ព័ត៌មានជាតិ
មកដឹងពីទំនៀមនៃការផ្លាស់វេនទេវតាឆ្នាំថ្មី
តាមទំនៀម ការផ្លាស់វេនទេវតាឆ្នាំនីមួយៗ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺតម្រូវឱ្យរាជបុត្រីទាំង ៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរសាកបិលមហាព្រហ្មជាបិតា មុននឹងចុះទៅបំពេញភារកិច្ចរក្សាមនុស្សលោក បើសិនជាថ្ងៃចូលឆ្នាំ ចំថ្ងៃណា បុត្រីអង្គនោះគឺត្រូវជាអ្នកចុះបំពេញតួនាទី ពោលទេវតាឆ្នាំថ្មី ឆ្នាំកុរ ២០២៣នេះ ថ្ងៃសង្ក្រាន្តគឺចំថ្ងៃសុក្រ ជាវេនរបស់រាជបុត្រីទី៦ នៃកបិលមហាព្រហ្ម ព្រះនាម កិមិរាទេវី ។
បើតាមសៀវភៅមហាសង្ក្រាន្ត សិក្សាស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ បញ្ជាក់ថា រាជបុត្រីទី៦ ព្រះនាម កិមិរាទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌សេត (ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កា ចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ ព្រះខ័ន្ឌ ព្រហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា(ក្របី) ជាយានពាហនៈ។
ការដង្ហែព្រះសិរសាកបិលមហាព្រហ្ម គឺអាចផ្សារភ្ជាប់ទៅនឹងអត្ថន័យនៃព្រហ្មវិហារធម៌ទាំង៤ របស់មនុស្ស រួមមាន មេត្តា ករុណា មុទិតា និង ឧបេក្ខា។ នៅក្នុងតំណាលរឿង នៅពេលគ្រវែង ព្រះសិរសាសកបិលមហាព្រហ្ម ដល់ដីឆេះដី ដល់សមុទ្ររីងសមុទ្រ ដល់អាកាសឆេះអាកាស ដែលមានន័យប្រដូចទៅនឹងបុគ្គលថា ប្រសិនបើបោះបង់ព្រហ្មវិហារធម៌ ក្នុងខ្លួនចោលហើយ គឺអាចបង្កឱ្យលោកវិនាសបាន។ បើចំពោះមាតាបិតា បើបោះព្រហ្មវិហារធម៌ចោលហើយ គឺស្មើនឹងធ្វើបាបកូន។ ឯមន្រ្ដីរាជការ បើបោះព្រហ្មវិហារធម៌ចោលហើយ នោះនឹងធ្វើបាបរាស្រ្ដ កេងទ្រព្យសម្បត្តិជាតិ។
ហេតុនេះហើយ នៅរាល់ពេលដែលទេវធីតាផ្លាស់វេនគ្នា គឺត្រូវកាន់គុហាកែវធម្មមាលី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ជាមួយនឹងភាលៀងមួយសែនកោដិ ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី មុននឹងចុះមក។ ថ្ងៃមហាសង្ក្រាន្តសម្រាប់ឆ្នាំកុរនេះ គឺចំថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។
ដោយឡែកនៅថ្ងៃសៅរ៍ ១០រោច ខេចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ២០២៣ ជាវារៈវន័បត។ ឯថ្ងៃអាទិត្យ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រិស្តសករាជ២០២៣ វេលាម៉ោង ៨ និង ០២នាទី និង ២៤វិនាទី ជាវារៈឡើងស័កគម្រប់ជាសង្ក្រាន្ត ៣ថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំថោះ បញ្ចស័ក មហាសករាជ ១៩៤៥ ចល្លសករាជ ១៣៨៥ តទៅ។
គួររម្លឹកថា នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃនេះ ប្រជាពលរដ្ឋប្រុសស្រី ត្រូរៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី