Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាប់ទាក់ទងនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ប្រពៃណី និងសុជីវធម៌

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន គឺជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ ផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាដើម្បី «ពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ២១ ខែមេសាម្សិលមិញ។

ក្នុងវេទិកានេះ ក៏មានការចូលរួមពីអ្នកសារព័ត៌មានជើងចាស់ ដែលមានពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេសដូចជា៖ (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្ប៉ាញ) រួមទាំងសមាជិក សមាជិកា ក.អ.ក និង​អ្នក​សារព័ត៌មាន​ចូល​រួម​ជាង​ ៥០០​នាក់​។

នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរចំពោះក្លិបអ្នកកាសែតកម្ពុជា​ ដែលជាសមាគមដំបូងគេបានលើកជជែកអំពីការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាពេលនេះ។

លោករលឹកថា ក្រមសីលធម៌ គឺជាអាវក្រោះមួយដែលការពារអ្នកសារព័ត៌មាន ហើយក្រមសីលធម៌នេះ ក៏ជាប់ទាក់ទងទៅនឹងការយល់អំពីច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសុជីវធម៌ ជាដើម។

លោក ខៀវ កាញារីទ្ធ បា​នលើកឧទាហរណ៍មួយដែលអ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃម្សិលមិញ បានសម្ភាសន៍ឪពុករបស់ជនរងគ្រោះ ដែលកូនត្រូវគេសម្លាប់ថា តើមានអារម្មណ៍បែបណានោះ? គឺអ្នកសារព័ត៌មាននោះ បានធ្វើខុសហើយ។

លោកថ្លែងបែបនេះថា «ដូចថ្ងៃមិញឃើញ ឯកឧត្ដម ជុំ កុសល គាត់លើកបន្តិចដែរ រឿងគេសម្លាប់កាត់ក្បាលនៅស្វាយរៀង រួចសម្ភាសន៍ឪពុកគេថា មានអារម្មណ៍យ៉ាងម៉េចដែរ ចឹងអាហ្នឹងខុសហើយ មិនត្រូវទេ»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ទៀតថា ពាក្យថា ក្រមសីលធម៌ គឺពាក់ព័ន្ធទៅនឹងសុជីវធម៌ ការយល់ដឹងអំពីច្បាប់ រហូតដល់ទំនៀមទម្លាប់ ប្រពៃណី ផងដែរ។

សូមជម្រាបថា បន្ទាប់ពីយល់ឃើញថា ក្រមសីលធម៌ គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏សំខាន់​សម្រាប់​ការប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មានក្នុងការងារប្រចាំថ្ងៃនោះ គឺក្លិប​អ្នកកាសែតកម្ពុជា បានតាក់តែងក្រមសីល​ធម៌នៃវិជ្ជាជីវៈ​សារព័ត៌មាន​ភ្លាមៗ ​ក្រោយពីថ្ងៃបង្កើតក្លិប​អ្នកកាសែតកម្ពុជា មក។

ក្នុងនោះដែរ ក្លិបអ្នកកាសែតកម្ពុជា ក៏បានពិនិត្យ និង​បាន​កែស​ម្រួលជាបន្តបន្ទាប់ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​អ្នក​សារព័ត៌មាន​ឲ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈ​នេះតែម្តង​ដែល​ជា​ខែ​លការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់៕ 

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម