អត្ថាធិប្បាយ
អ្នកនយោបាយជ្រុលនិយម ឱកាសនិយម មិនគួរមាននៅកម្ពុជាឡើយ!
អ្នកនយោបាយ និយាយក្នុងន័យទូលាយ គឺជាអ្នកដែលមានចំណេះ ជំនាញ និងធនធាន ដើម្បីធ្វើសកម្មភាពនានាបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់ខ្លួន។ និយាយក្នុងន័យម្យ៉ាងទៀត អ្នកនយោបាយ គឺជាបញ្ញវន្តដែលយកចំណេះដឹងដែលខ្លួនមានទាំងប៉ុន្មានទៅបម្រើ ហើយបង្កើតជាផលប្រយោជន៍សម្រាប់ប្រជាជាតិ។ នៅកម្ពុជា មានអ្នកនយោបាយជាច្រើន ប៉ុន្តែ អ្នកនយោបាយដែលគិតពីផលប្រយោជន៍ជាតិជាធំ និងស្មោះសរជាមួយជាតិ និងប្រជាពលរដ្ឋជាងគេ គឺសម្តេចតេជោ ហ៊ុន សែន និងសមាជិកគណបក្សប្រជាជនកម្ពុជាដទៃទៀត។

ប៉ុន្តែ ក៏នៅមានអ្នកនយោបាយមួយចំនួនទៀតដែលត្រូវបានគេចាត់ទុកថា ជាប្រភេទអ្នកនយោបាយជ្រុលនិយម ឱកាសនិយម និងបរទេសនិយម។ យើងអាចមើលឃើញយ៉ាងច្បាស់នូវអ្នកនយោបាយប្រភេទនេះ ដូចយ៉ាង ក្រុមអតីតបក្សប្រឆាំង ជាពិសេស ទណ្ឌិត សម រង្ស៊ី តែម្តង។ ឯ មួយទៀត គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលទើបត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពាក់ព័ន្ធនឹងការចេញសែកស្អុយកាលពីពេលថ្មីៗនេះ។

ករណីទណ្ឌិត សម រង្ស៊ី! ទណ្ឌិត សម រង្ស៊ី គឺជាប្រភេទអ្នកនយោបាយបាតដៃ ខ្នងដៃ ក្រឡេកក្រឡុច និងមិនគួរឲ្យទុកចិត្តបានសោះ។ នៅចាំបានទេ កាលពីអំឡុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ទណ្ឌិត សម រង្ស៊ី គឺជាអ្នកដែលប្រកាសមិនចូលសភាជាដាច់ខាត ព្រោះចាត់ទុកថា ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣ មិនមានភាពប្រក្រតី និងអយុត្តិធម៌សម្រាប់ក្រុមគាត់។ ប៉ុន្តែ មិនប៉ុន្មានផង ស្រាប់តែទណ្ឌិតសម រង្ស៊ី ដដែលនេះឯងដែលគៀរគរគ្នីគ្នាធ្វើការស្បថស្បែរចូលសភាធ្វើជាអ្នកតំណាងរាស្ត្រ ក្បត់ពាក្យសន្យារបស់ខ្លួនជាមួយសកម្មជននយោបាយ និងអ្នកគាំទ្ររបស់ខ្លួនធ្វើព្រងើយ។
ក្រោយចូលសភាជាមួយអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ទណ្ឌិត សម រង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន ក៏បានព្រមព្រៀងគ្នាបង្កើតនូវវប្បធម៌សន្ទនា ដែលជាយន្តការមួយអាចនិយាយដោះស្រាយបញ្ហាជាមួយគ្នា។ ប៉ុន្តែ មិនបានមួយចម្អិនកំពិសផង ទណ្ឌិតរូបនេះ បានក្បត់នឹងសម្តេចតេជោ ហ៊ុន សែន បំផ្លាញវប្បធម៌សន្ទនា ដោយធ្វើសកម្មភាពល្មើសច្បាប់ៗផ្សេង ហើយបានទម្លាក់បញ្ហានៃការបំផ្លាញវប្បធម៌សន្ទនានេះទៅលើសម្តេចតេជោ ហ៊ុន សែន ទៅវិញ។ នេះ ហៅថា អ្នកនយោបាយមិនស្មោះត្រង់។
រឿងដែលហួសចិត្តជាងនេះទៀតនោះ គឺទណ្ឌិត សម រង្ស៊ីនេះ រៀនបានខ្ពស់តែសញ្ញាបត្រ តែធ្វើសកម្មភាពនយោបាយបែបអសីលធម៌ និងមិនថ្លៃថ្នូរឡើយ។ ទណ្ឌិត សម រង្ស៊ី ម្តងជា២ដង បានវាយប្រហារ និងលាបពណ៌មកលើសម្តេចតេជោ និងក្រុមគ្រួសារ។ ទណ្ឌិតរូបនេះ និងបក្ខពួក បានលាបពណ៌ដែលមិនអាចទទួលយកបានមកលើក្រុមគ្រួសារសម្តេចតេជោ ដោយថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រពន្ធមេដឹកនាំវៀតណាម និងឯកឧត្តម ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាមជាដើម ដែលត្រង់ចំណុចនេះ សម្តេចតេជោ មានការខឹងសម្បារយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះទេ លោក សម រង្ស៊ី ក៏បានជេរប្រមាថដល់អង្គព្រះមហាក្សត្រ អំពាវនាវដល់កងទ័ពឲ្យបែរកាណុងកាំភ្លើងតម្រង់ទៅរាជរដ្ឋាភិបាល ហើយញុះញង់ឲ្យប្រជាពលរដ្ឋងើបក្រោកឈរឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាថែមទៀត។

លើសពីនេះទៅទៀត លោក សម រង្ស៊ី ក៏បានលួចធ្វើសន្យាលួចលាក់ជាមួយមេដឹកនាំក្រុមជនជាតិភាគតិចវៀតណាមខុសច្បាប់ ដោយសន្យានឹងកាត់ទឹកដីកម្ពុជាខ្លះឲ្យពួកគេធ្វើសកម្មភាពខុសច្បាប់ ដែលនេះ គឺជាទង្វើក្បត់ជាតិមួយដែលមិនអាចអត់អោនឲ្យបានឡើយ។ បន្ថែមពីលើទង្វើអាក្រក់ៗទាំងនេះ លោក សម រង្ស៊ី គឺជាអ្នកនយោបាយមួយដែលបំផ្លាញជាតិខ្លួនឯងផងដែរ។ ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក និងដើម្បីតែអំណាច បុគ្គលរូបនេះ ហ៊ានដង្ហោយហៅ និងខិតខំជំរុញឲ្យបរទេសនានាដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចដល់កម្ពុជា ប្រៀបដូចជាហៅគេឲ្យមកសង្កត់ករប្រជាពលរដ្ឋកម្ពុជាយ៉ាងដូច្នេះដែរ។ នេះ ហៅថា ជាអ្នកនយោបាយបរទេសនិយម ធ្វើតាមការបង្កាប់បញ្ហារបស់បរទេស ជាអ្នកនយោបាយឱកាសនិយម និងជាអ្នកនយោបាយជ្រុលនិយមតែម្តង។
ដោយឡែក លោក ថាច់ សេដ្ឋា វិញ ក៏មិនសូវខុសគ្នាពីលោក សម រង្ស៊ី ប៉ុន្មានដែរ តែគ្រាន់តែគ្រាន់បើ និងចេះបត់បែនជាងលោក សម រង្ស៊ី។ តាមពិត គេដឹងច្បាស់ថា លោក ថាច់ សេដ្ឋា គឺជាមនុស្សរបស់លោក សម រង្ស៊ី តាំងតែពីដើមមកម្លេះ ដោយរូបលោកតែងតែដើរនយោបាយ និងធ្វើសកម្មភាពផ្សេងៗតាមការចង្អុលបង្ហាញផ្លូវពីលោក សម រង្ស៊ី ពីក្រៅប្រទេស។ លោក ថាច់ សេដ្ឋា ត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយឱកាសនិយម ព្រោះនៅអំឡុងឆ្នាំ២០២១ រូបលោកបានក្បត់គ្នីគ្នាដទៃទៀតទៅសុំសិទ្ធិនយោបាយឡើងវិញ។

ក្រោយមើលឃើញអតីតបក្សសង្រ្គោះជាតិ មិនអាចរស់ឡើងវិញ រូបលោកក៏បានវិលត្រឡប់ទៅគណបក្សភ្លើងទៀន ហើយធ្វើសកម្មភាពនានាឲ្យគណបក្សនេះដើរឡើងវិញ។ មួយរយៈក្រោយមក លោក ថាច់ សេដ្ឋា ក៏បានក្តោបក្តាប់សិទ្ធិអំណាចនៅក្នុងគណបក្សនេះ ដោយកាន់តួនាទីជាអនុប្រធាន និងជាអ្នកនាំពាក្យគណបក្សផង។ ក្នុងពេលកាន់ដំណែងជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានឆ្លៀតលួចទៅជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ទោះមិនដឹងពីខ្លឹមសារលម្អិតនៃជំនួបនោះ ប៉ុន្តែ គេអាចដឹង និងយល់បានថា លោក ថាច់ សេដ្ឋា មិនអាចទៅជួបឯកឧត្តម ហ៊ុន ម៉ាណែត ដោយគ្រាន់ចង់ហូបគុយទាវ និងផឹកកាហ្វេជាមួយគ្នានោះទេ។
នៅពេលថ្មីៗនេះ ពោល គឺកាលពីខែមុននេះ លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនបញ្ជូនទៅតុលាការ ដោយសារតែចេញសែកស្អុយអត់លុយ។ តុលាការ បានឃុំខ្លួនលោក ថាច់ សេដ្ឋា បណ្តោះអាសន្ន ដោយចោទពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង។ ការចាប់ខ្លួន និងឃុំខ្លួននេះ គឺដោយសារតែលោក ថាច់ សេដ្ឋា មិនព្រមចូលខ្លួនទៅតុលាការតាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើករួចមកហើយ ដែលលើកទី១ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងលើកទី២ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ដោយសារលោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ដូច្នេះហើយ មានការលើកឡើងជាច្រើនថា ការចាប់ខ្លួននេះ គឺជារឿងនយោបាយ។ ប៉ុន្តែ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ហើយថា ជារឿងប្រព្រឹត្តបទល្មើស មិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។ ក្នុងពេលមានភាពចម្រូងចម្រាសគ្នានេះ ក៏មហាជនខ្លះបានបង្ហាញរូបភាពលោក ថាច់ សេដ្ឋា នៅក្នុងកាស៊ីណូ និងថា រូបលោកជាមនុស្សញៀននឹងល្បែង។ បើតាមពួកគេខ្លះ គឺរូបលោក ថាច់ សេដ្ឋានេះ ទំនងជាជាប់ពាក់ព័ន្ធនឹងបញ្ហាចេញសែកស្អុយ ដោយសារតែរឿងល្បែងនេះឯង៕
ដោយ៖ សុខជាតិ

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច