ព័ត៌មានជាតិ
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តទទួលអំណរសាទរឆ្នាំថ្មី
ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស២០២៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្ប: សិល្បករ សិល្បការិនី មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។
ជាងនេះទៀត ពិធីសូត្រមន្តចម្រើនព្រះបរិត្ត គឺប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនស្ថាប័ន ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវក្តីរីករាយក្នុងឱកាសពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបានជួបជុំជាមួយមន្ត្រីរាជការ សមាជិក សមាជិកា ក្រោមឱវាទ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងដើម្បីបង្សុកូលឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃ ចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសដ៏មង្គលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរគោរពថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ក៏បានអញ្ជើញសំណេះសំណាលនិងទស្សនារបាំត្រុដិដែលសម្តែងដោយសិល្បករ សិល្បការិនីនៃសាលាមធ្យមវិចិត្រសិល្បៈ៕
រូបភាព ៖ លោកត្រឡុង បូរិន







-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?