ព័ត៌មានជាតិ
កម្ពុជា-អាល្លឺម៉ង់៖ មិត្តឆ្លងទ្វីប តែមិនចោលគ្នា
តបតាមការអញ្ជើញរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ស្ដែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាទស្សនកិច្ចជាប្រវត្តិសាស្ត្រដែលប្រធានាធិបតីអាល្លឺម៉ង់បានមកកាន់កម្ពុជាលើកដំបូង ក្រោយការបង្កើតទំនាក់ទំនងការទូតនឹងគ្នាជាថ្មីនៅក្នុងឆ្នាំ១៩៩៤។

មែនទែនទៅ កម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៧មកម្លេះ ប៉ុន្តែ ទំនាក់ទំនងនេះ ត្រូវបានអាក់ខាននៅចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៩៣។ លុះដល់ឆ្នាំ១៩៩៤ ក្រោយការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ កម្ពុជា និងអាល្លឺម៉ង់ ក៏បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីអាល្លឺម៉ង់នេះថា នឹងបើកនូវទំព័រមាសក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ ហើយនឹងចូលរួមពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ជាការវិវត្តដ៏គួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ គឺមានភាពល្អប្រសើរជាលំដាប់ ជាពិសេស ក្នុងឆ្នាំ២០២២ កន្លងទៅ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈកំណើននៃទំហំពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាក់ស្ដែង កាលពីខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជា និងអាល្លឺម៉ង់ បានរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីជាលើកទី១ នៅរាជធានីភ្នំពេញ ហើយបានបើកផ្លូវឲ្យមានដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ទៅកាន់អាល្លឺម៉ង់ កាលពីខែកុម្ភៈ ឆ្នាំមុន។ ដំណើរទស្សនកិច្ចពេលនោះ គឺជាទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ជាមួយគ្នានេះ អំឡុងពេលអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីចុងឆ្នាំ២០២២ នៅទីក្រុងព្រុចសែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក OLAF SCHOLZ ដែលជាអធិការបតីអាល្លឺម៉ង់ ផងដែរ។

និយាយជារួម ក្នុងរយៈពេល ២៩ឆ្នាំមកនេះ ភាគីអាល្លឺម៉ង់បានចូលរួមចំណែក និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាលើវិស័យជាច្រើន ដូចជា បោសសម្អាតមីន អប់រំ វប្បធម៌ អភិបាលកិច្ចល្អ អភិវឌ្ឍន៍ជនបទ ថាមពល កិច្ចការពារសង្គម និងការងារវិមជ្ឈការ ជាដើម។ អាល្លឺម៉ង់ ជាដៃគូ និងជាម្ចាស់ជំនួយដ៏សំខាន់មួយដែលបានរួមចំណែកផ្ដល់ជំនួយរាប់លានដុល្លារក្នុងការងារបោសសម្អាតមីន ខណៈស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ភាគីអាល្លឺម៉ង់ ក៏បានផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែរ។
ដោយឡែក ចំពោះវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ នៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើនជាលំដាប់ ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់ គឺមានចំនួនលើសពី ១ពាន់លានដុល្លារ។ ក្នុងនោះ បើយោងតាមរបាយការណ៍ចុងក្រោយ គឺកម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារអាល្លឺម៉ង់មានតម្លៃប្រមាណ១ ០៨៣លានដុល្លារ កើនប្រហែល២៣% បើធៀបនឹងឆ្នាំ២០២១ មានប្រមាណ ៨៨០លានដុល្លារ និងការនាំចូលរបស់កម្ពុជាពីអាល្លឺម៉ង់វិញ គឺមានតម្លៃប្រមាណ១៦៤លានដុល្លារ។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់ រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងបន្លាស់អគ្គិសនី និងកង់ ខណៈដែលផលិតផលនៃការនាំចូលសំខាន់ពីអាល្លឺម៉ង់ គឺយានយន្ត សម្ភារៈសំណង់ និងគ្រឿងសង្ហារឹម ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ