ព័ត៌មានជាតិ
បុណ្យកាត់ឬសសីមាព្រះវិហារវត្តព្រះបារមីវង្គដ្ឋបូរី នឹងធ្វើឡើងដោយភាពអធិកអធម រយៈពេល៣យប់៤ថ្ងៃ
ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើងក្នុងរយៈពេល៣យប់៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ហើយពិធីបុណ្យនេះត្រូវធ្វើឡើងដោយភាពអធិកអធម និងខ្ពស់ត្រដែតជាមួយនឹងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរបំផុត។

នេះជាការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកាត់ឬសសីមាព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា វត្តព្រះបារមីវង្គដ្ឋបូរី ជាទីអារាមមួយដែលបានតម្កល់ធាតុមាតា បិតារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទីវត្តនេះនឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ពោលគឺថ្ងៃ២៤មេសាជាថ្ងៃកាត់ឬសីមា ដែលនឹងគ្រោងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។

លោកនាយឧត្តមសេនីយ៍បានបន្តទៀតថា ពិធីបុណ្យនេះត្រូវធ្វើឡើងអោយធំ និងខ្ពង់ខ្ពស់ត្រដែតទាំងការនិមន្តព្រះសង្ឃ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំទីធ្លា អនាម័យបរិស្ថាន និងសោភណ្ឌភាព អោយសមទៅនឹងការគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះមាតាបិតា របស់សម្តេចដែលតម្កល់ធាតុនៅវត្តនេះ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងពីការកសាងព្រះវិហារនៃវត្តព្រះបារមីវង្គដ្ឋបូរី ដោយព្រះវិហារវត្តនេះត្រូវបានកសាងឡើងវិញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០២២ ដោយចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយលើការកសាងសមិទ្ធផលនានានៅក្នុងបរិវេនវត្តនេះនោះទេ ។

លោក ឃួង ស្រេង បានបន្តថា ក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ ជាគម្រោងនឹងរៀបចំក្រុមសិល្បៈកំសាន្តជាច្រើនក្រុមដើម្បីសម្តែងជូនទស្សនជនបានមើលកំសាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះចាំការសម្រេចពីគណកម្មាធិការបុណ្យជាតិជាមុនសិន។

គួរបញ្ជាក់ថា ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន កាលពីសៀលថ្ងៃទី១៥ មីនាឆ្នាំ ២០២៣កន្លងមកនេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីនេះផងដែរ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើងដោយគិតគូទាំងសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថាន ទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម មានន័យថា នៅពេលកម្មវិធីចាប់ផ្តើម អ្វីៗ បានត្រៀមរៀបចំរួចជាស្រេច៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ