ព័ត៌មានជាតិ
ការបង្កសម្លេងរំខាន ទោះបីមិនសម្លាប់ជីវិតមនុស្សក៏ដោយ តែបង្កផលប៉ះពាល់ដល់អ្នកដទៃ ជាពិសេសអ្នកជំងឺតាមមន្ទីរពេទ្យ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា សម្លេងរំខាន មិនចោទជាបញ្ហាសម្រាប់អ្នកដែលពុំមានបញ្ហាសុខភាព ហើយទោះបីសម្លេងរំខានទាំងនេះ មិនសម្លាប់ជីវិតមនុស្សក៏ដោយមែន ប៉ុន្តែវាបង្កការប៉ះពាល់ដល់សិទ្ធិរស់នៅ និងអារម្មណ៍របស់អ្នកដទៃ ជាពិសេសអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ ឬនៅលំនៅឋាន ដែលត្រូវការភាពស្ងប់ស្ងាត់ជាប្រចាំ និងសិស្ស-និស្សិតដែលត្រូវការផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅក្នុងលិខិតទៅកាន់និពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ នាល្ងាចថ្ងៃទី១៩ ខែមករា នេះ។ លោកលើកឡើងថា បន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីណែនាំ ស្តីពីការបង្កសម្លេងរំខានដោយយានយន្តគ្រប់ប្រភេទ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សង្កេតឃើញថា ឆ្លងតាមសេចក្តីណែនាំនេះ ប្រជាពលរដ្ឋទូទៅបានសម្តែងការអបអរសាទរ និងសន្យាចូលរួមអនុវត្តយ៉ាងសកម្ម ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន។ ទន្ទឹមនេះ ក៏មានមតិមួយចំនួនសម្តែងការយល់ឃើញផ្សេងៗថា ការណែនាំឲ្យលុបបំបាត់ការបង្កសម្លេងពីយានយន្តកែច្នៃ គឺជារឿងល្អក្នុងការកាត់បន្ថយការរំខានដល់ពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណុចដែលមានហានិភ័យខ្ពស់ ក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតនោះទេ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ការដាក់ចេញនូវវិធានការលុបបំបាត់សម្លេងរំខានលើសកម្រិត ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទ គឺមិនមែនជារឿងថ្មីនោះទេ។ កិច្ចការនេះត្រូវបានចាត់តាំងអនុវត្តស្របតាមស្មារតីនៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ និងអនុក្រឹត្យចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសម្លេង ដែលបានកំរិតកំណត់សម្លេងអតិបរមាអនុញ្ញាតឲ្យបញ្ចេញសម្លេងនៅលើផ្លូវសាធារណៈចំពោះយានយន្ត និងកំរិតកំណត់សម្លេងអតិបរមាដែលអនុញ្ញាតនៅតំបន់សាធារណៈ និងតំបន់លំនៅឋាន ដែលក្នុងនោះ រួមទាំងតំបន់មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ និងគ្រឹះស្ថានរដ្ឋបាលជាដើម។
បើតាមលោក ខៀវ សុភ័គ ផ្អែកលើមូលដ្ឋានគតិយុត្តិខាងលើនេះ ប្រតិកម្មបែបចំអក និងមើលស្រាលចំពោះវិធានការនេះ ហាក់ដូច ជាមានការរើសអើង និងមិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ឬជាអ្នករងគ្រោះដោយប្រយោល ដោយសារសម្លេងរំខានទាំងនេះឡើយ។ លោកថា “សម្លេងរំខានអាចមិនចោទជាបញ្ហាសម្រាប់អ្នកដែលពុំមានបញ្ហាសុខភាព ហើយទោះបីសម្លេងរំខានទាំងនេះ មិនសម្លាប់ជីវិតមនុស្សក៏ពិតមែន ប៉ុន្តែវាបង្កការប៉ះពាល់ដល់សិទ្ធិរស់នៅ និងអារម្មណ៍របស់អ្នកដទៃ ជាពិសេសអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ ឬនៅលំនៅឋាន ដែលត្រូវការភាពស្ងប់ស្ងាត់ជាប្រចាំ និងសិស្ស-និស្សិតដែលត្រូវការផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រ ទោះនៅតាមគ្រឹះស្ថានអប់នានាក្តី ឬនៅតាមលំនៅឋានក្តី”។
ក្នុងន័យនេះ លោក ខៀវ សុភ័គ បញ្ជាក់ថា “ទោះបីសម្លេងរំខានមិនកើតមានឡើងនៅគ្រប់ទីកន្លែង និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ដោយ ប៉ុន្តែវិធានការនេះ គឺជាការអនុវត្តន៍ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល ដែលកំពុងស្ថិតនៅជាធរមាន ដោយគ្មានការរើសអើង ដើម្បីរួមចំណែកការពារចំពោះ ប្រជាពលរដ្ឋក្នុងចំនួនសមាមាត្រណាមួយនោះ ដែលជាអ្នករងគ្រោះ ដោយសារការរំខានមកពីសម្លេង ហើយដែលផលប៉ះពាល់បង្កឡើងដោយបញ្ហានេះមិនគួរត្រូវបានមើលស្រាលនោះឡើយ។ នេះគឺជាវិធានការដែលត្រូវបានចាត់តាំងអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់រាជរដ្ឋាភិបាល ហើយអ្នករិះគន់ ដែលខ្វះមូលដ្ឋានពិចារណាផ្អែកលើស្មារតី នៃច្បាប់ មានន័យថា ជាអ្នកបដិសេធមិនគោរពច្បាប់”។

លោក ខៀវ សុភ័គ លើកឡើងដែរថា ការដាក់ចេញវិធានការលុបបំបាត់សម្លេងរំខាននេះ មិនមែនមានន័យថា អាជ្ញាធរមានសមត្ថកិច្ច មិនបានយកចិត្តទុកដាក់គិតគូរដល់បញ្ហាចរាចរណ៍នោះទេ។ ជាក់ស្តែង ការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ត្រូវបានចាត់តាំងអនុវត្តជាប្រចាំ ជាពិសេសចាប់តាំងពីចុងឆ្នាំ២០១៥ នៃដំណើរការយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានផ្តើមចេញពីវិធានការផ្សព្វផ្សាយអប់រំ និងវិធានការបន្តបន្ទាប់ជាដំណាក់កាលៗ ដូចជា ការត្រួតពិនិត្យ ការផាកពិន័យ និងរហូតឈានដល់ការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់មួយចំនួនទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រា គ្រោះថ្នាក់ឲ្យបានជាអតិបរមា។ លោកបន្តថា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានកំណត់ជាឆ្នាំ នៃការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះ២៣ភាគរយ អ្នកស្លាប់ថយចុះ១៧ភាគរយ និងអ្នករបួសថយចុះ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ការថយចុះនៃអត្រាគ្រោះថ្នាក់នេះ មិនទាន់រាប់បញ្ចូលនូវកំណើនយានយន្តគ្រប់ប្រភេទ អ្នកប្រើប្រាស់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំនៅឡើយទេ។ ការសម្រេចបានលទ្ធផលវិជ្ជមាននេះ ដោយសារមានការចូលរួមគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន រួមទាំងកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់ផ្លូវសាធារណៈ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ