Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន សាទរចំពោះស្នាក់ការគណបក្សតម្លៃ ១៦០ លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​ស្នាក់​ការ​គណបក្ស​តម្លៃ ១៦០ លាន​រៀល ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តាម​ការ​ស្នើ​សុំ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ថ្នា​ធ្នង់ និង​សំណេះសំណាល​ជាមួយ​នារី​ឃុំ​ថ្នា​ធ្នង់ ស្ថិត​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​សមាជិក សមាជិកា ដោយ​ក្ដី​នឹករលឹក និង​ការ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

លោកជំទាវ​បាន​បន្ត​ទៀត​ថា អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ទំហំ ១០.៥៥ ម​x១៣ ម ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ ចំណាយ​ថវិកា​សាងសង់​អស់​ជាង ១៦០ លាន​រៀល ដែល​រួម​កសាង​ដោយ លោក​នាយ​ឧត្ដមសេនីយ៍ ខ្វាន់ ស៊ា​ម និង​លោក តូច ប៉ូ​លី​វ៉ា ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់ និង​សហការី ព្រមទាំង​សប្បុរសជន គឺជា​សមិទ្ធផល​ថ្មី​សន្លាង​មួយ នៅ​ក្នុង​ភូមិ​ថ្មី គឺ​បម្រើ​ប្រយោជន៍​រួម និង​បង្ហាញ​ពី​វឌ្ឍនភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដែល​ចាស់ទុំ​ជាងគេ ដែល​បាន​លើកស្ទួយ​នូវ​សន្តិភាព លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្វាយរៀង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត មាន​ការ​គោរព​ស្រឡាញ់ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោកជំទាវ​ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ស្រុក គណបក្ស​ឃុំ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក ជួយ​ឃុំ ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក ចុះ​ជួយ​ឃុំ និង​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់​ដែល​បាន​រួមគ្នា​ធ្វើ​ឲ្យ​សមិទ្ធផល​នេះ​កើតឡើង។

បន្ទាប់មក​ទៀត លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សំណេះសំណាល​ជាមួយ​នារី​នៅ​ក្នុង​ឃុំ​ថ្នា​ធ្នង់ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ ២០២៣ ខួប​ទី ១១២ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សាសុខ សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍន៍ ក្នុង​យុគសម័យ​ឌីជីថល» និង​បាន​នាំ​យក​នូវ​អំណោយ​ចែក​ជូន​ដល់​អ្នក​ចូលរួម ជាង ១០០ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន ស៊ឹង ១ ក្រមា ១ និង​ថវិកា ២ ម៉ឺន​រៀល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម