សន្តិសុខសង្គម
ពលរដ្ឋជាង២០០គ្រួសារ លើកគ្នាមកលុបរណ្ដៅដី ដែលក្រុមហ៊ុនចម្ការចេកកាយផ្ដាច់បិទផ្លូវ
ក្រុមហ៊ុនចម្ការចេកវៀតណាម ហ័ងអាញ់យ៉ាឡាយ បានកាយផ្ដាច់ផ្លូវអ្នកភូមិមិនឲ្យធ្វើដំណើរចេញចូលឆ្លងកាត់ជាច្រើនមកហើយ ពេលនេះប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិស្រែឈូក ស្រុកលំផាត់ មានចប មានប៉ែល និងគ្រឿងចក្រត្រាក់ទ័រចំនួនពីរគ្រឿង បាននាំគ្នាទៅកាយដីលុបប្រឡាយ និងដាក់លូចំនួនពីរកន្លែងដើម្បីធ្វើដំណើរចេញចូលឡើងវិញ។

សកម្មភាពរបស់ប្រជាពលរដ្ឋនេះកើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមហ៊ុនចម្ការចេកវៀតណាម ហ័ងអាញ់យ៉ាឡាយ ដែលបានកាយផ្តាច់ផ្លូវចេញចូលភូមិជាច្រើនមកហើយ។
លោក ឌី ចាន់ មានវ័យជាង៨៣ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋ២១៧គ្រួសារបានឲ្យដឹងថា ក្រុមហ៊ុនចម្ការចេករបស់វៀតណាម ហ័ងអាញ់យ៉ាឡាយ មានទីតាំងនៅជិតភូមិស្រែឈូក ស្រុកលំផាត់នោះបានកាយផ្ដាច់ផ្លូវចំនួនពីរកន្លែងឲ្យក្លាយទៅជារណ្ដៅជ្រៅៗមិនឲ្យពួកគាត់បានធ្វើដំណើរដូចមុនឡើយ។

លោកបន្ដថា ផ្លូវនោះពួកគាត់ធ្លាប់បានប្រើប្រាស់ចេញចូលទៅស្រែចម្ការតាំងពីឆ្នាំ១៩៧៩រៀងមក តែមកដល់ពេលថ្មីៗនេះក៏មានក្រុមហ៊ុនវៀតណាមមកវិនិយោគដាំដើមចេក ហើយក្រុមហ៊ុនថា នឹងរៀបចំធ្វើមន្ទីរពេទ្យសាលារៀនរួមនឹងផ្លូវជូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ផងដែរ។ ប៉ុន្ដែទីបំផុតអ្វីដែលក្រុមហ៊ុនបានសន្យានោះគេមិនបានធ្វើឡើយផ្ទុយទៅវិញក្រុមហ៊ុននេះបែរជាកាត់ផ្ដាច់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ទៅវិញ។ លោកបញ្ជាក់ថា តែបើពលរដ្ឋណាចង់ចេញចូលត្រូវពាក់កាតរបស់ក្រុមហ៊ុនទើបអនុញ្ញាតចេញចូលបាន។ លោកបន្តថា ដោយសារអស់ជម្រើសទើបពួកយើងរៃលុយគ្នាទិញលូ៩កង់យកទៅដាក់ប្រឡាយពីរកន្លែងដែលគេកាយផ្ដាច់នោះដើម្បីចាក់ដីលុបបំពេញវិញងាយស្រួលធ្វើដំណើរទៅស្រែចម្ការបង្កបង្កើនផលដូចសព្វមួយដង។

លោក យ៉ាត ណាគ្រី មេឃុំជ័យឧត្ដមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ថា សកម្មភាពរបស់ប្រជាពលរដ្ឋជាង២០០គ្រួសារដែលនាំគ្នាទៅលុបរណ្ដៅដីក្រុមហ៊ុនកាយផ្ដាច់ផ្លូវនោះ លោកមិនទទួលដឹងឮទេ ដោយសាររឿងនេះលោកបានបញ្ជូនសំណុំរឿងទៅដល់ដៃសាលាស្រុកលំផាត់ហើយដើម្បីរង់ចាំធ្វើការដោះស្រាយ។

ដោយឡែក លោក នូ ថេរ អភិបាលស្រុកលំផាត់ក៏បានបញ្ជាក់ផងដែរថា ករណីដែលក្រុមហ៊ុនចម្ការចេកវៀតណាមបានកាយផ្ដាច់ផ្លូវនោះ ព្រោះគេមិនចង់ឲ្យប្រជាពលរដ្ឋយើងដើរឆ្លងកាត់ទីនោះតទៅទៀតដោយសារខ្លាចមានជំងឺឆ្លងប៉ះពាល់ផលដំណាំចេករបស់ក្រុមហ៊ុនគេ។ លោកបន្ដថា រឿងនេះលោក និងអភិបាលរងខេត្ដធ្លាប់បានជួបជាមួយអគ្គនាយកក្រុមហ៊ុនជជែកដោះស្រាយដែរហើយខាងក្រុមហ៊ុនគេថា នឹងរៀបចំធ្វើតាមប្រព័ន្ធប្លង់មេ និងធ្វើផ្លូវថ្មីឲ្យពលរដ្ឋប្រើប្រាស់ដាច់ដោយឡែកមួយវាងក្រុមហ៊ុនគឺទៅតាមផ្លូវជាតិលេខ៧៦ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមទទួលយកព្រោះវាងឆ្ងាយទៅចម្ការស្រែ ត្រូវប្រើពេល៦ទៅ៧ម៉ោងតែបើទៅតាមផ្លូវចាស់តែជាង១ម៉ោងទេ។ ចំណែកខាងតំណាងក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអាញ់យ៉ាឡាយមិនមានការបំភ្លឺអ្វីនោះទេ។ ឯអ្នកភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ប្រមាណជាង២០០គ្រួសារក៏កំពុងប្រឈមជាមួយក្រុមហ៊ុនចម្ការចេកកាយផ្លូវផ្ដាច់មិនឲ្យធ្វើដំណើរឆ្លងកាត់ចេញចូលដូចគ្នាដែរ។

ផ្ដើមចេញពីក្រុមហ៊ុនមួយនេះធ្វើឲ្យពលរដ្ឋនៅស្រុកលំផាត់ដែលភាគច្រើនជាបងប្អូនជនជាតិឡាវមានការក្តៅក្រហាយខ្លាំងណាស់ និងព្រួយបារម្ភហើយក៏បានសំណូមពរយ៉ាងទទូចទៅសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយធ្វើអន្ដរាគមន៍ផងដើម្បីបើកផ្លូវ្យពួកគាត់បានប្រើប្រាស់ចេញចូលជាធម្មតាវិញ និងដឹកកសិផលមកកាន់ទីផ្សារលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ