ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលនូវការព្រួយបារម្ភនានា ពាក់ព័ន្ធនឹងការដកអាជ្ញាបណ្ណ VOD
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានច្រានចោលទាំងស្រុង ចំពោះការព្រួយបារម្ភនានា ទាក់ទងនឹងការដកហូតអាជ្ញាបណ្ណ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ។
គួររំលឹកថា ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD។
បើតាមក្រសួងព័ត៌មាន ការសម្រេចលុបអាជ្ញាបណ្ណនេះ ដោយអង្គភាពសារព័ត៌មាននេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ ស្តីពី របបសារព័ត៌មាន។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ បានសម្ដែងការខកចិត្តជាខ្លាំង និងច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានា ធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើស អើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ដែលទទួលមូលនិធិពីបរទេស។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ ៣ចំណុច ដូចខាងក្រោម៖
១. ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឲ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសារ និងគោល ការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឲ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី របបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុស ដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គល សាធារណៈនោះ គឺជាការមួលបង្កាច់ ដែលច្បាប់ហាមឃាត់»។
២. ការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជាអាជ្ញាបណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវលើការងារ និងការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺ សារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។ ចំណាត់ការចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈ មិនធ្វើឲ្យចុះខ្សោយនូវសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ ផ្ទុយទៅវីញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។
៣. ការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន គឺស្មើនឹងការរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)។ ជាតំណាងឲ្យប្រទេសមានអរិយធម៌ និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឲ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ