នយោបាយ
កិច្ចសម្ភាសពិសេសជាមួយមន្រ្តីទូតរុស្ស៊ី៖ តើរុស្ស៊ី ចង់បានអ្វីឲ្យប្រាកដពីអ៊ុយក្រែន?
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី គោលនយោបាយការបរទេសរុស្ស៊ី និងបច្ចុប្បន្នភាពជុំវិញអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក វណ្ណ សុគន្ធា ការីនិពន្ធរបស់សារព័ត៌មាន«កម្ពុជាថ្មី» បានចោទសួរ៣សំណួរពាក់ព័ន្ធបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងទំនាក់ទំនងកម្ពុជា-រុស្ស៊ី ទៅកាន់លោក Col Sergei Shumilin ជំនួយការអនុព័ន្ធយោធា និងលោក Rafael Iangareev មន្រ្តីទំនាក់ទំនងផ្នែកព័ត៌មាននៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា។
លោក វណ្ណ សុគន្ធា៖ គិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណ១ឆ្នាំហើយដែលរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសដែលលោកខាងលិច និងអាមេរិកហៅថា ធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ១ឆ្នាំមកនេះ មហន្តរាយជាច្រើនបានកើតចេញពីសង្រ្គាមមួយនេះ មានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន និងការបាត់បង់ជីវិតជនស៊ីវិល និងកងទ័ពទាំងរុស្ស៊ី និងអ៊ុយក្រែន។ ខ្ញុំសូមឲ្យលោកជួយបញ្ជាក់ឡើងវិញបន្តិចថា តើរុស្ស៊ីចង់បានអ្វីឲ្យពិតប្រាកដពីអ៊ុយក្រែន?
លោក Col Sergei Shumilin ៖ ទាក់ទងនឹងគោលដៅដែលសហព័ន្ធរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការយោធាពិសេស ខ្ញុំមិនចង់និយាយច្រើនទេ ដោយសារប្រសិនជាលោក លោកស្រី បើកអ៊ីនធើណែតនឹងមានព័ត៌មានច្រើន ជាពិសេស មានសាររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាភាសាអង់គ្លេស ហើយអាចមើលបាន។ ប៉ុន្តែ ខ្ញុំចង់ពន្យល់លើចំណុចខ្លះ ដែលវាមានសារៈសំខាន់ណាស់ ដែលចំណុចទី១ គឺនៅប្រទេសអ៊ុយក្រែន បន្ទាប់ពីឆ្នាំ២០០៩ នៅពេលនោះ មានគេធ្វើរដ្ឋប្រហារខុសច្បាប់នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ហើយនេះបណ្ដាប្រទេសលោកខាងលិចបានគាំទ្ររដ្ឋប្រហារនេះ។ រដ្ឋប្រហារនេះ គឺជាបដិវត្តន៍ពណ៌ ហើយជាលទ្ធផលនៃបដិវត្តន៍ពណ៌ហ្នឹង មានក្រុមជ្រុលនិយមបានកាន់កាប់អ៊ុយក្រែន ហើយគេបានចាប់ផ្ដើមនយោបាយប្រឆាំងនឹងអ្វីទាំងអស់របស់រុស្ស៊ី រួមទាំងប្រជាជនរុស្ស៊ី។ គួររំលឹកថា ប្រជាជនអ៊ុយក្រែនជាង ៥០ភាគរយ គឺជាប្រជាជនដែលចេះនិយាយភាសារុស្ស៊ី។
បន្ទាប់មក មានបញ្ហាមួយទៀត ពេលអ៊ុយក្រែនបញ្ជាក់ពីបំណងចង់ចូលរួមជាមួយអង្គការណាតូ ហើយនេះ គឺជាបញ្ហាក៏សំខាន់មួយដល់ប្រទេសអ៊ុយក្រែន ក៏ដូចដល់ប្រទេសរុស្ស៊ី ដោយសារ ប្រសិនបើអស់លោក លោកស្រី បើកមើលផែនទី គឺពីព្រំដែនអ៊ុយក្រែនទៅទីក្រុងមូស្គូមានចម្ងាយប៉ុន្មានគីឡូម៉ែត្រ? គឺនៅជិតគ្នា ដូច្នេះ វានឹងបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ីយើង។
បើសិនណាអ៊ុយក្រែន នឹងក្លាយទៅជាសមាជិកនៃអង្គការណាតូ ខ្ញុំសូមរំលេចថា អង្គការណាតូនេះ គឺជាប្លុកយោធា មិនមែនប្លុកមនុស្សធម៌ទេ ដូច្នេះ ការក្លាយជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន នឹងបង្កការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី។ ខ្ញុំសូមរំលឹកម្ដងទៀតថា ចាប់ពីខែវិច្ឆិកា ឆ្នាំមុន លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍អំពាវនាវច្រើនដងហើយ ក៏ប៉ុន្តែ អ្វីដែលគេឆ្លើយ គឺគេឆ្លើយថា ប្រទេសអ៊ុយក្រែន គឺជាប្រទេសស្រី ដូច្នេះ អាចជ្រើសរើសប្រុសណាមួយក៏បាន។ ក៏ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា បើយោងទៅតាមបទដ្ឋានអន្តរជាតិ យើងធ្វើបែបនេះមិនបានទេ ដោយសារប្រទេសមួយមិនអាចពង្រីកសន្តិសុខរបស់ខ្លួនដោយបង្កហានិភ័យ និងការគំរាមកំហែងដល់សន្តិសុខនៃប្រទេសផ្សេង។ ដូច្នេះ យើងបានព្រមានពីគោលជំហររបស់រុស្ស៊ីច្រើនដងហើយ ជាពិសេស សម្រាប់បណ្តាប្រទេសលោកខាងលិច ប៉ុន្តែ គ្មានអ្នកណាចង់ចរចាជាមួយប្រទេសរុស្ស៊ី ដូចនេះ យើងមានតែធ្វើបែបនេះ។
លោក វណ្ណ សុគន្ធា៖ តាំងពីកងទ័ពរុស្ស៊ីចូលលុកលុយក្នុងប្រទេសអ៊ុយក្រែនមក គឺមានគេនិយាយថា រុស្ស៊ី ដូចជាកំពុងធ្វើសង្រ្គាមជាមួយពិភពលោក ព្រោះប្រទេសជាច្រើនបានគាំទ្រអ៊ុយក្រែន។ ការគាំទ្រនេះ បាននាំឲ្យប្រទេសមួយចំនួនពិសេស គឺលោកខាងលិច និងសហរដ្ឋអាមេរិកតែម្តង បាននាំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។ បើរុស្ស៊ីនៅតែបន្តសង្គ្រាមតទៅទៀត តើរុស្ស៊ីអាចទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចនេះបានដល់ពេលណា?
លោក Rafael Iangareev ៖ ខ្ញុំគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានមិនត្រឹមតែដល់សេដ្ឋកិច្ចរុស្ស៊ីទេ ក៏ប៉ុន្តែ ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល រួមទាំងបណ្ដាប្រទេសដែលបានដាក់ទណ្ឌកម្មនេះ។ ដោយសារទណ្ឌកម្មទាំងនេះ យើងបានប្រឈមមុខនឹងវិបត្តិថាមពលដែរ ក៏ប៉ុន្តែ បើទោះបីជាក្រុមហ៊ុននៃប្រទេសលោកខាងលិចជាច្រើនបានចាកចេញពីទីផ្សាររុស្ស៊ីក៏ដោយ ក៏ឥឡូវនេះ មានក្រុមហ៊ុនរុស្ស៊ីជាច្រើនបានចាប់ផ្ដើមដំណើរការជំនួស។ ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី យើងឃើញថា សេដ្ឋកិច្ចរបស់រុស្ស៊ីខ្លាំង ខ្លាំងមែនទែន ក៏ប៉ុន្តែ យើងនៅតែត្រៀមខ្លួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយបណ្តាប្រទេសជាមិត្តរបស់យើង រួមមាន ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និង បណ្ដាប្រទេសអាស៊ាន។
លោក វណ្ណ សុគន្ធា៖ ងាកមកនិយាយពីទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងរុស្ស៊ីវិញ។ កាលពីឆ្នាំមុន កម្ពុជា បានចូលរួមបោះឆ្នោតនៅអង្គការសហប្រជាជាតិមិនគាំទ្រការលុកលុយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយម្តងជាពីរដងសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យមានការចរចាគ្នាដោយសន្តិវិធី ដើម្បីបញ្ចប់សង្រ្គាមនេះ។ បើទោះបីកម្ពុជាមិនគាំទ្ររុស្ស៊ីក្នុងប្រតិបត្តិការយោធាពិសេសនេះ ក៏រុស្ស៊ីនៅតែអះអាងពីទំនាក់ទំនងល្អជាមួយកម្ពុជាដដែល។ ប៉ុន្តែ បើតាមការសង្កេត និងការតាមដានរបស់ខ្ញុំ គឺមិនឃើញមានការវិវត្តណាមួយសោះនៃទំនាក់ទំនងប្រទេសទាំង២ ដូច្នេះ តើរក្សាទំនាក់ទំនងល្អហ្នឹង ល្អរបៀបម៉េចទៅ?
លោក Rafael Iangareev ៖ ទាក់ទងនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសយើងទាំងពីរ ខ្ញុំសូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបំពេញទស្សនកិច្ចនៅកម្ពុជា២ដង ដើម្បីចូលរួមព្រឹត្តិការណ៍នៃអាស៊ានជាច្រើន។ កាលពីខែសីហា ឆ្នាំមុន ឯកឧត្តម Sergey Lavrov បានជួបចរចា និងមានកិច្ចប្រជុំជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រោយពីនេះ ក៏ការចរចាជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ក្រោយពីនេះទៀត ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Sergey Lavrov បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ហើយក្នុងសេចក្ដីថ្លែងរួមនេះ រួមមានប្រធានបទនយោបាយផងដែរ។ ក្រៅពីនេះ ប្រទេសទាំងយើងពីរចេះតែអភិវឌ្ឍន៍ទំនាក់ទំនងអន្តរគណបក្ស រវាងគណបក្សកាន់អំណាចទាំង២របស់យើង។
កាលពីខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា បានចូលរួមសន្និសីទតាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយគណបក្សកាន់អំណាចរបស់រុស្ស៊ី លើប្រធានបទស្ដីពីនយោបាយអន្តរជាតិនៃការអភិវឌ្ឍ។ ក្រៅពីនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីដោយផ្ទាល់ ដើម្បីចូលរួមសន្និសីទនេះ។ កាលពីឆ្នាំមុន យើងបានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសន្តិសុខ ដូច្នេះ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា រុស្ស៊ី បើកចំហរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ជាពិសេស ក្នុងវិស័យនយោបាយ។ បន្ថែមលើនេះ ស្ថានទូតរុស្ស៊ី ក៏ផ្តល់ជំនួយដល់ក្រុមហ៊ុមរុស្ស៊ីដែលចង់មករកស៊ីជាមួយក្រុមហ៊ុនកម្ពុជាដែរ។ លើសពីនេះ ប្រទេសរុស្ស៊ី ត្រៀមខ្លួនបើកចំហរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងអក្ខរកម្មនៃប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន