Connect with us

ព័ត៌មានជាតិ

លោក ស៊្រុន ពៅ៖ បើគ្មានអ្វីឆាឆៅ តម្រូវការជ្រូកថ្ងៃចូលឆ្នាំ​កើនពី ៨ពាន់ទៅ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ

បានផុស

នៅ

តាមការប៉ាន់ស្មានរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា តម្រូវការទីផ្សារជ្រូកក្នុង​ថ្ងៃចូល​ឆ្នាំមានប្រមាណពី ៧ពាន់ ទៅ៨ពាន់ក្បាល ក្នុងមួយថ្ងៃ។ ប៉ុន្តែចូលឆ្នាំ ឆ្នាំនេះ ហាក់មានសន្ទុះគួរកត់សម្គាល់ ប្រសិនបើមិនមានអ្វីឆាឆៅ កំណើនតម្រូវការជ្រូកអាចកើនឡើងពី ៨ពាន់ ទៅ ១ម៉ឺនក្បាល ក្នុងមួយថ្ងៃ។ ការឆាឆៅត្រង់ចំណុចនេះ លោក ស៊ុ្រន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចង់សំដៅដល់​ការនាំចូល​សាច់បង្កកពីក្រៅប្រទេស មកបំពេញតម្រូវការទីផ្សារក្នុងស្រុក ដោយសារសាច់បង្កកមានតម្លៃធូរថ្លៃ ជាងជ្រូកក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស៊្រុន ពៅ ការហូរចូលនៃសាច់បង្កកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុក។ លោកសង្កត់ធ្ងន់ថា អស់រយៈពេលកន្លះឆ្នាំមកហើយ ដែលទីផ្សារជ្រូកនៅកម្ពុជា រងផលប៉ះពាល់ពី​កំណើននៃការ​ហូរចូលជ្រូកពីក្រៅប្រទេស។

លោក ស៊្រុន ពៅ ថ្លែងដូច្នេះថា« ឆ្នាំនេះ ដូចមិនសង្ឃឹមប៉ុន្មានទេ ដោយសារសាច់បង្កកវាយលុកនៅលើទីផ្សារ ចំណែកសាច់ជ្រូកយើងកើនតិចតួច ហើយតម្លៃក៏ដូចគ្នា មិនសង្ឃឹមថា អាចលក់បានតម្លៃរូចខ្លួនទេ បើសិនជានៅ​បន្តមានសកម្មភាពបែបនេះ»។

តម្លៃដែលអ្នកចិញ្ចឹមអាចទទួលយកបាន គឺចាប់ពី ១គីឡូ ១ម៉ឺនរៀល ឡើងទៅ ខណៈបច្ចុប្បន្ន តម្លៃជ្រូករស់ មួយគីឡូ តម្លៃត្រឹមតែ ៨ពាន់រៀលប៉ុណ្ណោះ។ នេះជាការបន្ថែមរបស់លោក ស៊្រុន ពៅ។

ទន្ទឹមនឹងនេះ លោក ស៊្រុន ពៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់ភោជនីយដ្ឋាន ហាងលក់​ចំណីអាហារ និងតាមពិធីបុណ្យការនានា ជួយទិញជ្រូកដែលចិញ្ចឹមក្នុងស្រុកយកទៅផ្គត់ផ្គង់តម្រូវការ ដើម្បីជួយទីផ្សារ​ជ្រូកនៅកម្ពុជា ខណៈដែលសព្វថ្ងៃនេះ ជ្រូកចិញ្ចឹមលើសតម្រូវការយ៉ាងច្រើន។ ជាមួយនឹងចំនួន​ជ្រូក​សល់ច្រើន​លើសលប់ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បារម្ភថា ប្រជាកសិករ អាចនឹងបោះបង់មុខរបរនេះចោល ដោយទៅចាប់​មុខរបរផ្សេងជំនួសវិញ នឹងធ្វើឱ្យកម្ពុជា ប្រឈមការខ្វះខាតសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម