ព័ត៌មានជាតិ
តើអាជ្ញាធរសវនកម្មជាតិមានប្រវត្តិ និងតួនាទី-ភារកិច្ចយ៉ាងដូចម្ដេច?
«សវនកម្ម»ជាការផ្ទៀងផ្ទាត់ ឬការត្រួតពិនិត្យឡើងវិញលើរបាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជាបញ្ជីគណនេយ្យនៃប្រព័ន្ធគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការត្រួតពិនិត្យក្រសួង-ស្ថាប័នគ្រប់គ្រង តាមរយៈការធ្វើសវនកម្មទូទៅ។ ក្នុងការធ្វើសវនកម្មនេះ គឺអាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នឯករាជ្យក្នុងការទទួលភារកិច្ចអនុវត្តមុខងារសវនកម្មរបស់ក្រសួង-ស្ថាប័នរដ្ឋ។
តើអាជ្ញាធរសវនកម្មជាតិមានប្រវត្តិ និងតួនាទី-ភារកិច្ចយ៉ាងដូចម្ដេច?
អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសវនកម្មកំពូលដែលមានភាពឯករាជ្យអំពីកិច្ចប្រតិបត្តិការនៃការងារ ជាពិសេសការធ្វើរបាយការណ៍ហិរញ្ញវត្ថុទៅកាន់រដ្ឋសភា ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល។ អាជ្ញាធរសវនកម្មជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ ក្នុងអាណត្តិទី២ ដើម្បីចូលរួមចំណែកក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅឈានទៅសម្រេចបានគោលនយោបាយអភិបាលកិច្ចល្អ ការអភិវឌ្ឍប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។
អាជ្ញាធរសវនកម្មជាតិ មានសិទ្ធិអំណាចក្នុងការធ្វើសវនកម្មលើបណ្តាក្រសួង-ស្ថាប័នរដ្ឋនានា រួមទាំងស្ថាប័នហិរញ្ញវត្ថុរដ្ឋចម្រុះឯកជន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត និងសេវាកម្មចំពោះរាជរដ្ឋាភិបាលតាមកិច្ចសន្យា និងបណ្ដាអង្គការផ្សេងៗទៀត។ ទន្ទឹមនេះ ក្នុងករណីដែលមានអង្គភាពណាមួយមានភាពមិនប្រក្រតីពាក់ព័ន្ធកិច្ចការបញ្ជីគណនេយ្យ ក៏ដូចជាការគ្រប់គ្រងរូបិយវត្ថុ ឬទ្រព្យសកម្ម គឺអាជ្ញាធរសវនកម្មជាតិ ត្រូវរាយការណ៍ទៅកាន់រដ្ឋសភា ព្រឹទ្ធសភា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះបញ្ហានេះ។
បន្ថែមពីនេះ អគ្គសវនករ ឬមន្ត្រីតំណាងនៃអាជ្ញាធរសវនកម្មជាតិ គឺមានសិទ្ធិអាចទៅអង្គភាពដែលត្រូវធ្វើសវនកម្ម មានសិទ្ធិឆែកឆេរដោយសេរីរាល់ឯកសារ របាយការណ៍ ឬទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ក្រសួង-ស្ថាប័នទាំងនោះ ហើយ ក៏អាចពិនិត្យ ថតចម្លង ឬដកស្រង់ឯកសារពីរបាយការណ៍ណាមួយក៏បាន។ តែយ៉ាងណា មន្ត្រីតំណាងអាជ្ញាធរសវនកម្មជាតិ ដែលទទួលបានព័ត៌មានដោយផ្ទាល់ ឬប្រយោលក្នុងដំណើរការនៃការអនុវត្តមុខងារនេះ គឺមិនត្រូវផ្សព្វផ្សាយ ឬបកស្រាយ ឬផ្ដល់ព័ត៌មានទៅមជ្ឈដ្ឋានខាងក្រៅឡើយ។
បើទោះបីជាអាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសវនកម្មកំពូលក៏ដោយ តែប្រសិនបើក្នុងករណីចាំបាច់ ហើយមានសំណើរបស់គណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ឬសំណើគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គឺរដ្ឋសភាមានសិទ្ធិជ្រើសរើសសវនករពិសេស ដើម្បីពិនិត្យឡើងនូវសកម្មភាព និងកិច្ចប្រតិបត្តិការរបស់អាជ្ញាធរសវនកម្មជាតិបាន។
ដោយឡែក រចនាសម្ព័ន្ធដឹកនាំនៃអាជ្ញាធរសវនកម្មជាតិ គឺដឹកនាំដោយអគ្គសវនករមួយរូប អមដោយអគ្គសវនកររងចំនួនពីររូប ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់រាជរដ្ឋាភិបាល ហើយត្រូវមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាត។ អគ្គសវនករ និងអគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ ទទួលអាណត្តិតែងតាំងរយៈពេល៥ឆ្នាំ ហើយអាចបន្តការតែងតាំងជាថ្មីបាន។
ឥស្សរជនដែលត្រូវបានតែងតាំងជាអគ្គសវនករ-អគ្គសវនកររង គឺត្រូវមានសញ្ជាតិខ្មែរពីកំណើត មានសញ្ញាបត្រថ្នាក់ឧត្តមសិក្សាឡើងលើផ្នែកគណនេយ្យ ឬសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ ឬច្បាប់ ឬពាណិជ្ជកម្ម ហើយមានបទពិសោធយ៉ាងតិច ១០ឆ្នាំ។ បច្ចុប្បន្ននេះ លោកស្រី សោម គីមសួគ៌ កំពុងកាន់តួនាទីជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ។ បន្ថែមពីនេះ លោកស្រី សោម គីមសួគ៌ ក៏កំពុងមានតួនាទីជាសមាជិកានៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?