ព័ត៌មានជាតិ
ប៉ុស្តិ៍សុខភាព ដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គ្រោះពលរដ្ឋនៅតំបន់ដាច់ស្រយាល
ប៉ុស្តិ៍សុខភាព ត្រូវបានរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយាលដែលទទួលផលចាត់ទុកថា បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់រង់ចាំសង្គ្រោះព្យាបាល ទោះបីដង់ស៊ីតេប្រជាជនមិនទាន់អាចបង្កើតជាមណ្ឌលសុខភាពក៏ដោយ។
លោក សុខ កុសល ជាពលរដ្ឋរស់នៅភូមិទ័ពខ្លី និងអ្នកស្រី ហម លក្ខណ៍ ជាពលរដ្ឋរស់នៅភូមិសំរោង ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង បានលើកឡើងព្រមៗគ្នា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ថា តាំងពីពួកគាត់កើតរហូតដល់ឆ្នាំ ២០១៥ មូលដ្ឋានឃុំមួយនេះពិតជាលំបាកកម្សត់ខ្លាំង គ្មានផ្លូវ គ្មានសាលារៀន មន្ទីរពេទ្យ ស្ពាន និងចំនួនមនុស្សច្រើនដូចសព្វថ្ងៃនេះទេ។
តំណាងពលរដ្ឋទាំងពីរខាងលើបន្ថែមថា ពួកគាត់តែងលំបាក ព្រោះជាតំបន់ដាច់ស្រយាលពីទីប្រជុំជនស្រុក រីឯមុខរបរមានតែការធ្វើស្រែ និងរកអនុផលព្រៃឈើ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៦ និង ២០១៧ មានលោកបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងារ បានពិនិត្យជីវភាពរស់នៅ ដោយឃើញថា លំបាកប្រាកដ ក៏លោកបណ្ឌិត បានផ្តល់កសាងជាប៉ុស្តិ៍សុខភាពជូនពលរដ្ឋ។
ពលរដ្ឋអះអាងថា ការទទួលបានប៉ុស្តិ៍សុខភាពនេះហើយ មានតួនាទីសំខាន់ក្នុងការពិនិត្យព្យាបាលជំងឺ មិនថាយប់ ឬថ្ងៃឡើយ បើធៀបនឹងមិនទាន់មាន ត្រូវឲ្យមានការលីសែងអ្នកជំងឺទៅកាន់ប៉ុស្តិ៍សុខភាពនៅឃុំដទៃ។ ខ្លះមានសំណាងក៏រស់ ខ្លះក៏ស្លាប់តាមផ្លូវ គ្រាមិនមានផ្លូវ ស្ពាន សាលារៀន ប៉ុស្តិ៍សុខភាព និងវត្តអារាម ដូចបច្ចុប្បន្ននោះទេ។
លោក ម៉ាល ស៊ី ជាមេភូមិសំរោង យល់ស្របទៅនឹងអ្វីដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋផងដែរ អំពីវត្តមានប៉ុស្តិ៍សុខភាពដែលកកើតមានក្នុងមូលដ្ឋាន។ ក្នុងនាមលោក និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងារ ដែលយកចិត្តទុកដាក់ពីសុខុមាលភាពពលរដ្ឋនៅឆ្ងាយដាច់ស្រយាល និងមានតម្រូវការខ្ពស់ផ្នែកព្យាបាលជំងឺ។
លោកមេភូមិសំរោង ក៏បង្ហាញក្តីរំពឹងដែរថា នៅថ្ងៃមុខ ប៉ុស្តិ៍សុខភាពនេះ ក្លាយជាមណ្ឌលសុខភាពស្តង់ដារមួយសម្រាប់បម្រើជូនពលរដ្ឋ ព្រោះប៉ុស្តិ៍សុខភាពមានសភាពតូចចង្អៀតបន្តិច ប្រសិនបើមានបន្ទប់សម្រាលស្នាក់នៅព្យាបាលគឺកាន់តែល្អប្រសើរ។
ទន្ទឹមនោះមានផ្លូវលំស្អាត ស្ពានឆ្លងកាត់ សាលារៀន ប៉ុស្តិ៍សុខភាព និងវត្តអារាម លោក ម៉ាល ស៊ី ក៏ស្នើសុំឲ្យមានការដំឡើងអង់តែនសេវាទូរស័ព្ទ និងភ្លើងអគ្គិសនីប្រើប្រាស់ ត្បិតភូមិរបស់លោកជាមូលដ្ឋានឆ្ងាយដាច់ស្រយាលពីទីរួមស្រុក។
លោក កាន់ បញ្ញាវុធ ប្រធានប៉ុស្តិ៍សុខភាពប្រឡាយ បានរម្លឹកថា កំឡុងពេលមិនទាន់មានប៉ុស្តិ៍សុខភាព ប្រជាពលរដ្ឋជួបប្រទះនូវភាពលំបាកច្រើនខ្លាំង ពេលមានជំងឺម្តងៗ ពិសេសជំងឺគ្រុនចាញ់ និងសម្រាលកូន ដោយតម្រូវឲ្យនាំគ្នាលីសែងទៅកាន់សេវាសុខភាពនៅឯតំបន់ឆ្ងាយ។
លោក បញ្ញាវុធ បន្ថែមថា ក្រោយទទួលបានប៉ុស្តិ៍សុខភាពមក លោក និងក្រុមគ្រូពេទ្យដទៃ ស្វាគមន៍ផ្ដល់សេវាជូនពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ករណីជំងឺធ្ងន់ធ្ងរលើសពីសមត្ថភាព នឹងបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំឫស្សីជ្រុំ ក្បែរទីរួមស្រុក ឬ ទៅមន្ទីរពេទ្យខេត្ត តាមរយៈរថយន្ត។ អ្វីដែលលោកចង់បាន គឺភ្លើងអគ្គិសនី និងសេវាទូរស័ព្ទ ព្រោះតម្រូវការចាំបាច់សម្រាប់ទំនាក់ទំនងការងារប្រចាំថ្ងៃ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ