ព័ត៌មានជាតិ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ប្រទេសនីមួយៗចាំបាច់ត្រូវមានឆ្មបជំនាញគ្រប់គ្រាន់
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ លើកឡើងថា ប្រទេសនីមួយៗចាំបាច់ត្រូវមានឆ្មបជំនាញគ្រប់គ្រាន់ ហើយឆ្មបជំនាញទាំងនោះត្រូវទទួលបានជាប្រចាំ នូវការបង្វឹកបំប៉នជំនាញ ទទួលបាននូវចំណេះដឹងថ្មីៗ ដែលមានប្រសិទ្ធភាព សម្រាប់ការផ្តល់សេវាថែទាំ ជួយសង្គ្រោះ និងព្យាបាលទាន់ពេលវេលា។

ក្នុងសារលិខិត ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាថ្មី: ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ” សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកឡើង ប្រធានបទនេះ បានផ្តោតជាសំខាន់ទៅលើការប្ដេជ្ញាចិត្តរួមរបស់ប្រទេសទាំងអស់ជា សមាជិករបស់អង្គការសុខភាពពិភពលោក ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ ក្នុងការខិតខំប្រឹងប្រែង ដោយប្រមូលគ្រប់លទ្ធភាព និងធនធានដែលមានមកវិនិយោគលើការងារឆ្មប ដើម្បីមានឆ្មបជំនាញគ្រប់គ្រាន់ ពោលគឺ ត្រូវមានឆ្មប គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតដែលបំពេញការងារជួយស្រ្តីក្នុងការសម្រាលកូន អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់នៃការថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ ស្ត្រី មាតា ទារក និងកុមារ។ ឆ្មបជំនាញគ្រប់ៗរូប បាន និងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការតាមដានរកដើមហេតុនៃបញ្ហា និងផលវិបាកនានា ដើម្បីទប់ស្កាត់ជំងឺ ព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងគោលបំណងកាត់បន្ថយអត្រា នៃការស្លាប់របស់មាតា ទារក និងកុមារ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា ប្រទេសនីមួយៗចាំបាច់ត្រូវមានឆ្មបជំនាញគ្រប់គ្រាន់ ហើយឆ្មបជំនាញទាំងនោះត្រូវទទួលបានជាប្រចាំ នូវការបង្វឹកបំប៉នជំនាញ ទទួលបាននូវចំណេះដឹងថ្មីៗ ដែលមានប្រសិទ្ធភាព សម្រាប់ការផ្តល់សេវាថែទាំ ជួយសង្គ្រោះ និងព្យាបាលទាន់ពេលវេលា។ ក្រៅពីការផ្តល់សេវាសម្រាលកូន កាតព្វកិច្ចសំខាន់មួយទៀត គឺ ការថែទាំស្រីក្នុងពេលមានគភ៌ និងការថែទាំមាតា ទារក ក្រោយពេលសម្រាល រួមទាំងផ្តល់ការអប់រំអំពី អាហារូបត្ថម្ភ ការចិញ្ចឹមថែទាំទារក និងកុមារតូច។ បន្ថែមពីលើនេះ ឆ្មបជំនាញអាចជួយស្រ្តីក្នុងការទទួលបាននូវសេវាពន្យារកំណើតតាមតម្រូវការ និងតាមប្រាថ្នា ផ្តល់ការពិនិត្យតាមដាន ជំងឺមហារីកសុដន់ ឬ មហារីកមាត់ស្បូន និងជួយស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថែមទៀត។ ដូចបុគ្គលិកសុខាភិបាលដទៃទៀតដែរ ទោះបីមានមុខងារជាឆ្មបជំនាញក៏ដោយ ក៏ឆ្មបជំនាញទាំងអស់នោះមិនបាន រាថយឡើយក្នុងការប្រឈមនឹងជំងឺឆ្លងជាសាកល រួមទាំងជំងឺកូវីដ-១៩ផង។ អាស្រ័យហេតុនេះហើយ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ពិតជាមានអត្ថន័យ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញការប្តេជ្ញាចិត្ត របស់ប្រទេសទាំងអស់ក្នុងសាកលលោកឱ្យរួមគ្នាជាថ្មី : ពីភស្តុតាងជាក់លាក់ទៅជាការអនុវត្តពិតប្រាកដ និងត្រូវបន្តការវិនិយោគលើការងារឆ្មប ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្ដែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងចំពោះ ការសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ ដូចដែលបានបញ្ជាក់ដោយការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការ កើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២២ ដែលធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ ១៥៤ករណី ក្នុង ១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅ ៨ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២ និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ ដល់ ១៦ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២។

ទោះបីជាយ៉ាងណា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា យើងមិនត្រូវស្កប់ស្កល់នឹងវឌ្ឍនភាពខាងលើនេះឡើយ ដូចនេះហើយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក