ព័ត៌មានជាតិ
អ្នកជំនាញសង្គមថា ការលែងលះគ្នា ភាគច្រើនមកពីរៀបការក្មេងពេក និងមិនយល់ពីជីវិតគូ
បច្ចុប្បន្ននេះ គេសង្កេតឃើញមានការលែងលះគ្នាទាំងវ័យក្មេងច្រើននៅក្នុងសង្គមកម្ពុជា ដែលការលែងលះគ្នានេះ មិនសូវផ្តល់ផលល្អសម្រាប់ខ្លួនឯង និងសង្គមប៉ុន្មានទេ ជាពិសេស គឺកូនតែម្តង ពួកគេនឹងក្លាយជាក្មេងកំព្រា រស់នៅដោយគ្មានភាពកក់ក្តៅពីក្រុមគ្រួសារ។ ចំពោះបញ្ហានេះ អ្នកឧកញ៉ា គួច ម៉េងលី និងលោកបណ្ឌិត ឈត ប៊ុនថង យល់ដូចគ្នាថា មូលហេតុនៃការលែងលះគ្នានេះ គឺមានច្រើនកត្តា មានដូចជា កត្តាការអប់រំ សេដ្ឋកិច្ច វប្បធម៌ និងរៀបការវ័យក្មេងពេកខ្វះការពិចារណាបានវែងឆ្ងាយ និងកត្តាផ្សេងៗទៀត។
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានប្រាប់“កម្ពុជាថ្មី” ថា ការលែងលះគ្នានេះ គឺកើតចេញមកពីកត្តាសេដ្ឋកិច្ច ខ្វះការអប់រំ រៀបការទាំងវ័យក្មេងពេក ខ្វះការយោគយល់គ្នា បាត់បង់នូវវិជ្ជាជីវៈ សុជីវធម៌ និងប្រពៃណីស្របពេលដែលសង្គមវិវត្តទៅរកភាពរីកចម្រើនដែលបុរស និងស្រ្តីមានសិទ្ធិស្មើគ្នា ហើយសង្គមមានសម្ភារៈនិយមដែលមនុស្សគ្រប់រូបត្រូវបំពេញតាមតម្រូវការផ្សេងៗគ្នា ។
អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “ការរៀបការវ័យក្មេងមិនសូវសំខាន់ប៉ុន្មានទេ។ តែភាពក្រីក្រ សម្ភារៈនិយម ភាពខ្វះខាតនៃការយល់ដឹង ផឹកស៊ី ខារ៉ាអូខេ សុទ្ធតែចំណុចដែលធ្វើឱ្យគ្រួសារបាក់បែក”។ លោកក៏បញ្ជាក់ថា ក្នុងសម័យនេះ សិទ្ធិស្រ្តី និងបុរស គឺស្មើភាពគ្នា ដូចនេះ ស្រ្តីហ៊ានទាមទារសិទ្ធិរបស់ពួកគេ ប្រសិនជាបុរសមិនសូវមានចំណេះដឹង ប្រើប្រាស់ហិង្សាមិនសូវគិតគូរពីហិរញ្ញវត្ថុគ្រួសារទេ នោះ គឺជាកត្តាដែលនាំឱ្យមានការលែងលះគ្នា។
រីឯ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យ “កម្ពុជាថ្មី”ដឹងថា ការលែងលះគ្នា គឺកើតមានជាយូរមកហើយ ប៉ុន្តែ បច្ចុប្បន្នករណីនេះ ហាក់មានការកើនឡើងព្រោះមានកត្តារួមផ្សំជាច្រើន។ កត្តាទី១ គឺការរៀបការវ័យក្មេងពេក (អាយុ២៥ឆ្នាំចុះក្រោម) ធ្វើឱ្យពួកគេមិនចេះគ្រប់គ្រងគ្រួសារ រស់នៅពឹងផ្អែកម្តាយឳពុកស្ទើរតែទាំងស្រុង ដូច្នេះ ទើបបណ្តាលឱ្យមានការលែលះកើតឡើង។ មួយទៀត នៅពេលដែលពួកគេមិនចេះយោគយល់គ្នា ក៏កើតឱ្យមានការលែងលះដូចគ្នា។
លោកបណ្ឌិតបន្តថា កត្តាបន្ទាប់ គឺកត្តាប្រពៃណីទំនៀមទម្លាប់។ តាំងពីបុរាណកាលមក បុរសមានអំណាចគាបសង្កត់លើស្រ្តីជាប្រពន្ធច្រើន ដូច្នេះ នាសម័យនោះ ទោះបីប្តីធ្វើបាបយ៉ាងណា ក៏នៅស៊ូទ្រាំសុខចិត្តសម្របសម្រួលគ្នាមិនហ៊ានលែងលះឡើយ។ ប៉ុន្តែ សម័យបច្ចុប្បន្ នគឺខុសគ្នា ស្រ្តីមានការរៀនសូត្របានខ្ពង់ខ្ពស់ ហ៊ានតស៊ូ និងទាមទារសិទ្ធិរបស់ខ្លួន ដូច្នេះ នៅពេលដែលប្តីប្រព្រឹត្តទង្វើណាដែលមិនគប្បី ភាគីស្ត្រីមិនខ្លាចក្នុងការលែងលះឡើយ។ នៅពេលដែលស្ត្រីរៀនសូត្របានខ្ពង់ខ្ពស់នឹងជួយឱ្យគេមានគំនិតទូលំទូលាយ ចេះពិចារណាបានច្រើនពីបញ្ហាគ្រួសារ។ យ៉ាងណាមិញ សព្វថ្ងៃនេះច្បាប់ ក៏បានកែសម្រួល និងធានាការពារដល់ច្រើនជាងពីមុនផងដែរ។
កត្តាសំខាន់មួយទៀតនោះ គឺកត្តាសេដ្ឋកិច្ច។ នាសម័យមុនគេតែងនិយាយថា ស្រ្តី គឺនៅតែផ្ទះបង្វិលចង្រ្កាន្តមិនជុំ តែសម័យនេះស្ត្រីមានការអប់រំខ្ពស់ ហើយក៏ចេញប្រកបការងាររកចំណូលបានដោយខ្លួនឯង ជាពិសេស គឺបំពេញការងារនៅតាមស្ថាប័ន ក្រុមហ៊ុនផ្សេងៗដូចបុរសដែរ។ ជួនកាលស្ត្រីធ្វើច្រើនជាងបុរសទៀត ពួកគេបំពេញការងារខាងក្រៅរួច ក៏បំពេញការងារក្នុងផ្ទះបន្ថែម។ ទាំងនេះ ប្រសិនជាគ្មានការជួយកិច្ចការងារផ្ទះពីភាគីប្តីទេ ក៏បណ្តាលឱ្យមានការលែងលះផងដែរ។ កត្តាចុងក្រោយ គឺគ្រឿងញៀន ស្ត្រីសម័យនេះខុសពីសម័យមុន ប្រសិនជាពួកគេដឹងថា ប្តីមានសេពគ្រឿងញៀន លួចលាក់មានសាហាយ គឺពួកគេនឹងគិតគូរពិចារណាលែងលះ មិនស៊ូទ្រាំឱ្យប្តីធ្វើបាបដូចពីមុនឡើយ។ នេះបើតាមការយល់ឃើញរបស់លោកបណ្ឌិត ឈត ប៊ុនថង។
លោក ឈត ប៊ុនថង ក៏បានផ្តាំផ្ញើដល់មនុស្សគ្រប់រូបថា មនុស្សម្នាក់ៗ មុននឹងគិតចង់រៀបការ គួរខិតខំរៀនសូត្ររកចំណូលឱ្យបានច្រើន និងស្វែងយល់ពីជីវិតគូឱ្យបានច្រើន។ នៅពេលរៀបការរួច ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ស្រឡាញ់គ្នា និងស្មោះត្រង់ជាមួយគ្នា កុំសេពគ្រឿងញៀន ឬ ពិសារគ្រឿងស្រវឹងហួសហេតុពេក នាំឱ្យមានជម្លោះក្នុងគ្រួសារ។ មួយទៀត បុរស និងស្ត្រីមានសិទ្ធិស្មើគ្នា ដូច្នេះត្រូវបោះបង់ចោលនូវគំនិតដែលគិតថា ស្រ្តីមានអំណាចតូចជាងបុរស។ ក្នុងជីវិតគ្រួសារ បុរស និងស្រ្តី ត្រូវជួយគ្នាអប់រំកូន ជួយគ្នារៀបចំការងារផ្ទះ ទុកដាក់សម្បែង និងមើលថែគ្នាទៅវិញទៅមកទើបជាការប្រសើរ៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន