពង្រឹងការចុះបញ្ជីពន្ធដារ និងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសក្នុងវិស័យកាស៊ីណូ ដើម្បីធានាឲ្យបាននូវតម្លាភាពសារពើពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យបានជាអតិបរមា។ បន្តអនុវត្តកំណែទម្រង់ស្ថាប័ន ទំនើបកម្មរដ្ឋបាលសារពើពន្ធ-ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដោយធានាយ៉ាងណាបង្កភាពងាយស្រួល (User Friendly) សម្រាប់អ្នកជាប់ពន្ធនិងមន្ត្រី ព្រមទាំងពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពប្រទាក់ក្រឡាក្នុងការបំពេញបេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ។
បន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។ បន្តពង្រឹងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) និងបន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋជាងនេះទៀតត្រូវបន្តកិច្ចសហការ និងពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីទទួលយកធាតុចូលក្នុងការសិក្សារៀបចំ និងកែលម្អ បទប្បញ្ញត្តិពាក់ព័ន្ធចាំបាច់នានា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារក្នុងនោះ (១) កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និង (៤) ធានាឲ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ