សន្តិសុខសង្គម
កោះហៅឧត្ដមសេនីយ៍នគរបាលម្នាក់ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិមិនសម្រេច
លោកឧត្ដមសេនីយ៍ត្រីនគរបាលម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅជាលើកទី ២ ឲ្យចូលខ្លួនបំភ្លឺនៅវេលាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្ដឹងចោទប្រកាន់ពីបទឆបោកប្រាក់ចំនួន ២៦.៥០០ ដុល្លារ ជាថ្នូរថ្លៃរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។ នេះបើយោងតាមដីកាកោះហៅលើកទី ២ របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីនគរបាលដែលតុលាការកោះហៅត្រូវបានគេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ ១៩៨២ មានឋានន្តរសក្ដិថ្នាក់ឧត្ដមសេនីយ៍ត្រី ជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ ២៧១ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដីកាកោះជាលើកទី ២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ ១៩៨២ មានអាសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ ២៧១ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹក ដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្ដឹងពីបទឆបោក។
កាលពីកំឡុង ឆ្នាំ ២០២១ លោកឧត្ដមសេនីយ៍ត្រី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី(ន៧) នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួន មានសិទ្ធិសម្រេចរើសក្របខ័ណ្ឌ នគរបាលជាតិ ហើយនឹងបានលួងលោម និងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា ឲ្យចូលក្របខ័ណ្ឌនគរបាលជាតិ។ នៅក្នុងនោះតម្រូវឲ្យប្រគល់ប្រាក់ចំនួន ២៦.៥០០ ដុល្លារ តាម ABA ជាថ្នូរថ្លៃរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានប្រាក់ហើយ លោកឧត្ដមសេនីយ៍រូបនោះ រត់ការមិនបានសម្រេច ហើយចេះតែគេចវេះនិយាយដោះសារហូតមក មិនត្រឹមតែប៉ុណ្ណោះ បានទារប្រាក់បន្ថែមចំនួន ៥ ពាន់ដុល្លារទៀត ដើម្បីកែអាយុ តែសាមីខ្លួនមិនព្រម។ បន្ទាប់ពីរត់ការមិនបានសម្រេច លោកឧត្ដមសេនីយ៍ បានគេចវេះ និងបិទទូរស័ព្ទមិនព្រមទទួលពីម្ចាស់ប្រាក់ ទើបដឹងច្បាស់ចែសថា លោកឧត្ដមសេនីយ៍ ឆបោកសោះ ហើយសាមីខ្លួន ក៏បានដាក់ពាក្យបណ្ដឹងចូលតាមផេកហ្វេសបុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ និងទាមទារប្រាក់ចំនួន ២៦.៥០០ ដុល្លារ ត្រឡប់មកវិញ និងទាមទារសំណងជំងឺចិត្តចំនួន ២០០ លានរៀល ព្រមទាំងប្ដឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនបំភ្លឺលើកទី ១ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ និងលើកទី ២ ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ មករា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់