ព័ត៌មានជាតិ
កម្ពុជាមានករណីជំងឺគ្រុនឈាម ១ ពាន់ករណីស្លាប់៣នាក់កើនឡើងជាង ១៨០% រយៈពេល ៣ ខែ
នៅក្នុងរយៈពេល ៣ ខែឆ្នាំ២០២៣ នេះកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ១ ១៧៦ ករណីក្នុងនោះស្លាប់ចំនួន ៣ នាក់មានការកើនឡើងជាង ១៨០ ភាគរយបើធៀបទៅនឹងរយៈពេល៣ខែដូចគ្នាឆ្នាំ ២០២២ កន្លងទៅ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥ ខែមេសានេះថា ៣ ខែឆ្នាំ២០២៣នេះមានករណីជំងឺគ្រុនឈាមសរុបចំនួន ១ ១៧៦ ករណីក្នុងនោះស្លាប់មានចំនួន៣នាក់មានការកើនឡើង ១៨២% បើធៀបទៅនឹងរយៈពេល៣ខែដូចគ្នាឆ្នាំ២០២២កន្លងទៅដែលមានត្រឹមតែ ៤១៧ ករណីក្នុងនោះស្លាប់១នាក់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបានបន្តថា រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមានខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ ខេត្តព្រះសីហនុនិងខេត្តតាកែវ។
លោកវេជ្ជបណ្ឌិតបានប៉ាន់ស្មានថា ស្ថានភាពជំងឺគ្រុនឈាមអាចនឹងកើនឡើងដល់ជាង ២ ម៉ឺន ករណីខ្ពស់ជាងឆ្នាំ២០២២ ដែលមានករណីជំងឺគ្រុនឈាមជាង ១២ ៥០០ ករណីក្នុងនោះស្លាប់ ១៩ ករណីដោយសារវាជាឆ្នាំកៀកទៅនឹងវដ្ដនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ ២០១៩។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបេតចំនួន ២០០ តោន សេរ៉ូមជិត ៦ ម៉ឺនប្លោក និងថ្នាំបាញ់សម្លាប់មូសជិត ៥ ពាន់លីត្រដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំ ២០២៣នេះ។
ជាមួយគ្នានេះដែរក្រសួងក៏មានត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុអនឡាញ និងទូរទ្សសន៍ដើម្បីបញ្ជ្រៀបដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតបានណែនាំថា ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់អាណាព្យាបាល មាតាបិតាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករនិងម្ចាស់ជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូសូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ