Connect with us

សន្តិសុខសង្គម

ប្រទះឃើញយុវជនម្នាក់ ជាប់នៅកណ្ដាលត្រឹប នៃអាងទឹកកំពីងពួយ ដោយមិនដឹងមូលហេតុ

បានផុស

នៅ

យុវជន​ម្នាក់ មើល​ពី​សំបក​ក្រៅ​ហាក់​ដូចជា​មាន​សតិ​មិន​គ្រប់ ឬក៏​អាច​ថា ដោយសារ​ការ​ភ័យ​ខ្លាច ត្រូវ​បាន​ក្រុម​ប្រជា​ការពារ​ប្រទះឃើញ​ជាប់​ក្នុង​ទឹក​ពោរពេញ​ដោយ​ពើក និង​ត្រឹប នៅ​ក្នុង​អាង​ទឹក​កំពីងពួយ មិន​អាច​រើខ្លួន​បាន ហើយក៏​មិន​ទាន់​ដឹង​មូលហេតុ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រទះ​ឃើញ​នេះ កាលពី​រសៀល​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ត្រង់​ចំណុច​ចន្លោះ​ភ្នំ​ដំបង និង​ទំនប់​អូរ​ដូន​ពៅ នៃ​អាងទឹក​កំពីងពួយ ក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ក្រោយ​ប្រទះឃើញ​បែបនេះ ក្រុម​ប្រជា​ការពារ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ព្រមទាំង​ជួយ​ស្រង់​ចេញពី​ទឹក និង​នាំ​យក​មក​លើគោក​ដើម្បី​សាកសួរ ដោយ​យុវជន​រូប​នេះ អាយុ​ប្រហែល​ជិត ៣០ ឆ្នាំ គ្មាន​ពាក់អាវ ស្ថិត​ក្នុង​សភាព​រងា​ញ័រញាក់ និង​សួរ​នាំ​ទៅ​មិន​អាច​និយាយ​ដឹង​អ្វី​ទាំងអស់ សូម្បីតែ​ឈ្មោះ​ខ្លួនឯង និង​ភូមិ-ឃុំ​ដែល​គេ​រស់នៅ​ក៏​មិន​ចាំ​ដែរ ហើយ​នៅ​ក្នុង​ខ្លួន​មាន​តែ​ថ្នាំពេទ្យ ប្រេងកូឡា និង​លុយ ២ ម៉ឺន​រៀល តែប៉ុណ្ណោះ។

នៅ​ពេល​នោះ​ដែរ សមត្ថកិច្ច​កំពុងតែ​ឆ្ងល់​ថា ត្រង់​ចំណុច​ខាង​លើ គឺ​កាណូត ឬ​ទូក មិន​អាច​ចូល​ដល់​ឡើយ ដោយសារតែ​ពើក និង​ត្រឹប ក្រាស់​ខ្លាំង​ពេក ដូច្នេះ​ហេតុអ្វី​បាន​ជា​យុវជន​រូប​នេះ​ទៅ​ជាប់​ក្នុង​ទឹក​បែបនេះ​ទៅវិញ។ ហើយក៏​មិន​ដឹង​ថា​ជាប់​តាំងពី​ពេលណា​មក​នោះ​ឡើយ ដោយសារតែ​យុវជន​រូប​នេះ​និយាយ​មិន​ដឹង​អី​ទាល់តែសោះ។

លោក នី ពៅ មេឃុំ​តា​គ្រាម បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា តាម​ការ​សន្និដ្ឋាន​គាត់​អាច​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ក៏​អាច​ទំនង​ជា​វង្វេងវង្វាន់​ដើរចូល​ទៅ​ក្នុង​តំបន់​ខាងលើ​តែ​ម្នាក់ឯង ក៏​ជាប់​នៅ​ទីនោះ​តែម្ដង ដោយសារ​ក្រុម​ប្រជា​ការពារ​ឃើញ​ក៏​ស្រង់​ឡើង​មក​ដាក់​លើគោក។ ពេលនេះ លោក​បាន​ចាត់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ហើយ ដើម្បី​ពិនិត្យ​ទៅលើ​ស្ថានភាព​របស់​យុវជន​រូប​នេះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម