ព័ត៌មានជាតិ
លើកដំបូង កម្ពុជា គ្រោងបញ្ជូនមន្ត្រីនគរបាលជាតិ ចូលរួមបេសកកម្មថែរក្សាសន្តិភាព អ.ស.ប
កម្ពុជានឹងមានមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារចូលរួមក្នុងបេសកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប)ជាលើកដំបូងនាពេលខាងមុខនេះ បន្ទាប់ពីកងទ័ពមួកខៀង។
នៅក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលរៀបចំជ្រើសរើសបេក្ខភាព មន្ដ្រីជំនាញនគរបាលជាតិ និងមន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប)កាលពីសៀលថ្ងៃទី២៨មេសា លោក អ៊ួង ចន្ធី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានលើកឡើងថា ការជ្រើសរើសបេក្ខភាពមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ របស់ក្រសួងមហាផ្ទៃ ឱ្យចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព គឺជាការងារថ្មីមួយសម្រាប់មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ។ លោកបានបន្ដថា មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ត្រូវមានលក្ខខណ្ឌច្រើន មុនចេញដំណើរទៅបំពេញការងារ ក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/343559206_787751172489006_5563332429184244621_n-1024x653.jpg)
លោក ដាំ វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច បានមានប្រសាសន៍ថា បេក្ខភាពមន្ដ្រីជំនាញនគរបាលជាតិ មន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាពត្រូវមានលក្ខខណ្ឌដូចជា៖ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រ នគរបាលយុត្តិធម៌ព្រហ្មទណ្ឌ វិទ្យាសាស្ដ្រសង្គម ឬជំនាញដែលពាក់ព័ន្ធ, មានបទពិសោធន៍ការងារ ជាពិសេសចេះភាសាបារាំង និងចេះបើកបររថយន្ដផងដែរ។
លោកអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ឱ្យទៅបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព និងមានទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសម្របសម្រួលការជ្រើសរើស ឱ្យបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/315980730_684334239730038_7433040443600834347_n-edited-1024x576.jpg)
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លោក ម៉ៅ សុភារម្យ អគ្គនាយករងនិងជាប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្ដែងនូវសេចក្ដីរីករាយចំពោះមន្ដ្រីពន្ធនាគារ ដែលមានឱកាសចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព ដែលជាកិច្ចការងារមួយដ៏មានសារៈសំខាន់បំផុត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជួនកងទ័ពមួកខៀវសរុបចំនួន ៨៨៥៩នាក់ក្នុងនោះ នារីមានចំនួន ៦៨១នាក់ទៅចូលរួមក្នុងបេសកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប) នៅតាមបណ្តាប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និងម៉ាលី។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះ នារីមានចំនួន ១៣០នាក់ កំពុងបំពេញបេសកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកណ្ដាល៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ