Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការបោះឆ្នោតឡើងវិញសម្រាប់ក្រុង-ស្រុកបង្កើតថ្មី ត្រូវរៀបចំចាត់​ចែង ៤ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ ដើម្បីផ្សព្វផ្សាយអំពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី ១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៩ ខែមេសា ឆ្នាំ ២០២៣។

លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ បានលើកឡើងថា អ្វីដែល គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺការបោះឆ្នោតលើកទី ១ ដែលជាការបោះឆ្នោតឡើងវិញ សម្រាប់ក្រុង ស្រុក ចំនួន ៥ ដែលមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ក្នុង ខេត្តកំពង់ស្ពឺ និងស្រុក អូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។

លោកបន្តថា នេះជាការបោះឆ្នោតអសកល និងជាការបោះឆ្នោតបង្គ្រប់អាណត្តិពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៣ ឆ្នាំ ២០១៩។

ទោះបីជាការបោះឆ្នោតអសកលក៏ដោយលោក ហង្ស ពុទ្ធ បានគូសបញ្ជក់ថា គ.ជ.ប ត្រូវរៀបចំចាត់​ចែងឲ្យមាន ៤ ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ គឺការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការចុះឈ្មោះបោះឆ្នោត គឺជាការស្រង់ឈ្មោះដោយបញ្ជាក់តាមឋានានុក្រម រួចបញ្ជូនឈ្មោះមក គ.ជ.ប ការឃោសនា បោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏ត្រូវចាត់ចែងនូវវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

នេះជាកិច្ចប្រជុំលើកទី ២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតឡើងវិញ ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ តំណាងស្ថានទូតជប៉ុន តំណាងសមាគម អង្គការមិនមែនរដ្ឋា- ភិបាល ព្រមទាំងអ្នកសារព័ត៌មានផងដែរ ចំនួនប្រមាណជាង ៤០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម