Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ កត្តាសន្តិភាពបានជំរុញឲ្យ កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងអាណាចក្រ និង ពុទ្ធចក្រ

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា កត្តា​សន្តិភាព​បាន​ជំរុញ​ឲ្យ​កម្ពុជា មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​លក្ខ​រាជា ស្ថិតនៅ​ឃុំ​កំពង់ចក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង ១.៥០០ នាក់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧ រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៣។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ និង​ក្ដី​នឹករលឹក​ពី សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ឃុំ​កំពង់​ចក ក៏ដូចជា​នៅ​ទូទាំង​ស្រុក​រំដួល។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើក​ឡើង​ថា សមិទ្ធផល​ដែល​កើតឡើង​នៅ​ទី​វត្ត​លក្ខ​រាជា​នេះ គឺ​មិន​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ នេះ​ក៏​ព្រោះតែ​ស្ថានភាព នៃ​ប្រទេសជាតិ​របស់​យើង​ទទួល​ផល​ពី​ផ្លែផ្កា នៃ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

សម្ដេច បាន​បន្ត​ទៀត​ថា កត្តា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​នេះ​ហើយ ដែល​បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ឡើង​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ និង​មាន​លទ្ធភាព​កាន់តែ​ខ្ពស់​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សមិទ្ធផល​នានា​ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ និង​បាន​ធ្វើ​ឲ្យ​មាន​សុខុដុមនីយកម្ម​សាសនា ជាក់ស្ដែង​សមិទ្ធផល​ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ថ្ងៃ​នេះ​រួម​មាន ៖ ឧបដ្ឋានសាលា ខ្លោងទ្វារ ពុទ្ធ​ស្ថាន​ទាំង​បី​កន្លែង ស្រះ​ទឹក របង​វត្ត ធ្វើ​ផ្លូវ​បេតុង ចាក់​បេតុង​ក្នុង​ទីធ្លា​វត្ត កុដិ ២ ខ្នង ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់ ១.០៨៣.០០០ ដុល្លារ គឺជា​ការ​ចូលរួម​វិភាគទាន ដែល​ជា​សិល្បៈ នៃ​ការ​ចែករំលែក​របស់ លោកស្រី ម៉ៅ ណា​រ៉ា និង លោក ជូ វិ​ជិ​ត្ត រួម​ជាមួយ​នឹង​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​ក្នុង​ការ​កសាង​សមិទ្ធផល​នា​ថ្ងៃនេះ។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ទៅកាន់​ពិធី​នេះ​នូវ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១.រួមគ្នា​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព

២.ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

៣.ចូលរួម​ថែរក្សា​នូវ​សមិទ្ធផល​ដែល​បាន​កសាង​នៅ​ក្នុង​វត្ត​លក្ខ​រាជា​នេះ​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជាទី​សក្ការៈ​ដល់​ពុទ្ធសាសនិក​គ្រប់រូប ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​លើកស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

៤.សូម​បងប្អូន​ទាំងអស់​គ្នា អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​រួមសុខ រួម​ទុក្ខ ជាមួយ​ប្រជាជន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម