Connect with us

នយោបាយ

តើកូនថ្នាក់ដឹកនាំបក្សប្រជាជនណាខ្លះឈរជាបេក្ខជនតំណាងរាស្ត្រឆ្នាំ២០២៣?  

បានផុស

នៅ

មន្ត្រីគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅ២៥ រាជធានី-ខេត្ត ដែលក្នុងនោះ បេក្ខជនឈរឈ្មោះពេញសិទ្ធិ ១២៥ រូប និងបេក្ខជនបម្រុង ១៤៩ រូប ខណៈបេក្ខជនជាស្រ្តីមាន ៥៤ រូប។ ជាការកត់សម្គាល់ គណបក្សប្រជាជនកម្ពុជាក៏បានដាក់បញ្ចូលអ្នកបន្តវេនថ្មីៗមួយចំនួនដែរក្នុងបញ្ជីជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាណាខ្លះត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ?

យោងតាមបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា កូនប្រុសច្បងរបស់សម្ដេចតេជោ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីផងនោះ គឺត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះពេញសិទ្ធិនៃមណ្ឌលរាជធានីភ្នំពេញ ខណៈឯកឧត្តម ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់សម្ដេច គឺត្រូវបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។

ក្រៅពីកូនរបស់សម្ដេចតេជោ ក៏នៅមានកូនៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតផងដែរ ដែលត្រូវបានចាត់តាំងឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ រួមមាន៖

១/ លោក ស សុខា កូនប្រុសរបស់សម្ដេចក្រឡាហោម ស ខេង គឺឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី២ មណ្ឌលខេត្តព្រៃវែង។ សព្វថ្ងៃលោក ស សុខា កំពុងកាន់ដំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

២/ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រុសរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ គឺត្រូវឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តព្រះសីហនុ។

៣/ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៣ មណ្ឌលខេត្តសៀមរាប ខណៈឪពុករបស់លោក គឺសម្ដេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៃមណ្ឌលជាមួយគ្នានេះ។

៤/ លោក យឹម លាត ឈរជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជានៅលេខរៀងទី៤ មណ្ឌលខេត្តកំពង់ធំ។ លោក យឹម លាត គឺជាកូនប្រុសរបស់លោក យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

៥/ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាកូនប្រុសលោក ឌិត មន្ទី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា គឺត្រូវឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៦ នៃបញ្ជីបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ។

៦/ លោកស្រី ចម និម្មល កូនស្រីរបស់លោក ចម ប្រសិទ្ធ គឺឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ នៃបញ្ជីបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពត ខណៈឪពុករបស់លោកស្រី ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិតែម្នាក់គត់នៃមណ្ឌលខេត្តកែប៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម