ព័ត៌មានជាតិ
លំអិតព័ត៌មានជុំវិញករណីស្លាប់ជនសង្ស័យ អ៊ា ណារ៉េន
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកព្រលឹម ថ្ងៃទី១៦ ខែមករា នេះថា ការស្លាប់របស់ជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ដោយសាតែមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ច ទើបសមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នាទៅវិញទៅមក បណ្ដាលឲ្យជនសង្ស័យស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា ដោយយោងទៅលើរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបករណីឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០ និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានគរបាលខេត្តក្រចេះ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៣២ វ ដ វ ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅវេលាម៉ោង១៧ និង៤៦នាទីល្ងាច កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លន និងបានបាញ់មកលើសមត្ថកិច្ច។ ភ្លាមនោះសមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
វត្ថុតាង ដែលបានដកហូតរួមមាន៖ អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ហើយបច្ចុប្បន្នសាកសពបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ចែងតាមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង៥នាទីយប់ មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩ គ្រាប់ ក្បាលគ្រាប់ចំនួន០១គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស០១គ្រឿង នៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ហៅញ៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និងថ្ងាស់០១ គ្រាប់ធ្លាយមកក្រោយ បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ។
សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែលសកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យ ដែលដោះស្លាកលេខចេញ យកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបង ហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌមរិតធ្ងន់រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមច្បាប់។
ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបាញ់សម្លាប់ជនរងគ្រោះចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត ហើយឈ្មោះ រ៉េន ក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែកក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន០២យប់។ បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួន ហើយរូបគេ (កែ ចាន់មាន ) មកលាក់ខ្លួននៅក្នុងវត្តមួយ នៃខណ្ឌព្រែកព្នៅ ០១យប់។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួល ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
ចំណែកជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយា ប្អួនថ្លៃ និងកូនម្នាក់ ។
ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែក កាលពីយប់ថ្ងៃទី០៤ ខែមករា ដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។ ឈ្មោះ រ៉េន ត្រូវគេបញ្ជាក់ថា គឺជាមន្ត្រីយោធា ដែលមានអាវុធជាប់ខ្លួន និងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំ។
ក្រោយមានករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានតាមរករុកជនដៃដល់នៅក្នុងព្រៃតំបន់កោះញែកដោយប្រើកម្លាំងមកពីខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងកម្លាំងនាយកដ្ឋានជំនាញចាប់តាំងពីយប់ថ្ងៃទី៤ ខែមករា រហូតមក។
គួររំលឹកថា នៅម៉ោង៧ យប់ថ្ងៃទី៤ ខែមករា ជនសង្ស័យបានជិះរថយន្តហាយព្រីតពណ៌ខ្មៅបានបើកបំបុកប៉ារ៉ាស់របស់កម្លាំងអាវុធហត្ថស្រុកកោះញែកខេត្តមណ្ឌលគិរី។
ក្រោយមកសមត្ថកិច្ចក៏ប្រដេញតាមពីក្រោយរហូតដល់ចំណុច ភូមិដេអេ ស្រុកពេជ្រាដាក៏ឃាត់រថយន្តខាងលើបាន និងឃាត់ខ្លួនស្ត្រីចំនួនពីរនាក់ និងក្មេងម្នាក់ដែលត្រូវជាប្រពន្ធកូន និងប្អូនសាច់ថ្លៃរបស់ជនសង្ស័យបានចុះគេចខ្លួនចូលទៅក្នុងព្រៃបាត់រួចទៅហើយ។
ក្រោយពេលសួរនាំស្ត្រី ដែលរួមដំណើរខាងលើ ពួកគេបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានចុះពីរថយន្តតាមផ្លូវចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក នៅពេលដែលសមត្ថកិច្ចដេញតាមពីក្រោយ។ ជនសង្ស័យបានរត់គេចរហូតមកក្នុងភូមិសាស្ត្រ នៃខេត្តក្រចេះ។
ជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន អាយុ២៤ ឆ្នាំ និងមានទីលំនៅភូមិអន្លង់វិល ឃុំអន្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលជាអ្នកបើកបរ បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ីហើយបើកករថយន្ត ជូនឈ្មោះរ៉េនទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង លុះពេលមកដល់កន្លែងកើតតហេតុខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ។
បន្ទាប់មកជនរងគ្រោះ បានបើករថយន្តស្ទាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លីភ្ជង់មកលើខ្លួន ដើម្បីឱ្យអែបកៀនព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ។
ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លី ដែលសៀតនៅចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង៕
អត្ថបទ ៖ កោះកែវ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក