ព័ត៌មានជាតិ
អ្នកសារព័ត៌មានមកពី ៤០ ស្ថាប័នចូលរួមវគ្គបណ្ដុះបណ្ដាលពីវិស័យធនាគារ និងហិរញ្ញវត្ថុ
នៅព្រឹកមិញនេះ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះជូនដល់អ្នកសារព័ត៌មាន ៥៨ នាក់ និងការីនិពន្ធ ២០ នាក់មកពី ៤០ ស្ថាប័នក្នុងស្រុក និងអន្តរជាតិផ្សេងៗគ្នា។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។
កម្មវិធីនេះធ្វើឡើង ក៏ដើម្បីរួមចំណែកក្នុងការកសាងភាពធន់ភាពរឹងមាំនៃវិស័យធនាគារ មីក្រូហិរញ្ញវត្ថុនិងវិស័យធានារ៉ាប់រងតាមរយៈការផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះបន្ថែមទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យធានារ៉ាប់រងជូនដល់អ្នកសារព័ត៌មាននៅកម្ពុជា និងការកសាងបណ្តាញនិងរក្សាទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងធនាគារិក ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាផងដែរ។
វគ្គបណ្តុះបណ្តាលចាប់ផ្តើមពីចុងខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៣។ មាតិកាសំខាន់ៗ គ្របដណ្តប់លើតួនាទីរបស់និយ័តករហិរញ្ញវត្ថុ និងសមាគម បទប្បបញ្ញត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង វិន័យទីផ្សារ ប្រតិបត្តិការទីផ្សារនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កិច្ចការពារអតិថិជន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ តួនាទីរបស់ប្រព័ន្ធចែករំលែកឥណទាន ក្នុងការគាំទ្រវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងការណែនាំស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច។
នេះជាលើកទីពីរ ដែលសមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្រោយពីទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៣ នឹងត្រូវបែងចែកជាពីរវគ្គផ្សេងគ្នា ដោយមួយវគ្គសម្រាប់អ្នកសារព័ត៌មានទូទៅ និងមួយវគ្គទៀតសម្រាប់ការីនិពន្ធ។
វាគ្មិនជំនាញៗ មកពីនិយតករ សមាគមវិជ្ជាជីវៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន និងអ្នកពាក់ព័ន្ធ នឹងចូលរួមធ្វើបទបង្ហាញ ចែករំលែកទិន្នន័យ និងឆ្លើយសំណួរពាក់ព័ន្ធ ដែលនឹងក្លាយជាប្រភពព័ត៌មានល្អៗ សម្រាប់ការផលិតមាតិការព័ត៌មាន។ ក្រោយបញ្ចប់វគ្គសិក្សានៅក្នុងថ្នាក់ សិក្ខាកាមទាំងពីរក្រុម នឹងត្រូវចុះទស្សនកិច្ចសិក្សាទៅតាមបណ្តាលខេត្ត ដើម្បីស្វែងយល់ជាក់ស្តែងនូវការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅតាមសហគមន៍ផងដែរ។
ក្រៅពីការបណ្តុះបណ្តាលពង្រឹងចំណេះដឹងមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មាន សមាគមទាំងបី នឹងបង្កើតនូវកម្មវិធីមួយចំនួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងធានាគារិក និងធានារ៉ាប់រងផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា