ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ បង្ហាញពីបញ្ហាប្រឈមដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានអះអាងថា មានបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ថ្លែងក្នុងនៅសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅស្រុកថ្មគោលខេត្តបាត់ដំបងនៅថ្ងៃទី ៤ មេសា លោក រ័ត្ន សុវណ្ណនរៈ បានបន្តថា បញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនេះ រួមមាន ការចងការប្រាក់ក្រៅប្រព័ន្ធដោយគ្មានច្បាប់អនុញ្ញាត ការគិតកម្រៃសេវាឥណទានខ្ពស់ ការខ្ចីប្រាក់ច្រើនលើសលុប ការប្រមូលប្រាក់របស់ជនខិលខូចក្នុងរូបភាពសន្សំ ឬការវិនិយោគ និងការអនុវត្តការងាររបស់បុគ្គលិកឥណទានដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ជាដើម។
ដោយមើលឃើញពីសារៈសំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀត ក្នុងនោះបានអនុញ្ញាតឱ្យវិស័យនេះមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាពនិងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។ នេះជាការបន្ថែមរបស់លោក រ័ត្ន សុវណ្ណនរៈ។
លោក រ័ត្ន សុវណ្ណនរៈ បច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។
ចំណែក លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូក៏បានលើកឡើងដែរថា ទោះបីកន្លងមកនេះ កម្ពុជាទទួលផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប៉ុន្តែវិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សាបាននូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជានិច្ច។ ជាក់ស្ដែងគិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ ៤៤,៤ ទ្រីលានរៀល (ស្មើ នឹង ១០,៨ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៨,៩ ទ្រីលានរៀល (ស្មើនឹង ៩,៥ ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង ២,១ លានគណនី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើ សរុបប្រមាណ ១៩,៤ ទ្រីលានរៀល (ស្មើនឹង ៤,៧ ប៊ីលានដុល្លារអាមេរិក) ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២,៧ លានគណនី។
ជាមួយគ្នានេះដែរលោក ម៉ែន ភក្ដី បានចាត់ទុកលទ្ធផលដែលសម្រេចបានកន្លងមកនេះថាបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមសហការ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីចំពោះតិថិជនក្នុងការប្រកបអាជីវកម្ម ក៏ដូចការលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ។
យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ នៅស្រុកថ្មគោល មានគ្រឹះស្ថានចំនួនមីក្រូហិរញ្ញវត្ថុចំនួន២១ កំពុងធ្វើប្រតិបត្តិការ ក្នុងនោះបានផ្តល់សេវាឥណទានសរុបប្រមាណ៣៦លានដុល្លារ ដល់ប្រជាពលរដ្ឋចំនួន ១១,៩១៤ គ្រួសារ ដែលមាន៥៤.១%ជាស្រ្តី ៕ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍១៤ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល